ថៃ៖ សមាគមបាល់ទាត់ថៃ (FAT) បានចេញសេចក្តីប្រកាសផ្លូវការចំពោះអវត្តមានខ្សែការពារបទពិសោធន៍ជោគជាំ Theerathon Bumathan នឹងមិនចូលរួមជួយក្រុមជម្រើសជាតិដំរីសឹកថៃ លេងវគ្គជម្រុះទៅកាន់ FIFA World Cup 2022 ដែលនៅសេសសល់នោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើតាមប្រភពច្បាស់លាស់ និងការបង្ហាញឲ្យដឹងចំពោះមូលហេតុដែលកីឡាករវ័យ ៣១ ឆ្នាំខាងលើបដិសេធធ្វើដំណើរមករួមក្រុមជម្រើសជាតិ ដោយសារតែគោលការណ៍ថ្មីរបស់រាជរដ្ឋាភិបាលថៃ ដែលបានកំណត់រាល់អ្នកដំណើរមកពីបរទេសចូលក្នុងប្រទេសថៃ តម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ដើម្បីបញ្ចៀសពីការឆ្លងជំងឺកូវីដ-១៩។
បច្ចុប្បន្នភាពកីឡាករ Theerathon Bunmathan ដែលមានតំណែងជាខ្សែការពារស្លាបឆ្វេងរូបនេះ កំពុងប្រកបអាជីពនៅក្លិបលីគកំពូលជប៉ុន Yokohama F.Marinos ។ ក្នុងករណីធ្វើចត្តាឡីស័កបែបនេះ អាចនឹងធ្វើឲ្យរូបគាត់ខកខានរយៈពេលយូរក្នុងការវិលត្រឡប់ទៅបំពេញការងារឲ្យក្លិប។

គួរបញ្ជាក់ផងថា ក្រុមជម្រើសជាតិថៃនៅសល់ភារកិច្ច ៣ ប្រកួតទៀត ដោយត្រូវធ្វើដំណើរទៅលេងនៅទឹកដីកណ្តាលនាប្រទេសអារ៉ាប់រួម ហើយត្រៀមខ្លួនតទល់នឹង ឥណ្ឌូនេស៊ី ម្ចាស់ផ្ទះអារ៉ាប់រួម និងម៉ាឡេស៊ី។ ការប្រកួតនឹងរៀបចំចាប់ពីថ្ងៃ ៣ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ៕