បរទេស៖ លោក Joe Cole ជឿជាក់ថា ខ្សែបម្រើ Paul Pogba គួរតែអស់តួនាទីហើយ នៅ Manchester United។
ជាការពិតណាស់ Pogba បានមកចូលរួមជាមួយ Man Utd ចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ក៏ប៉ុន្តែយើងឃើញថា គេពុំសូវបង្ហាញសមត្ថភាពគួរឲ្យកត់សម្គាល់ប៉ុន្មានទេ។ ចាប់តាំងពីពេលមកដល់ដំបូង រហូតដល់បច្ចុប្បន្ន Pogba បង្ហាញខ្លួនឲ្យ Man Utd ២១៩ ប្រកួត រកគ្រាប់បាល់បាន ៣៨គ្រាប់ និង បញ្ចូនបាល់ឲ្យមិត្តរួមក្រុមបាន ៤៩ដង។ ជាក់ស្តែង ប៉ុន្មានប្រកួតកន្លងនេះ យើងឃើញថា Pogba គឺមិនមានវត្តមានទេ ព្រោះតែមានបញ្ហារបួស ស្របពេលដែលកុងត្រាគេក៏ជិត ហើយកំពុងមានការចាប់អារម្មណ៍ពីក្លិបធំៗដូចជា Juventus និង Real Madrid ជាដើម។
លោក Cole បាននិយាយថា៖
ខ្ញុំគិតថា ពួកយើងសុទ្ធតែយល់ស្របទាំងអស់គ្នាហើយថា Man Utd ត្រូវពង្រឹងតំបន់បម្រើឡើងវិញ។ McTominay គេល្អហើយ ក៏ប៉ុន្តែគេហាក់ដូចជាខ្វះគ្រឿងអ្វីម៉្យាងដែលត្រូវបន្ថែមជាតិចូវ ហើយបើ Bruno វិញ ខ្ញុំក៏គិតថាគេមិនទាន់ល្អគ្រប់គ្រាន់ដែរ ខ្ញុំឃើញថាគេ ការពារបាល់បានល្អហើយ នៅតំបន់បម្រើការពារ ក៏ប៉ុន្តែពេលខ្លះ គេនៅខ្វះការឆែករកមើលគូប្រកួតដែលរត់កាត់។ មួយវិញទៀត ខ្ញុំគិតថា Pogba ដូចជា ជួយអ្វីដល់ក្រុមមិនទាន់បានទេ ចាប់តាំងពី Bruno មកដល់ទីនេះ គឺ Bruno រ៉ាប់រងតំបន់បម្រើបានល្អជាង Pogba ហើយ Pogba គេគួរតែរកការប្រកួតប្រជែងនៅក្លិបថ្មីវិញទៅ៕
ប្រភព៖ sportskeeda