ភ្នំពេញ៖ ក្រុមហ៊ុន ជីហ្គៀ គ្រុប បាននាំយកម៉ាស៊ីនត្រជាក់ស៊េរីថ្មី ឆ្នាំ២០២៣ ដែលបំពាក់ដោយបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយ ចំនួន៥ម៉ូដែល ដែលបានរចនាឡើងឆ្លើយតបតាមតម្រូវការប្រើប្រាស់របស់អតិថិជន ជាពិសេសសម្របតាមបរិយាកាសពីមួយរដូវទៅមួយរដូវ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងពិធីតាំងបង្ហាញម៉ាស៊ីនត្រជាក់ LG ស៊េរី ២០២៣ នារាត្រីថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៣ ដែលមានការចូលរួមពីដៃគូអាជីវកម្មប្រមាណជាង ១០០នាក់ នៅសណ្ឋាគារភ្នំពេញ។

លោក ហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប បានថ្លែងថា តាមរយៈការវិវត្តឥតឈប់ឈរនៃបច្ចេកវិទ្យា បានជំរុញ LG ធ្វើបច្ចុប្បន្នភាពនូវផលិតផលរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យកាន់តែទំនើប និងប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយ ដែលធ្វើឱ្យម៉ាស៊ីនត្រជាក់សេរ៊ីថ្មី ឆ្នាំ២០២៣ កាន់តែទាន់សម័យ ឆ្លើយតបតាមតម្រូវការប្រើប្រាស់របស់អតិថិជន ជាពិសេសគឺការសន្សំសំចៃភ្លើងបានកាន់តែខ្លាំងជាងមុនរហូតដល់៧០% ដែលធ្វើអ្នកប្រើប្រាស់មិនចំណាយថវិកាច្រើនទៅលើការប្រើប្រាស់ប្រចាំ។

អ្វីដែលពិសេសជាងនេះទៅទៀត ក្នុងពេលដំណើរការម៉ាស៊ីនត្រជាក់នេះ មានសំលេងកាន់តែស្ងាត់ជាងមុន និងឆាប់ត្រជាក់ជាងមុន ហើយម៉ូដែលខ្លះមានបំពាក់ប្រព័ន្ធបន្សុទ្ធខ្យល់ស្រាប់ ដែលធ្វើឱ្យខ្យល់បរិសុទ្ធស្រស់ថ្លា និងមានប្រព័ន្ធបញ្ចេញសារធាតុអ៊ីយ៉ុងទៅបរិយាកាសដែលមានសមត្ថភាពស្រូបយកខ្យល់លម្អងធូលីពីបរិយាកាសដែលជួយដល់ការសម្លាប់មេរោគនៅក្នុងបន្ទប់។
លោកបន្តថា ម៉ាស៊ីនត្រជាក់ LG ស៊េរី ២០២៣ចំនួន ៥ម៉ូដែល ទើបនាំចូលទីផ្សារកម្ពុជានេះ ប្រភេទទី១ ជាប្រភេទដែលទំនើប និងទាន់សម័យជាងគេ ព្រមទាំងមានបំពាក់ប្រព័ន្ធបន្សុទ្ធខ្យល់ស្រាប់ដែលធ្វើឱ្យខ្យល់បរិសុទ្ធស្រស់ថ្លា,ប្រភេទ២ គឺស៊េរី UV nano (IP) មានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា UV Nano ដែលមានសមត្ថភាពខ្ពស់ក្នុងការសម្លាប់មេរោគគ្រប់ប្រភេទបានទាំងអស់។ ចំណែកប្រភេទ៣ ស៊េរី Skin Care សំលាប់មេរោគ (2PA) ជាភេទម៉ាស៊ីនត្រជាក់ដែលជួយដល់ការថែរក្សាស្បែក និងសម្លាប់មេរោគ ដែលស័ក្តិសមក្នុងការប្រើប្រាស់នៅក្នុងបន្ទប់គេង។ រីឯប្រភេទទី៤ ស៊េរី Dual Cool (A31 & 5AH) ជាប្រភេទស្តង់ដារ ដែលមានតម្លៃសមរម្យ និងមានបច្ចេកវិទ្យាសន្សំសំចៃភ្លើង ព្រមទាំងមានសំលេងស្ងាត់ និងប្រភេទទី៥ ស៊េរី non-inverter ថ្មី ងាយស្រួលប្រើប្រាស់ ត្រជាក់លឿន ដែលកំពុងពេញនិយមនៅប្រទេសកម្ពុជា។

លោករំពឹងថា នៅក្នុងឆ្នាំ២០២៣នេះ ការប្រកួតប្រជែងទីផ្សារអេឡិចត្រូនិកនៅកម្ពុជា នឹងកាន់តែស្មើភាពគ្នា ដោយសាររដ្ឋាភិបាលកំពុងពង្រឹង និងចាត់វិធានការលើការនាំចូលគ្រឿងអេឡិចត្រូនិកដោយមិនបង់ពន្ធ ខណៈឆ្នាំ២០២២ ការនាំចូលផលិតផលគេចពន្ធតាមច្រករបៀងរបស់ដៃគូប្រកួតប្រជែងមួយក្តាប់តូចបានបង្កប៉ះពាល់ដល់ក្រុមហ៊ុនដែលបានបង់ពន្ធពេញលេញបាត់បង់ប្រាក់ចំណូល និងប៉ះពាល់ដល់ការងារយុវជន។
លោកលើកឡើងបន្ថែមថា៖
«ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសំណូមពរដល់បងប្អូនដៃគូអាជីវកម្មទាំងអស់ចូលរួមជាមួយយើង ក៏ដូចជារដ្ឋាភិបាលលុបបំបាត់ការនាំចូលផលិតផលដែលមិនស្របច្បាប់ គេចវេះក្នុងការបង់ពន្ធ យកមកចែកចាយនៅក្នុងទីផ្សារដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃផលិតផលនៅលើទីផ្សារ និងបានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលជាតិទាំងមូល ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍ធនធានយុវជន និងសេដ្ឋកិច្ចជាតិថែមទៀតផង។»

លោកបន្តថា ដើម្បីធានានូវស្ថិរភាព និងនិរន្តរភាពប្រាក់ចំណូល និងធ្វើឱ្យមានតម្លាភាពនៅលើទីផ្សារអេឡិចត្រូនិចត្រូវចាប់ផ្តើមពីខ្លួនយើង ត្រូវចែកចាយតែផលិតផលណាដែលមានគុណភាព មានការនាំចូលដោយបង់ពន្ធត្រឹមត្រូវ ជាផលិតផលរបស់ក្រុមហ៊ុនដែលមានការទទួលស្គាល់អនុលោមពីក្រសួងពាក់ព័ន្ធ ទើបអាចទប់ស្កាត់ផលប៉ះពាល់ផ្សេងៗទៀតដែលអាចកើតមាននៅក្នុងស្ថានភាពណាមួយនាពេលបច្ចុប្បន្ន និងអនាគត៕





