កីឡា៖ កាលពីយប់ឈានចូលថ្ងៃទី៦ខែមិថុនាកន្លងទៅនេះ ក្រុមជម្រើសជាតិអេស្ប៉ាញ បានប្រកួតជាមួយក្រុមជម្រើសជាតិបារាំង នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Nations League ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះ ក្រោយបញ្ចប់់លទ្ធផលប្រកួតរួចមក អេស្ប៉ាញ បានយកឈ្នះបារាំង ៥ ទល់នឹង៤ ដោយខ្សែប្រយុទ្ធ Lamine Yamal នៅតែជាតារាដ៏លេចធ្លោ ដោយបន្តស៊ុត២គ្រាប់រួមចំណែកជួយអេស្ប៉ាញ ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Nations League ។


អេស្ប៉ាញជាអ្នកបើកឆាករកបាន១គ្រាប់ដោយ Nico Williams នៅនាទីទី២២ ស្រាប់តែ៣នាទីក្រោយមក Mikel Merino រកបាន១គ្រាប់ទៀត បន្តដោយ Lamine Yamal ស៊ុតបាល់ពិន័យ១១ម៉ែត្រ ចូល១គ្រាប់នៅនាទីទី៥៤។

Pedri ដាក់១គ្រាប់ថែមជួយឲ្យអេស្ប៉ាញនាំមុខបារាំង ៤ ទល់នឹង០ នៅនាទីទី៥៥ ប៉ុន្តែ Kylian Mbappe របស់បារាំង ស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៥៩ មុននឹង Lamine Yamal របស់អេស្ប៉ាញ ដាក់ថែម១គ្រាប់ទៀតនៅនាទី៦៧ ឲ្យអេស្ប៉ាញនាំមុខ បារាំង ៥ ទល់នឹង១។

យ៉ាងណាមិញ បារាំងអាចស្រោចស្រង់គ្រាប់បាល់របស់ខ្លួនវិញបានខ្លះ គឺ Rayan Cherki រកបាន១គ្រាប់នៅនាទីទី៧៩ ហើយជាអកុសល Dani Vivian របស់អេស្ប៉ាញ បានស៊ុតចូលទីខ្លួនឯងនៅនាទីទី៨៤ ហើយ១គ្រាប់ចុងក្រោយរបស់បារាំង រកបានដោយ Kolo Muani នៅនាទីទី៩០+៣ សរុបលទ្ធផលប្រកួត អេស្ប៉ាញបានយកឈ្នះ បារាំង ក្នុងលទ្ធផល ៥ ទល់នឹង៤ ។


គួរបញ្ជាក់ផងដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Nations League រវាង ព័រទុយកាល់ និង អេស្ប៉ាញ នឹងធ្វើឡើងនាថ្ងៃទី៩ខែមិថុនាវេលាម៉ោង២ រំលងអាធ្រាត្រ៕


