បរទេស៖ ៣០ថ្ងៃបន្ទាប់ពីវាត្រូវបានបាញ់បង្ហោះ តេឡេទស្សន៍ James Webb បានទៅដល់គោលដៅទីតាំងក្នុងលំហ ដែលវានឹងត្រូវសង្កេតមើលចក្រវាលហើយ។ តេឡេទស្សន៍នេះបានធ្វើដំណើរមកដល់ចំណុច Lagrange Point 2 ដែលមានចម្ងាយ១.៥លានគីឡូម៉ែត្រ ពីផែនដីរបស់យើង។ ពេលនេះ អ្នកបញ្ជានៅលើផែនដីនឹងចំណាយពេលប៉ុន្មានខែខាងមុខ ដើម្បីកែសម្រួលតេឡេទស្សន៍នេះ ដើម្បីរៀបចំវាសម្រាប់ផ្នែកវិទ្យាសាស្ត្រ។
ការងារសំខាន់ៗរួមមាន ការបើកឲ្យដំណើរការឧបករណ៍ទាំងបួនរបស់តេឡេទស្សន៍អង្កេត ហើយក៏ផ្ដោតទៅលើកញ្ចក់របស់វាផងដែរ ជាពិសេសកញ្ចក់ឆ្លុះទំហំ៦.៥ម៉ែត្ររបស់វាតែម្ដង។ តេឡេទស្សន៍ Webb ដែលជាអ្នកបន្តវេនពីតេឡេទស្សន៍អវកាស Hubble ដ៏ល្បីល្បាញ ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី២៥ ខែធ្នូ នៅលើរ៉ុក្កែត Ariane-5 ពីតំបន់ French Guiana។
គោលដៅសំខាន់របស់វាគឺ ដើម្បីថតរូបពពួកផ្កាយដំបូងៗដែលបញ្ចេញពន្លឺក្នុងសកល ហើយដើម្បីតាមដានភពនៅឆ្ងាយៗ មើលថាតើពួកវាអាចរស់នៅបានដែរឬទេ។ នេះជារឿងសំខាន់ណាស់ សម្រាប់បេសកកម្ម។ វាត្រូវបានរចនាឡើង ដើម្បីមើលលោកធាតុនៅក្នុងពន្លឺអាំងប្រាក្រហម ហើយដូច្នេះត្រូវតែរក្សាលក្ខខណ្ឌត្រជាក់ថេរ សម្រាប់ផ្នែក hardware របស់វា។
ដោយស្ថិតនៅពីក្រោយខែលការពារព្រះអាទិត្យដ៏ធំមួយ អុបទិកនិងឧបករណ៍របស់តេឡេទស្សន៍ Webb នឹងត្រជាក់ដល់ប្រហែល -២៣០អង្សាសេ។ ដល់ដំណាក់កាលនេះ អ្នកបញ្ជានឹងបើកកាមេរ៉ា Near Infrared Camera (NIRCam) របស់តេឡេទស្សន៍ Webb ដើម្បីថតរូបផ្កាយសាកល្បង ដើម្បីចាប់ផ្ដើមដំណើរការតម្រង់ផ្ទាំងកញ្ចក់ធំ៕


ប្រភព: BBC