អាហារដែលមានកម្រិតអ៊ីស្តាមីន អ្នកឧស្សាហ៍ប្រតិកម្មគួរដឹង!

//s9.kh1.co/f8/f80ef64dc5fa646f018a369c73a0fab6b7b0141b.jpg
យល់ដឹង

 ២៦-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

តើអាហារណាខ្លះដែល​មាន​​កម្រិត​អ៊ីស្តាមីនទាប ហើយអាហារណា​ខ្លះ​មាន​អ៊ីស្តាមីនខ្ពស់គួរចៀសវាង?

ប្រតិកម្មនឹងសារធាតុអ៊ីស្តាមីន ពី​អាហារ​ដែលយើងញ៉ាំចូល​​ក្នុងខ្លួន​មានរោគសញ្ញា​ស្រដៀងនឹង​អាលែកហ្ស៊ី​ដែរ ដោយសារ​រាងកាយ​យើងមានបញ្ហាក្នុងការបំបែកសារធាតុនោះ ឬដោយសារ​ក្នុងរាងកាយយើង​មាន​ផ្ទុកអ៊ីស្តាមីនច្រើនលើសកម្រិត។ តើអាហារណាខ្លះដែល​មាន​​កម្រិត​អ៊ីស្តាមីនទាប ហើយអាហារណា​ខ្លះ​មាន​អ៊ីស្តាមីនខ្ពស់គួរចៀសវាង?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចុះអ្វីជា​អ៊ីស្តាមីន? ​គឺជាសារធាតុដែលបញ្ចេញដោយកោសិកាឈាមសដើម្បីឆ្លើយតបនឹងការរងប៉ះពាល់ពីអាលែកហ្ស៊ី ឬពីប្រតិកម្មបញ្ចេញពីការរលាក ដែលអាចបង្កគ្រោះថ្នាក់ដូចជា វីរុស បាក់តេរី សារធាតុ​បង្កប្រតិកម្ម ឬសារធាតុគីមីជាដើម កោសិកាឈាមសឈ្មោះម៉ាស (mast) នៅ​ក្នុងរាងកាយយើងនឹងបញ្ចេញសារធាតុអ៊ីស្តាមីនដើម្បី​កម្ចាត់ ឬទប់ស្កាត់​សារធាតុ​ទាំង​នោះ។

រាងកាយយើងក៏ទទួលបានអ៊ីស្តាមីនពីអាហារដែលយើងញ៉ាំដែរ។ អាហារមួយ​ចំនួន​មាន​ផ្ទុក​អ៊ីស្តាមីន អាហារមួយចំនួនជួយជំរុញការបញ្ចេញអ៊ីស្តាមីន និងអាហារមួយ​ចំនួន​ទៀតផ្ទុកអ៊ីស្តាមីនផង ជំរុញការបញ្ចេញអ៊ីស្តាមីនផង។ ឧទាហរណ៍​៖ គ្រឿង​ស្រវឹង​មិនត្រឹមតែ​ផ្ទុកទាំង​អ៊ីស្តាមីនទេ ថែម​ទាំងជំរុញ​ឱ្យ​រាងកាយ​យើង​បញ្ចេញ​អ៊ីស្តាមីន​ទៀតផង។

នៅពេលយើងប្រតិកម្មនឹងជាតិអ៊ីស្តាមីន យើងនឹងមានអាការៈដូចជា៖ កណ្តាស់ រមាស់ ឈឺសន្លាក់ ចង្អោរ រាក សម្ពាធឈាមចុះទាប ឈឺពោះ ឈឺក្បាល ឬឡើង​កន្ទួល​ក្រហម។

