អស្ចារ្យ! មនុស្សម្នាគ្រប់ទិសទីរួមគ្នាបំបែកសារសម្ងាត់ បង្កប់ដោយអង្គការណាសានៅក្នុងឆ័ត្រយោងរបស់យាន Perseverance

//s9.kh1.co/22/22b62e868065617ef429a62f85aa1ce3dcee2ab2.jpg
បច្ចេកវិទ្យា

 ២៤-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អូហូ! មានលាក់តាំងពីកូដឡើង ពិតជាមិនធម្មតាមែនណាសា

បរទេស៖ កាលពីសប្តាហ៍មុន យានស្រាវជ្រាវ Perseverance របស់អង្គការណាសាបានចុះចតដោយសុវត្ថិភាពនៅលើភពអង្គារ ដែលក្នុងការចុះចតនេះមានជំនួយពីឆ័ត្រយោងពណ៌សនិងក្រហមមួយដែលជួយយោងវាពេលធ្លាក់ចុះ។ ប៉ុន្តែឆ័ត្រយោងនេះមិនត្រឹមតែជួយការពារយាន Perseverance តែប៉ុណ្ណោះទេ វាក៏មានលាក់សារអាថ៌កំបាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មហាជនបានឃើញឆ័ត្រយោងពណ៌សនិងក្រហមនេះជាលើកដំបូងក្នុងវីដេអូដែលណាសាបានចេញពីការចុះចតរបស់យានកាលពីថ្ងៃចន្ទ ក្រោយមកមន្ត្រីអង្គការណាសាលោក Allen Chen បានបង្ហើបប្រាប់អ្នកគាំទ្រក្នុងសន្និសីទកាសែតមួយនៅថ្ងៃដដែលថា មានសារសម្ងាត់នៅក្នុងឆ័ត្រយោងនោះ ហើយបានអញ្ចើញមនុស្សម្នាគ្រប់ទិសទីឱ្យចូលរូមបង្ហាញស្នាដៃដោយស្វែងរក និងបំបែកសារសម្ងាត់នេះ។

ប៉ុន្មានម៉ោងក្រោយមក អ្នកគាំទ្រលើអ៉ីនធើណេតជាច្រើនបានបំបែកវាបានដោយជោគជ័យ។

ពណ៌ឆ្លាស់គ្នាលើឆ័ត្រយោងតាមពិតគឺបង្កើតបានជាឃ្លាថា “DARE MIGHTY THINGS” ដែលជាបាវចនានៃមន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL)​ របស់អង្គការណាសា។

Maxence Abela និស្សិតព័ត៌មានវិទ្យាម្នាក់បានបង្ហោះនៅលើ Twitter ថា គាត់និងឪពុករបស់គាត់បានរកឃើញថាពាក្យទាំងនេះត្រូវបានលាក់ជាគំរូ 10-bit នៅក្នុងរង្វង់បួនធំៗរបស់ឆ័ត្រយោង ដោយពួកគេបានបម្លែងពណ៌ក្រហមនិងសទៅជាលេខកូដ binary code ហើយកូដ 10-bit ទាំងនោះត្រូវគ្នានឹងតួអក្សរផ្សេងៗដែលប្រកបចេញជាពាក្យស្លោកថា DARE MIGHTY THINGS។

អ្នកវិទ្យាសាស្ត្រ Emily Calandrelli បានបង្ហោះ Tik Tok ពន្យល់អំពីការរកឃើញរបស់ Abela។ លោកស្រីក៏បានប្រាប់ផងដែរថា រង្វង់ចុងក្រោយនៃឆ័ត្រយោងគីបានបង្កប់លេខកូអ័រដោណេរបស់ទីស្នាក់ការបេសកកម្ម JPL នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។  

កូអ័រដោនេគឺជាបំណែកចុងក្រោយនៃសារសម្ងាត់ ហើយក៏ត្រូវបានរកឃើញដោយមនុស្សមួយក្រុមនៅ reddit ព្រមទាំងត្រូវបានបង្ហាញដោយលោក Paul Ramirez របស់ JPL នៅលើ Twitter ផងដែរ។ 

ជាចុងក្រោយ លោក Adam Stelzner ដែលជាប្រធានវិស្វករនៃក្រុមយាន Perseverance បានបញ្ជាក់ថាការរកឃើញរបស់ Abela និងអ្នកគាំទ្រលើអ៉ីនធើណេតផ្សេងៗទៀតពិតជាត្រឹមត្រូវ ដោយបង្ហោះរូបភាពនៃឆ័ត្រយោងជាមួយពាក្យនិងកូអ័រដោនេ។ 

នេះពិតជាបញ្ចាក់ឱ្យឃើញថា គ្មានអ្វីដែលមហាជនលើអ៉ីនធើណេតមិនអាចធ្វើបាននោះទេ៕

បាវចនានៃមន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL)​ របស់អង្គការណាសា
បាវចនានៃមន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL)​ របស់អង្គការណាសា
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T