បរទេស៖ ខ្សែប្រយុទ្ធ Son Heung-min ថាខ្លួនតូចចិត្ត ដែលអ្នកចាត់ការក្រុម Tottenham Spurs លោក Antonio Conte ផ្លាស់ប្តូរគេចេញ កំឡុងការប្រកួតទល់ក្រុម Arsenal កាលពីយប់មិញ។
ជាការពិតណាស់ កាលពីយប់មិញនេះ Spurs បានបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមកាំភ្លើងធំ Arsenal ហើយបានយកឈ្នះក្នុងលទ្ធផល ៣-០ រកគ្រាប់បាល់បានដោយ Kane ពីរគ្រាប់ម្នាក់ឯង និង Son មួយគ្រាប់។ យ៉ាងណាមិញ Son ត្រូវបានគេឃើញថា ហាក់ដូចជាស្រពន់ចិត្ត ពេលគ្រូប្តូរចេញនៅនាទី ទី៧២ ព្រោះការប្តូរចេញនេះ បានធ្វើឲ្យគេអាកខានឱកាសរកគ្រាប់បាល់ តាម Salah ដែលជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ ក្នុងក្របខណ្ឌ PL ពោលគឺ Salah មាន ២២គ្រាប់ក្នុងដៃ ហើយ Son មាន ២១គ្រាប់ ខុសគ្នាមួយគ្រាប់ ក្នុងការជែងយកស្បែកជើងមាស។
Son បាននិយាយថា៖
ខ្ញុំចង់លេងបន្ត តែនេះជាការសម្រេចចិត្តរបស់អ្នកចាត់ការក្រុម ដូច្នេះហើយខ្ញុំត្រូវតែទទួលយកវា។ ខ្ញុំមិនបានខឹងគាត់ទេ ខ្ញុំគ្រាន់តែតូចចិត្ត ហើយគាត់ថា ពួកយើងមានប្រកួតសំខាន់ទៀតនៅថ្ងៃអាទិត្យនេះ អ៊ីចឹងហើយវាគ្មានអ្វីធំដុំទេ៕
ប្រភព៖ dailymail