ទាំងនេះជា​ប្រភេទអាហារមាន​ជាតិស្ករទាប!

//s9.kh1.co/ad/ad227db59565b283b522390cc3dd20d2620b36c9.jpg
យល់ដឹង

 ១១-សីហា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ការញ៉ាំអាហារដែលមានកម្រិតជាតិស្ករខ្ពស់ អាចឲ្យសុខភាពយើងងាយប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការលើស​ជាតិស្ករ ជំងឺធាត់ ជំងឺទឹកនោមផ្អែមប្រភេទ២។

ហេតុអ្វីយើងត្រូវស្គាល់ និងដឹងច្បាស់ពីប្រភេទរបបអាហារដែលមានកម្រិតជាតិស្ករទាប? នេះក៏ព្រោះតែ យើងមានភាពងាយស្រួលក្នុងការគ្រប់គ្រងរបបអាហារប្រចាំថ្ងៃបានល្អ ពិសេសសម្រាប់អ្នកដែលមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ហើយមានបញ្ហាធាត់ ដែលងាយវិវត្ដទៅរកជំងឺទឹកនោមផ្អែមប្រភេទ២។ ម្យ៉ាងវិញទៀត ក៏ជាវិធីសាស្ដ្រមួយសម្រាប់អ្នកចង់សម្រកគីឡូផង​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការញ៉ាំអាហារដែលមានកម្រិតជាតិស្ករខ្ពស់ អាចឲ្យសុខភាពយើងងាយប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការលើស​ជាតិស្ករ ជំងឺធាត់ ជំងឺទឹកនោមផ្អែមប្រភេទ២ ឬជំងឺលើសឈាម ដែលករណីទាំងនេះអាចកើតឡើងបាន ពេលរាងកាយយើងមិនសូវមានសកម្មភាព។ ការរក្សាតុល្យភាពអាហារបានល្អ មានន័យថា យើងអាចរក្សា កម្រិតជាតិស្ករក្នុងឈាមរបស់យើងបានល្អផងដែរ។

១. បន្លែ

បន្លែភាគច្រើនមានកម្រិតជាតិស្ករទាប ហើយមានកម្រិតជាតិទឹក ជាតិសរសៃ វីតាមីន និងប្រូតេអ៊ីនខ្ពស់ ដែលជាចំណុចល្អសម្រាប់សុខភាព។ បន្លែសំខាន់ៗទាំងនោះមានដូចជា ពពួកសាឡាដ ស្ពៃបៃតង ស្ពៃក្ដោប ប៉េងបោះ ត្រសក់ ននោង ត្រឡាច ឃ្លោក ល្ពៅ ខាត់ណាស ខាត់ណាខៀវ ការ៉ុត និង ពពួកផ្សិតជាដើម។ រាល់អាហារគ្រប់ពេល គួរតែមានបន្លែឲ្យបានយ៉ាងហោច ៦០% ដើម្បីជំនួយដល់សុខភាព។

២.ផ្លែឈើ

ការញ៉ាំផ្លែឈើច្រើនក៏ធ្វើឲ្យសុខភាពរាងកាយយើងល្អប្រសើរបានដែរ ពិសេសផ្លែឈើស្រស់ដែល មិនស្ថិតក្នុងការកែច្នៃដូចជាផ្លែឈើកំប៉ុង ទឹកផ្លែឈើ ផ្លែឈើក្រៀម ជាដើម។ ផ្លែឈើដែលបានឆ្លងកាត់ការកែច្នៃទាំងនេះ មិនអាចរាប់បញ្ចូលបានទេ ព្រោះវាត្រូវបានបន្ថែមសមាសធាតុផ្សំផ្សេងៗ ដើម្បីបង្កើនរស់ជាតិ និងរយៈពេលរក្សាទុក។ ប្រភេទផ្លែឈើស្រស់ដែលមានកម្រិតជាតិស្ករទាបមានដូចជា ផ្លែប៊ឺ ទំពាំងបាយជូរ ស្ដ្រប៊ឺរី ក្រូច និង​ត្រសក់ស្រូវ។

៣.ពពួកប្រូតេអ៊ីន

ពពួកអាហារប្រូតេអ៊ីនមួយចំនួនក៏បានចាត់ចូលក្នុងក្រុមអាហារ ដែលមានកម្រិតជាតិស្ករទាប ពោលរបបអាហារដែលគ្មានជាតិខ្លាញ់អាក្រក់ ដូចជា សាច់ត្រី សាច់គ្មានខ្លាញ់ អង្កសម្រូប ស្រូវសាលី ទឹកដោះគោស្រស់ និង​គ្រាប់ធញ្ញជាតិ។ យើងអាចញ៉ាំបានជាប្រចាំដោយមិនព្រួយបារម្ភ នៃការឡើងជាតិស្ករក្នុងឈាមនោះទេ។

៤.ពពួកខ្លាញ់សុខភាព

ខ្លាញ់បែងចែកជាពីរប្រភេទ គឺខ្លាញ់ល្អ(HDL) និង ខ្លាញ់អាក្រក់(LDL)។ ខ្លាញ់ល្អយើងអាចញ៉ាំបាន ធម្មតាមិនបង្កផលប៉ះពាល់ដល់សុខភាពនោះទេ ហើយក៏មិនអាចបង្កឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងនោះដែរ។ យើងអាចស្វែងរកខ្លាញ់ប្រភេទនេះក្នុងអាហារដូចជា គ្រាប់ធញ្ញជាតិ ប្រេងអូលីវ ប្រេងផ្កាឈូករ័ត្ន ប្រេងបន្លែ ត្រីសាម៉ុន និង​ធូណា ជាដើម។

៥.ពពួក តែ

មិនថា តែធម្មតា ឬតែបៃតង គឺគ្មានកម្រិតជាតិស្ករប៉ះពាល់ដល់សុខភាពនោះទេ។ យើងអាចផឹកជាប្រចាំថ្ងៃបានដោយមិនចាំបាច់ភ័យព្រួយនឹងការកើនឡើងកម្រិតជាតិស្ករក្នុងឈាម។ ម្យ៉ាងវិញទៀត តែក៏មានចំណុចពិសេសគឺ ជួយរំលាយជាតិខ្លាញ់ក្នុងសរសៃឈាម និងបេះដូងបានផងដែរ។

ជារួមការញ៉ាំអាហារដែលមានកម្រិតជាតិស្ករខ្ពស់ មិនមែនសុទ្ធតែមិនល្អសម្រាប់សុខភាពនោះទេ ព្រោះថារាងកាយរបស់យើង ក៏ត្រូវការជាតិស្ករចាំបាច់ ដើម្បីផលិតថាមពល ពិសេសសម្រាប់អ្នកមានអា​ការៈស្គម ស្លេកស្លាំង ខ្វះជាតិស្ករ តែម្ដង។ ប៉ុន្ដែសម្រាប់អ្នកមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែមប្រភេទ២ អ្នកធាត់លើសទំងន់ គួរតែ​ជៀស​វាង និង កាត់បន្ថយអាហារដែលមានជាតិស្ករខ្ពស់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T