១. អាហារដែលមានអ៊ីស្តាមីនទាបមានដូចជា៖

  • ផ្លែឈើសឹងតែទាំងអស់លើកលែងតែ ម្នាស់ ស្ត្របឺរី ល្ហុង ផ្លែឈើអម្បូរក្រូច (ក្រូចឆ្មា ក្រូច ក្រូចថ្លុង)​ ចេក
  • បន្លែសឹងតែទាំងអស់លើកលែងតែ ប៉េងប៉ោះ ត្រប់វែង ស្ពៃពួយឡេង
  • គ្រាប់ធញ្ញជាតិដែលគ្មានជាតិហ្គូទីន (Gluten)៖ ពោត អង្ករ គ្រាប់​ឈៀ
  • ប្រេង​អូ​លីវ
  • ប្រូតេអ៊ីនពីសត្វស្រស់៖ សាច់មាន់ សាច់គោ សាច់ចៀម ពពែ
  • ផលិតផលដូង៖ ខ្ទិះដូង សាច់ដូង និងប័រដូង

២. អាហារដែលអាចជួយជំរុញការបញ្ចេញអ៊ីស្តាមីនរួមមាន៖

  • សារធាតុបន្ថែមរសជាតិ
  • គ្រឿងស្រវឹង៖ ស្រាបៀ ស្រាក្រហម ស្រាសាំប៉ាញ
  • សូកូឡា/កាកាវ
  • ស៊ុតពណ៌ស
  • សាច់៖ សាច់ជ្រូក ត្រីធូណា ត្រីសាឌីន
  • សណ្តែក៖ សណ្តែកបាយ សណ្តែកក្រហម
  • គ្រាប់ផ្លែឈើ៖ គ្រាប់វ៉ុលណាត់ គ្រាប់អាល់ម៉ុនជាដើម សណ្តែកដី
  • ផ្លែឈើ៖ ម្នាស់ ស្ត្របឺរី ល្ហុង ផ្លែឈើអម្បូរក្រូច (ក្រូចឆ្មា ក្រូច ក្រូចថ្លុង)​ ចេក
  • ពពួលខ្យង ខ្ចៅ លៀស គ្រំ
  • បន្លែ៖ ស្ពៃពួយឡេង ប៉េងប៉ោះ ត្រប់វែង

៣. អាហារដែលជាទូទៅមានផ្ទុកអ៊ីស្តាមីនខ្ពស់រួមមាន៖

  • គ្រឿងស្រវឹង៖ ស្រាបៀ ស្រាក្រហម ស្រាសាំប៉ាញ
  • ផ្លែឈើ៖ ចេក គីវី ល្ហុង ស្ត្របឺរី ផ្លែឈើអម្បូរក្រូច
  • ផ្លែឈើក្រៀម ឬដំណាប់ផ្លែឈើ
  • សាច់ផ្អាប់៖ សាច់ក្រក ហត់ដក សាច់ ឬត្រីកំប៉ុង
  • ផលិតផលទឹកដោះគោដែលឆ្លងកាត់ការផ្អាប់៖ ទឹកដោះគោជូរ ក្រែមជូរ ឈឺស
  • បន្លែផ្អាប់៖ ជ្រក់ គីមឈី
  • ត្រី និងគ្រឿងសមុទ្រ ជាពិសេសប្រសិនបើឆ្អើរ ប្រឡាក់ ឬដាក់កំប៉ុង
  • គ្រឿងទេស៖ ទឹកប៉េងប៉ោះ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកខ្មេះ
  • បន្លែ៖ ប៉េងប៉ោះ ត្រប់វែង ស្ពៃពួយឡេង
  • តែ៖ តែខ្មៅ តែបៃតង តែ
  • មេ៖ មេដំបែ មេនំ

បើយើងប្រតិកម្មនឹងអ៊ីស្តាមីន យើងគួរចៀសវាងអាហារដែលផ្ទុកអ៊ីស្តាមីន​ខ្ពស់ ឬអាហារដែលជំរុញការបញ្ចេញអ៊ីស្តាមីន។ តាមការសិក្សាបានឱ្យដឹងថា អាហារ​ដែល​ឆ្លងកាត់​ការចៀន បំពង ឬអាំងអាចកើនជាតិអ៊ីស្តាមីន ដូច្នេះយើងគួរញុំាអាហារស្ងោរ ឬចំហុយជំនួសវិញ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T