ម៉ាក់ៗពពោះ ត្រូវចាស់ៗហាមមិនឲ្យស្លៀកពាក់រឹបៗទេ ដោយសារខ្លាចថប់ដង្ហើមកូនក្នុងផ្ទៃ ឬខ្លាចក្រពឹតច្រមុះ ខូចទ្រង់ទ្រាយគត៌ តែបើតាមក្បួនវេជ្ជសាស្រ្តវិញ គឺមិនគិតដូចនេះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្រ្តីនៃមន្ទីរពេទ្យកាល់ម៉ែត បានបកស្រាយថា ការស្លៀកពាក់រឹបៗ គឺមិនមានបញ្ហាអីនោះទេ គ្រាន់តែវាអាចផ្តល់ផលពិបាកដល់ខ្លួន ព្រោះតឹងពោះដោយសារកូនផង ហើយបើស្លៀករឹបទៀត អាចធ្វើឲ្យមានអារម្មណ៍ថាមិនស្រណុក។
លោកវេជ្ជបណ្ឌិត បានឲ្យដឹងថា “នៅពេលពោះកាន់តែធំ សរីរាង្គដែលនៅក្នុងពោះត្រូវការភាពទូលាយ កាលណាតឹងទាំងក្នុងពោះ ហើយរឹបឲ្យតឹងពីក្រៅទៀត ជាធម្មតា វាតឹងធ្វើឲ្យមានអារម្មណ៍ធុញថប់ ពិបាកធ្វើនេះធ្វើនោះបាន”។ ដូចនេះហើយ ទើបភាគច្រើនស្រ្តីពពោះត្រូវបានណែនាំឲ្យស្លៀកសម្លៀកបំពាក់ណាធូរៗ ដើម្បីកុំឲ្យថប់ ឬមិនស្រួលខ្លួនតែប៉ុណ្ណឹងឯង។
ចំពោះការប៉ះពាល់ដល់ទារក ឬមិនប៉ះពាល់ លោកវេជ្ជបណ្ឌិត បានបន្តពន្យល់ មិនបាច់បារម្ភទេ ព្រោះការស្លៀកពាក់រឹប ឬតឹង ពេលពពោះ គ្មានបញ្ហាអីប៉ះពាល់ដល់ទារកក្នុងផ្ទៃទេ ។ ទោះមិនមានប៉ះពាល់ដល់កូន ប្រសិនបើស្លៀករឹប ហើយមានអារម្មណ៍មិនស្រួលខុសធម្មតា ត្រូវទៅជួបពេទ្យជំនាញ ដើម្បីពិនិត្យ ចៀសវាងបញ្ហាផ្សេងៗកើតមានបណ្តាលឲ្យប៉ះពាល់សុខភាពទាំងម្តាយ និងកូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet