បរទេស៖ យោងតាមសារព័ត៌មាន ESPN បានឲ្យដឹងថាកាលពីយប់ថ្ងៃអាទិត្យនេះដែលជាការប្រកួតរវាងក្រុម Paris Saint-German ទល់នឹងក្រុម Nantes នោះ កីឡាករ Angel Di Maria ត្រូវប្តូរចេញភ្លាមៗដើម្បីប្រញាប់ទៅផ្ទះដែលជាទីកន្លែងដែលចោរបានលួចចូលនិងចាប់គ្រួសាររបស់គេជាចំណាប់ខ្មាំង។

យ៉ាងណាមិញ អំឡុងពេលការប្រកួតដូចគ្នា កីឡាករ Marquinhos ក៏មានចោរលួចចូលទៅក្នុងផ្ទះរបស់គេដូចគ្នាដោយបានចាប់ឪពុកម្តាយរបស់កីឡាកររូបនេះធ្វើជាចំណាប់ខ្មាំង។

បន្ទាប់ពីកើតហេតុបានប្រហែល ១ម៉ោងហើយរួច នាយករបស់ក្លិប Paris Saint-German លោក Leonardo បានប្រាប់ព័ត៌មាននេះទៅកាន់គ្រូបង្វឹកក្រុម Paris Saint-German គឺលោក Mauricio Pochettino ឲ្យផ្លាស់កីឡាករ Angel Di Maria ចេញ។
កីឡាករ Angel Di Maria បានចាកចេញពីកីឡដ្ឋាន Parc des Princes យ៉ាងប្រញាប់ទាំងទឹកមុខក្រៀមក្រំដោយបារម្ភពីគ្រួសាររបស់គេ។ ប៉ូលីសកំពុងតែបើកការស៊ើបអង្កេតទៅលើហេតុការណ៍ទាំង ២នេះ ហើយក្លិប Paris Saint-German អះអាងថាពួកគេនឹងជួយឲ្យអស់ពីលទ្ធភាពទៅលើការស៊ើបអង្កេតមួយនេះផងដែរ។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍ចោរលួចចូលផ្ទះហើយចាប់គ្រួសារកីឡាករ Angel Di Maria ធ្វើជាចំណាប់ខ្មាំងនេះក៏ធ្លាប់កើតឡើងម្តងដែរកាលពីឆ្នាំ ២០១៥ ពេលដែលរូបគេកំពុងលេងឲ្យក្លិបបិសាចក្រហម Manchester United៕

