បន្ទាប់ពីការចាប់ឆ្នោតសម្រាប់គូដែលត្រូវប៉ះគ្នានៅវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ FA Cup កាលពីថ្ងៃព្រហស្បតិ៍នោះ ក្រុមកំពូលតារាង Premier League គឺ Manchester City នឹងធ្វើដំណើរទៅជួបតទល់គ្នាជាមួយក្រុម Everton ស្របពេល Leicester City នឹងត្រូវបើកកីឡដ្ឋានស្វាគមន៍ក្រុម Manchester United។
ក្រុម Everton ដែលទើបតែយកឈ្នះក្រុម Spurs ក្នុងលទ្ធផល ៥ ទល់នឹង ៤ កាលពីថ្ងៃពុធនោះនឹងត្រូវស្វាគមន៍ក្រុមរបស់អ្នកដឹកនាំ Pep Guardiola ដែលកំពុងកាន់កំណត់ត្រាមួយដ៏ល្អដែលឈ្នះចំនួន ១៥ ប្រកួតជាប់គ្នាគ្រប់ពានរង្វាន់ទាំងអស់។

Manchester United ដែលឈ្នះពានរង្វាន់ FA Cup ចុងក្រោយបង្អស់កាលពីឆ្នាំ ២០១៦ នឹងត្រូវជួបជាមួយក្រុមដែលកំពុងប្រកួតប្រជែងដណ្តើមពានរង្វាន់ Premier League ដូចគ្នាគឺ Leicester City ដោយ Manchester United បានដាក់គោលដៅក្នុងការឈ្នះពានរង្វាន់ FA Cup ជាលើកទី ១៣ ក្នុងរដូវកាលនេះ។

សម្រាប់ក្រុម Bournemouth វិញនឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុម Southampton ដែលបានបំបាក់ក្រុម Wolverhampton Wanderers ក្នុងលទ្ធផល ២-០ កាលពីថ្ងៃព្រហស្បតិ៍។

ក្រុម Chelsea វិញបានបំបាក់ក្រុម Barnsley ក្នុងលទ្ធផល ១-០ ដោយពួកគេនឹងត្រូវជួបជាមួយ Sheffield United នាវគ្គ ៨ ក្រុមចុងក្រោយ។

គួរបញ្ជាក់ផងដែរថា គ្រប់ការប្រកួតក្នុងវគ្គ ៨ ក្រុមចុងក្រោយនេះនឹងធ្វើឡើងនាថ្ងៃទី ២០-២១ ខែ មីនា ឆ្នាំ ២០២១៕