ក្រុមអ្នកស្រាវជ្រាវបានធ្វើការប្រៀបធៀបរវាងអ្នកដែលកំពុងជក់បារី និងអ្នកដែលមិនជក់បារី ហើយបានបន្តតាមដានស្ថានភាពរបស់អ្នកចូលរួមទាំងនោះនៅរយៈពេលពីរឆ្នាំក្រោយមក។ អាយុជាមធ្យមរបស់អ្នកចូលរួមក្នុងការសិក្សានេះគឺ ៦៧ ឆ្នាំ ដោយក្នុងនោះ ២២% គឺជាអ្នកជក់បារីនៅពេលចាប់ផ្តើមការស្រាវជ្រាវ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកដែលជក់បារីបានរាយការណ៍ថាពួកគេមានអារម្មណ៍ឯកោខ្លាំងជាងអ្នកដែលមិនជក់បារី ទោះបីជាក្រុមអ្នកស្រាវជ្រាវបានគិតគូរពីកត្តានានាដូចជា អាយុ ភេទ និងកម្រិតនៃភាពឯកោរបស់អ្នកចូលរួមនៅពេលចាប់ផ្តើមការសិក្សាក៏ដោយ។ លើសពីនេះ អ្នកជក់បារីក៏មានការកើនឡើងនៃអារម្មណ៍ឯកោខ្លាំងជាងមុនផងដែរក្នុងរយៈពេលពីរឆ្នាំនោះ។
យោងតាមលោកវេជ្ជបណ្ឌិត Keir Philip ដែលជាអ្នកស្រាវជ្រាវនាំមុខ និងជាគ្រូបង្រៀនផ្នែកវេជ្ជសាស្ត្រផ្លូវដង្ហើមនៅសាកលវិទ្យាល័យ Imperial College London បានឱ្យដឹងថា លទ្ធផលនៃការសិក្សានេះបានជំទាស់នឹងគំនិតដែលថាការជក់បារីគឺជាសកម្មភាពសង្គមមួយ។
លោកវេជ្ជបណ្ឌិតបាននិយាយថា «ការជក់បារីមិនមែនជាសកម្មភាពបែបសង្គមនោះទេ ហើយការស្រាវជ្រាវរបស់យើងបង្ហាញថា វាបណ្តាលឱ្យមានការឯកោពីសង្គម និងអារម្មណ៍ឯកាកាន់តែខ្លាំងឡើង» ។

លោក Philip បានមានប្រសាសន៍ថា៖ «យន្តការមួយទៀតដែលទំនងជាពាក់ព័ន្ធ គឺទាក់ទងនឹងបទដ្ឋានសង្គមជុំវិញការជក់បារីនៅចំពោះមុខអ្នកដទៃ។ ការហាមឃាត់ការជក់បារីនៅទីសាធារណៈ និងការកំណត់មិនឱ្យជក់បារីនៅក្នុងផ្ទះ (ទោះជាមិនមែនជាច្បាប់ផ្លូវការក៏ដោយ) អាចធ្វើឱ្យទីកន្លែងទាំងនោះមិនសូវទាក់ទាញសម្រាប់អ្នកជក់បារី ដែលអាចកម្រិតឱកាសនៃការប្រាស្រ័យទាក់ទងក្នុងសង្គម»។

លោក Philip ក៏បានលើកឡើងដែរថា ការរកឃើញទាំងនេះបង្ហាញថា ផលប៉ះពាល់នៃការជក់បារីអាចមានវិសាលភាពលើសពីហានិភ័យសុខភាពរាងកាយដែលគេដឹងជាទូទៅ។
លោកបាននិយាយថា៖ «ការជក់បារីមានទំនាក់ទំនងទៅនឹងការកើនឡើងនៃអារម្មណ៍ឯកោចំពោះមនុស្សវ័យចំណាស់ ដែលបង្ហាញថាការជក់បារីអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងសង្គម បន្ថែមពីលើផលប៉ះពាល់លើរាងកាយ។ ការរកឃើញទាំងនេះគាំទ្រ និងពង្រីកលទ្ធផលនៃការស្រាវជ្រាវពីមុនៗ ហើយបង្ហាញថាទំនាក់ទំនងនេះមានលក្ខណៈស្រដៀងគ្នាជាទូទៅនៅទូទាំងទ្វីបអឺរ៉ុប»។
ក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់ថា ការសិក្សានេះមិនអាចបញ្ជាក់តែឯកឯងបានទេថា ការជក់បារីគឺជាមូលហេតុផ្ទាល់ដែលនាំឱ្យមានអារម្មណ៍ឯកោ។ ទោះជាយ៉ាងណាក៏ដោយ ការរកឃើញទាំងនេះបានបន្ថែមទិន្នន័យទៅលើការស្រាវជ្រាវពីមុនៗ ដែលបង្ហាញពីទំនាក់ទំនងរវាងការជក់បារី ការដាច់ឆ្ងាយពីសង្គម និងអារម្មណ៍ឯកោ៕
ប្រភព៖ philstarlife





