កម្សាន្ត៖ តារាសម្តែង លោក Tom Cruise និង តារាសម្ដែងស្រី Ana de Armas ត្រូវបានគេ ប្រទះឃើញអង្គុយជាមួយគ្នា មើលសមុទ្រ យ៉ាងរីករាយ អំឡុងពេលវិស្សមកាលនៅលើកោះ Menorca ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងរូបថត ដែលបានចេញផ្សាយដោយ Hola! កាលពីថ្ងៃទី ១៧ ខែកក្កដា កន្លងទៅ បានបង្ហាញឲ្យឃើញថា តារាប្រុសស្រីមួយគូនេះ បានសម្រាកនៅលើទូក ខណៈពេលកំពុងជិះទូកជុំវិញដែនទឹកភាគខាងលិចនៃកោះ Balearic នៃឆ្នេរសមុទ្រនៃប្រទេសអេស្ប៉ាញ។ Tom Cruise ពាក់អាវពណ៌ខៀវខ្ចី ខោជើងខ្លី និងអាវការពារខ្លួនពីព្រះអាទិត្យ។ Ana de Armas បង្ហាញភាពសិចស៊ីក្នុងរ៉ូបពណ៌ស ពីលើការស្លៀកឈុតប៊ីគីនី និងបានពាក់មួកចំបើង ទុកសក់របស់នាងទម្លាក់ចុះតាមធម្មជាតិ និងពាក់គ្រឿងលម្អ តាមបែបឆ្នេរ។

តារាទាំងពីរ ត្រូវបានគេឃើញជជែកគ្នាយ៉ាងស្និទ្ធស្នាល។ នៅពេលមួយ Ana បានលើកជើងរបស់នាងឡើងលើកៅអីដែល Tom Cruise កំពុងសម្រាក។
យ៉ាងណាមិញ យោងតាមកាសែតនេះ រូបថតទាំងនោះ ត្រូវបានគេថតនៅថ្ងៃទី ៣០ ខែមិថុនា នៅជិតកោះ Menorca ដែលជាកន្លែងដែលមានភាពស្រស់ស្អាត និងសន្តិភាព ដែលត្រូវបានគេចាត់ទុកថា ជាគុជខ្យងតូចមួយនៃកោះ Balearic ។ ប្រភពបានបង្ហើបថា មានតែ Tom និង Ana នៅលើទូកជាមួយនឹងនាវិក ដោយគេជឿថា នេះជាវិស្សមកាលឯកជនរបស់គូស្នេហ៍។

គួររំឮកផងដែរថា តារាសម្ដែង លោក Tom Cruise មានពាក្យចចាមអារ៉ាមថា កំពុងទាក់ទងជាមួយ Ana de Armas អស់រយៈពេលជាច្រើនខែមកហើយ ខណៈដែលពួកគេ តែងតែបង្ហាញមុខជាមួយគ្នាជាញឹកញាប់ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖





