វែល៖ នាពេលថ្មីៗនេះ ពលរដ្ឋរស់នៅប្រទេសវែលមានការងឿងឆ្ងល់ជាខ្លាំង ក្រោយប្រទះឃើញផ្ទាំងពពកដ៏ធំចម្លែក ហាក់ដូចជារលកយក្សស៊ូណាមិដែលកំពុងបក់បោកឆ្ពោះទៅកាន់ផ្ទះនានា នៅទូទាំងប្រទេសវែល។ ទិដ្ឋភាពដ៏ចម្លែកនេះ ត្រូវគេប្រទះឃើញមានកម្ពស់រាប់សិបម៉ែត្រពីដី ហើយអ្នកស្រុកបាននាំគ្នាថតបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម ដើម្បីរាយការណ៍អំពីបាតុភូតអាកាសធាតុនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ស្ដ្រីម្នាក់ឈ្មោះ Maria Taylor មកពីទីក្រុង Llandudno នៃប្រទេសវែល បានចាប់យកទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍នេះ ដែលកំពុងលាតសន្ធឹងពាសពេញផ្ទៃមេឃក្នុងតំបន់ឆ្នេរ West Shore ទៅបង្ហោះនៅលើហ្វេសប៊ុក ហើយអមនឹងសំណេរថា៖
កូនប្រុសរបស់ខ្ញុំបានចង្អុលបង្ហាញពីពពកដ៏វែងចម្លែកនេះ នៅឆ្នេរ West Shore នាពេលរសៀល។ ខ្ញុំរន្ធត់ណាស់ ហើយភ្លាមៗនោះខ្ញុំបានបើកឡានទៅផ្ដិតយកទិដ្ឋភាពដ៏អស្ចារ្យនេះតែម្ដង។
យ៉ាងណាមិញ ជុំវិញរូបភាពពពកនេះដែរ បានធ្វើឲ្យមហាជនអ្នកនិយមលេងហ្វេសប៊ុក ធ្វើការ បញ្ចេញមតិរៀងៗខ្លួន ដោយមនុស្សម្នាក់បានសរសេរថា «វាមើលទៅដូចជារលកយក្ស វាពិតជាចម្លែក និងប្លែកណាស់»។ ខណៈអ្នកផ្សេងទៀតបន្ថែមថា «ខ្ញុំអាចមើលឃើញវាពីទីក្រុង Rhyl មក ខ្ញុំមិនដែលឃើញអ្វីបែបនេះពីមុនទេ»។
គួរឲ្យដឹងថា អ្វីដែលគេបានប្រទះឃើញនេះ ត្រូវបានគេស្គាល់ថាបាតុភូតពពក Arcus ជាពពកដែលមានកម្រិតទាប វែង ហើយស្ដើង ដែលវាអាចបង្កឲ្យមានខ្យល់បក់ខ្លាំង ឬភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយបាតុភូតផ្គរលាន់ ផ្លេកបន្ទោរ និងរន្ទះជាដើម៕
សូមទស្សនារូបភាពខាងក្រោម៖


