ភ្នំពេញ៖ អនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ ដែលស្ថិតក្នុងចំណោមធនាគារពាណិជ្ជខ្នាតមធ្យមនៅកម្ពុជា និងសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា (TVIS) ត្រូវបានធ្វើការចុះហត្ថលេខានាព្រឹកនេះនៅសាខា BM2 របស់ទ្រូ វីហ្សិនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរផងដែរ។ កម្មវិធីថ្ងៃនេះ គឺជាឆ្នាំទីបីហើយ ដែលស្ថាប័នទាំងពីរសហការគ្នាលើការផ្តល់អាហារូបករណ៍ដល់សិស្សពូកែរបស់ ទ្រូ វីហ្សិនកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាចំណែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ក្នុងការលើកស្ទួយទៅលើវិស័យធនធានមនុស្សជំនាន់ក្រោយនៅកម្ពុជា ធនាគារ ហ្វីលីព នឹងផ្តល់អាហារូបករណ៍ ១០០% ទៅកាន់សិស្សពូកែចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២ នៃសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា។ គោលបំណងនៃការប្រគល់អាហារូបករណ៍នេះ គឺសម្រាប់សម្រួលដល់ការចំណាយលើថ្លៃសិក្សាប្រចាំឆ្នាំរបស់សិស្សានុសិស្ស។ អាហារូបករណ៍នេះ ត្រូវបានគេរំពឹងទុកថានឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់មាតាបិតាសិស្ស ក៏ដូចជាសិស្សានុសិស្សផ្ទាល់តែម្តង ជាពិសេសក្នុងការបំផុសគំនិតឲ្យពួកគេខិតខំសិក្សាបន្ថែមទៀត។
លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព បានមានប្រសាសន៍ថា៖
“ដើម្បីស្របទៅតាមចក្ខុវិស័យរបស់ធនាគារ ‘ផ្តល់ភាពពេញចិត្តដល់អតិថិជន កសាងធនធានមនុស្ស និងចូលរួមចំណែកកសាងសហគមន៍’ ធនាគារ ហ្វីលីព ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានក្លាយជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គមមួយនេះ ដែលយើងកំពុងផ្តល់ត្រឡប់ទៅដល់សហគមន៍វិញ។ ខ្ញុំជឿជាក់ថា អាហារូបករណ៍នេះនឹងក្លាយជាការលើកទឹកចិត្ត និងកម្លាំងចិត្តដ៏ធំធេងសម្រាប់សិស្សានុសិស្សក្នុងការអភិវឌ្ឍន៍ខ្លួនឯងឲ្យអស់ពីសមត្ថភាព និងក្លាយជាទំពាំងស្នងឬស្សីដ៏មានទេពកោសល្យរបស់សង្គម។”

លោកបណ្ឌិត សេង បូណា អគ្គនាយក ទ្រូ វីហ្សិនកម្ពុជា បានមានប្រសាសន៍ថា៖
“យើងសូមអរគុណយ៉ាងជ្រៀលជ្រៅចំពោះទឹកចិត្តសប្បុរសពីធនាគារ ហ្វីលីព ដែលមានចំពោះសិស្សានុសិស្សរបស់យើង។ អាហារូបករណ៍នេះនឹងក្លាយជាការលើកទឹកចិត្តឲ្យសិស្សរបស់យើងបន្តការខិតខំរៀនសូត្របន្ថែមទៀតនៅក្នុងឆ្នាំសិក្សារបស់ពួកគេ។”
លោក បូណា ក៏បានបន្ថែមថា៖
“ធនាគារ ហ្វីលីព តែងតែជាដៃគូហិរញ្ញវត្ថុដ៏គួរឲ្យទុកចិត្តរបស់យើងនៅក្នុងសេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធ KHQR។ ជាមួយនឹង KHQR ធនាគារ ហ្វីលីព ឪពុកម្តាយ និងសិស្សានុសិស្សអាចបង់ថ្លៃសិក្សារបស់ពួកគេតាមរយៈធនាគារចល័ត Phillip Mobile ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព ដោយមិនចាំបាច់អញ្ជើញមកកាន់សាលាផ្ទាល់ ឬរង់ចាំរយៈពេលយូរឡើយ។”





អំពីធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព បានផ្តល់ជូនសេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូច និង មធ្យម និងបុគ្គល។ ធនាគារ ហ្វីលីព ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៥។ ធនាគារ ហ្វីលីព ភីអិលស៊ី គឺជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ និងជាធនាគារពាណិជ្ជខ្នាតមធ្យមមួយនៅក្នុងប្រទេសកម្ពុជា ដែលមានច្រើនជាង ៧០សាខា ទូទាំងប្រទេស។
អំពីសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា (TVIS)
សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយលោកបណ្ឌិត សេង បូណា ដែលសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជាមានបេសកកម្មច្បាស់លាស់ មានការប្តេជ្ញាចិត្តច្បាស់លាស់ និងរឹងមាំក្នុងការកសាងសិស្សដែលមានអោយមាន លក្ខណៈជាគំរូ និងភាពជាអ្នកដឹកនាំ។ សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា ជឿជាក់យ៉ាងមុតមាំ និងដំណើរឆ្ពោះទៅមុខរបស់សិស្សានុសិស្ស បន្ទាប់ពីសិស្សបានបញ្ចប់ការសិក្សា ដោយបទពិសោធន៍ជីវិតរបស់ពួកគេនឹងត្រូវបានផ្លាស់ប្តូរតាមរយះការអប់រំនៅទ្រូវីហ្សិន។
កម្មវិធីសិក្សាត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ពីបណ្តាប្រទេសទំនើបៗដូចជា សិង្ហបុរី សហរដ្ឋអាមេរិក នូវែលហ្សេឡង់ អូស្ត្រាលី និងអង់គ្លេស ដើម្បីផ្តល់ការអប់រំមួយអោយសិស្សមានជំនាញគណិតវិទ្យា និងអក្ខរកម្ម។
ជាមួយនឹងសាខាចំនួន 9 ក្នុងឆ្នាំ2023 សាលារៀន អន្តរជាតិ ទ្រូវីហ្សិនកម្ពុជាផ្តល់ការអប់រំចាប់ពីកម្រិតមត្តេយ្យដល់កម្រិតវិទ្យាល័យ។ លើសពីនេះ សាលារៀន អន្តរជាតិ ទ្រូវីហ្សិនកម្ពុជាបានពង្រីកភាពជាដៃគូជា សកលដែលរួមមាន នូវែលហ្សេឡង់ សិង្ហបុរី អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលសិស្សបានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាជាមួយសាលារៀនជាមួយបណ្តាសាលាជាដៃគូនៅឯបរទេស។ សិស្សទ្រូវីហ្សិនមានសិទ្ធិចូលប្រឡងតេស្តសមត្ថភាពអង់គ្លេស IELTS និង Cambridge ដើម្បីបន្តការសិក្សានៅក្រៅបរទេស។ តាមរយៈភាពជាដៃគូ សិស្សអាចសិក្សារយះពេលខ្លីនៅសាលាដៃគូរ និង ក្រៅប្រទេស ហើយសិស្សអាចផ្ទេរការសិក្សាតាមរយះប្រព័ន្ទផ្ទេរការសិក្សាអន្តរជាតិ(ICT) បន្ទាប់ពីពួកគេបានបញ្ចប់វគ្គសិក្សា។