ប្រើក្រដាសអាលុយមីញ៉ូមខ្ចប់​ចម្អិនអាហារ ប៉ះពាល់​សុខភាពអត់?

//s9.kh1.co/30/30c6a03af163af562aa8869efefe00fc7eadb79c.jpg
យល់ដឹង

 ២៣-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ការប្រើប្រាស់ក្រដាសអាលុយមីញ៉ូមខ្ចប់អាហារក្នុងការចម្អិន ជាពិសេសដើម្បី​ខ្ចប់ត្រីអាំងកំពុង​ទទួល​ការពេញនិយម

ការប្រើប្រាស់ក្រដាសអាលុយមីញ៉ូមខ្ចប់អាហារក្នុងការចម្អិន ជាពិសេសដើម្បី​ខ្ចប់ត្រីអាំងកំពុង​ទទួល​ការពេញនិយម ព្រោះវាផ្តល់ភាពងាយស្រួលក្នុង​ការអាំង ប៉ុន្តែការធ្វើបែបនេះ​អាចបង្ក​ផលប៉ះពាល់​ដល់​សុខភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រោះថ្នាក់នៃការចម្អិនអាហារជាមួយក្រដាសអាលុយមីញ៉ូមកើតឡើងនៅ​ពេលក្រដាស​អាលុយមីញ៉ូម​ត្រូវកម្តៅខ្ពស់ដែលបណ្តាលជាតិអាលុយមីញ៉ូមជ្រាបចូលអាហារ។

ការសិក្សាបានបង្ហាញថា ការប្រើក្រដាសអាលុយមីញ៉ូមចម្អិនអាហារ​ដែលមានជាតិអាស៊ីដ​បណ្តាល​ឱ្យ​ជាតិអាលុយមីញ៉ូមជ្រាបចូលក្នុងអាហារកាន់តែច្រើន។ ឧទាហរណ៍ ការប្រើក្រូចឆ្មារ ទឹកខ្មេះ ម្ទេស ប៉េងប៉ោះ ឬទឹកប៉េងប៉ោះក្នុងការប្រលាក់អាហារ។

ដោយសារតែសារធាតុអាលុយមីញ៉ូមមិនត្រូវបានបំប្លែងដោយរាងកាយ ពេលចូលក្នុង​រាងកាយ វា​អាចស្ថិត​នៅក្នុង​ឈាម សាច់ដុំ និង​សរីរាង្គផ្សេងៗ។ រាងកាយយើងអាច​បញ្ចេញ​សារធាតុ​អាលុយមីញ៉ូមក្នុងបរិមាណតិចតួចប៉ុណ្ណោះ។

ការមានសារធាតុ​អាលុយមីញ៉ូម​ច្រើន​ក្នុងរាងកាយ​អាច​បណ្តាលឱ្យ៖

១. ប៉ះពាល់ខួរក្បាល

អ្នកវិទ្យាសាស្រ្តបានលើកឡើងថា ការមានសារធាតុអាលុយមីញ៉ូម​ច្រើនក្នុងខ្លួន​បណ្តាល​ឱ្យការ​ចងចាំ​ចុះខ្សោយ មានជំងឺប្រព័ន្ធសរសៃប្រសាទ និង ជំងឺប៉ាគីនសិនជាដើម ព្រោះអាលុយមីញ៉ូម​អាច​កាត់​បន្ថយ​អត្រាលូតលាស់របស់កោសិកាខួរក្បាល។

២. ពុកឆ្អឹង

ការកើនឡើងកម្រិតអាលុយមីញ៉ូមក្នុងខ្លួនក៏បណ្តាលឱ្យមានជំងឺពុកឆ្អឹងដែរ ព្រោះសារធាតុ​អាលុយមីញ៉ូម​រំខាន​ដល់​ការ​ស្រូប​យកកាល់ស្យូម​​របស់​រាងកាយ។

អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា ក្នុង ១ថ្ងៃយើងអាចញុំា​សារធាតុ​អាលុយមីញ៉ូម​ ១មិល្លីក្រាមធៀបនឹងទម្ងន់រាងកាយ ១គីឡូ​ក្រាម​។ ដូច្នេះអ្នកដែលមានទម្ងន់ ៥០គីឡូ​អាចញុំាសារធាតុអាលុយមីញ៉ូម ៥០មិល្លីក្រាមក្នុង ១ថ្ងៃ។

ប៉ុន្តែភាគច្រើនយើងញុំាសារធាតុអាលុយមីញ៉ូមលើសកម្រិត។ សារធាតុអាលុយមីញ៉ូម​មាននៅ​ក្នុង​ពោត ឈីសពណ៌លឿង អំបិល ឱសថ គ្រឿងទេស តែ ឧបករណ៍ចម្អិន​​ម្ហូបដូចជា ឆ្នាំង ខ្ទះ ឬវែក​ធ្វើ​ពី​អាលុយមីញ៉ូម ថ្នាំ​បន្សាប​​ជាតិ​អាស៊ីដក្នុងក្រពះ និងទឹកសម្រាប់​ញុំា​ដែល​ឆ្លង​កាត់ការ​បន្សុត ដោយប្រើ​សារធាតុអាលុយមីញ៉ូមស៊ុលហ្វាតជាដើម។

យើងអាចចៀសវាងប្រើក្រដាសអាលុយមីញ៉ូមខ្ចប់អាហារក្នុងការចម្អិនដោយប្រើស្លឹកចេក ឬ​អំបិល​ជំនួសវិញ។ ឧទាហរណ៍ ត្រីដុតអំបិល ប្រហុកដុតស្លឹកចេក។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T