អង់គ្លេស៖ បុរសម្នាក់អាយុ៥២ឆ្នាំ មកពី Devon ភាគនារតីនៃប្រទេសអង់គ្លេស បានរកឃើញកាក់ដ៏កម្របំផុតមួយ នៅលើដីស្រែ ដែលមានតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់។
ជាក់ស្ដែង លោក Michael Leigh-Mallory បានរកឃើញកាក់តាំងពីខែកញ្ញា ឆ្នាំ២០២១ម៉្លេះ ខណៈពេលដែលគាត់រាវរកលោហៈជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីត្រូវបានបំផុសគំនិតឲ្យជ្រើសរើសចំណង់ចំណូលចិត្តដោយកូនរបស់គាត់ផ្ទាល់។ ដំបូងឡើយ គាត់មិនដឹងទេថា កាក់មានតម្លៃប៉ុន្មាន រហូតដល់មានអ្នកឯកទេសនៅក្រុមហ៊ុនដេញថ្លៃ Spink ប្រចាំទីក្រុងឡុងដ៍ បានប្រទះឃើញវាលើគណនីហ្វេសប៊ុករបស់គាត់ ហើយបានបង្ហាញថាវាជាកាក់ដ៏កម្រនៃស្ដេច Henry III និងមានកាក់ចំនួនប្រាំបីប៉ុណ្ណោះ ដែលត្រូវបានគេស្គាល់ថាមាន ដោយភាគច្រើននៃកាក់ ត្រូវបានរក្សាទុកក្នុងសារមន្ទីរ។
តួយ៉ាង កាលពីថ្មីៗនេះ កាក់មួយនេះ បានស្ថិតក្រោមញញួរ ដែលជាកន្លែងវាត្រូវបានចាប់យកក្នុងតម្លៃ៥៤០,០០០ផោន (ប្រមាណ៧២៩,៥៤០ដុល្លារអាមេរិក) ជាមួយនឹងតម្លៃបន្ថែមពីលើមួយចំនួនទៀត ដោយមានន័យថាអ្នកទិញ (មិនបញ្ចេញអត្តសញ្ញាណ) បានបញ្ចប់ការបង់ប្រាក់សរុបចំនួន ៦៤០,០០០ផោនឯណោះ (ប្រមាណ៨៧៥,៥៥១ដុល្លារអាមេរិក)។
យ៉ាងណាមិញ បុរសសំណាងខាងលើ នឹងបែងចែកសាច់ប្រាក់ខ្លះជាមួយនឹងម្ចាស់ដីស្រែ និងគ្រោងចំណាយចំណែកខ្លះទៀត ទៅលើការសិក្សារបស់កូនៗនាពេលអនាគតផងដែរ៕
ប្រភព: Ladbible
សូមទស្សនារូបភាពខាងក្រោម៖



