កម្សាន្ត៖ តារាសម្ដែងប្រុស លោក Chris Evans ដែលត្រូវបានគេស្គាល់ថា ជាតារាសម្ដែងរឿង «Captain America» បានបង្ហាញឱ្យដឹងថា រូបលោកបានហាត់សម មួយសប្តាហ៍មុនពេលស្នើសុំ ភរិយា របស់ខ្លួន ឈ្មោះ Alba Baptista រៀបការ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅនេះ តារាសម្តែងប្រុសរូបនេះ បានចែករំលែកអំពីសំណើពិសេសរបស់ខ្លួន ទៅកាន់ កាសែត The Knot នៅពេលចូលរួមក្នុងពិធីផ្សព្វផ្សាយសម្រាប់ខ្សែភាពយន្តថ្មីរបស់ខ្លួន គឺ «Materialists» ។ Chris Evans បាននិយាយថា រូបលោកបានហាត់និយាយថា «តើអ្នករៀបការជាមួយខ្ញុំទេ?» ជាភាសាព័រទុយហ្គាល់ មួយសប្តាហ៍មុនពេលស្នើសុំ។ រូបលោកក៏និយាយលេងសើចដែរថា ខ្លួនស្ទើរតែនិយាយខុស ពេលកំពុងរៀបចំអាហារពេលព្រឹក ព្រោះឃ្លានេះបានបន្តចូលក្នុងក្បាលរបស់លោក។

តួឯករឿង «Captain America» បានសារភាពថា ខ្លួនពិតជាភ័យ និងមានអារម្មណ៍ថា ប្រហែលជានិយាយខុស ប៉ុន្តែលោកនៅតែមានទំនុកចិត្តថា លោកធ្វើបានល្អ នៅពេលដែលបានស្នើរសុំ ភរិយារបស់ខ្លួនរៀបការ។ យ៉ាងណាមិញ Chris Evans មិនបានបង្ហាញថា ពេលណាដែលលោកសុំភរិយា រៀបការនោះទេ។

គូស្វាមីភរិយាមួយគូនេះ ត្រូវបានគេរាយការណ៍ថា បានណាត់ជួបគ្នាជាលក្ខណៈឯកជនមួយរយៈ មុនពេលចេញជាសាធារណៈនៅឆ្នាំ ២០២២។ អ្នកទាំងពីរ បានរៀបការនៅផ្ទះរបស់ពួកគេក្នុងរដ្ឋ Massachusetts ក្នុងខែកញ្ញា ឆ្នាំ ២០២៣។ យោងតាម Page Six បានរាយការណ៍ថា ពិធីរៀបអាពាហ៍ពិពាហ៍ គឺជារឿងឯកជនយ៉ាងតឹងរ៉ឹង ដោយភ្ញៀវតម្រូវឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងរក្សាការសម្ងាត់ និងមិនប្រើទូរស័ព្ទរបស់ពួកគេផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






