អង់គ្លេស៖ រឿងគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងការប្រកួតក្របខណ្ឌ Premier League រវាង ក្លិបបិសាចក្រហម Manchester United ទល់នឹង Southampton នោះគឺក្រុមម្ចាស់ផ្ទះលត់ក្រុមភ្ញៀវឲ្យបាក់ស្បាត ៩ ទល់នឹង ០ កាលពីយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពេលការប្រកួតចាប់ផ្ដើមបានតែ២នាទី កីឡាករ Saints' Alexandre Jankewitz របស់ខាងក្រុម Southampton ទទួលបានកាតក្រហមមួយភ្លាមៗពីអាជ្ញាកណ្ដាលបន្ទាប់ពីរូបគេរត់មកទាត់ Scott McTominay ចំភ្លៅពេញទំហឹងទើបត្រូវបណ្ដេញចេញពីទីលានធ្វើឲ្យ ក្រុមភ្ញៀវនៅសល់តែ១០នាក់។

នៅនាទីទី១៨ ខ្សែការពារ Luke Shaw បោះបាល់ពីពាក់កណ្ដាលតារាងមកឲ្យខ្សែការពារ Aaron Wan-Bissaka ដែលនៅជិតតំបន់គ្រោះថ្នាក់របស់ Southampton ស្រាប់ទើបគេដាក់មួយជើងស្តាំជួយឲ្យ Man UTD នាំមុខ ១ ទល់នឹង ០ ។ស្រាប់តែ៧នាទីក្រោយមក ខ្សែប្រយុទ្ធ Marcus Rashford ស៊ុតមួយគ្រាប់ថែមទៀតដោយមានការបញ្ជូនបាល់ពីកៀនតារាងដោយខ្សែប្រយុទ្ធ Mason Greenwood ។


រឿងដ៏គួរឲ្យហួសចិត្តមួយបានកើតឡើងនៅនាទីទី៣៥ ខ្សែប្រយុទ្ធ Anthony Martial របស់ Man UTD រត់ពីកៀនតារាងដោយបោះបាល់ឲ្យមិត្តរួមក្រុមរបស់គេប៉ុន្តែខ្សែការពាររបស់ខាង Southampton គឺ Jan Bednarek បែរជាភ្លេចខ្លួនភ្លាត់ស៊ុតមួយជើងចូលទីខ្លួនឯងធ្វើឲ្យអ្នកចាំទី McCarthy ចង់ងងឹតមុខ។

តែ Man UTD នៅមិនទាន់លត់ក្រុមភ្ញៀវឆ្អែតនៅឡើយទេព្រោះនៅនាទីទី៣៩ ខ្សែប្រយុទ្ធ Edinson Cavani ហក់តែតថែមមួយគ្រាប់ស្រួលៗដោយមានការបញ្ជូនពីខ្សែការពារ Luke Shaw ។សរុបលទ្ធផលនៅតង់ទី១គឺ Man UTD លត់ Southampton ៤ ទល់នឹង ០។


តង់ទី២ចាប់ផ្ដើមឡើង Manchester United នៅតែដឹកគ្នាមកលេងនៅមុខតារាងរបស់ Southampton ព្រោះនៅនាទីទី៦៩ ខ្សែប្រយុទ្ធ Anthony Martial ស៊ុតមួយជើងយកបាល់កោងយ៉ាងអេមដោយមានការបញ្ជូនពីខ្សែបម្រើ Bruno Fernandes ហើយបីនាទីក្រោយមក ខ្សែបម្រើ Scott McTominay ដាក់មួយជើងពីចម្ងាយក្រោយបាល់ភ្លាត់ចេញពីដៃអ្នកចាំទី McCarthy ធ្វើឲ្យក្រុម Southampton ទាំងមូលចង់ទក់សាច់។

នៅនាទីទី៨៦ ខ្សែការពារ Jan Bednarek ដែលស៊ុតចូលទីខ្លួនឯងត្រូវបានអាជ្ញាកណ្ដាលចាយកាតក្រហមដាក់និងបណ្ដេញចេញពីទីលានក្រោយរត់មកបុក ខ្សែប្រយុទ្ធ Anthony Martial ពីខាងក្រោយឲ្យដួលត្រឡប់ត្រឡិនហើយក៏បានសម្រេចផ្ដល់បាល់ប៉េណាល់ទីដល់ខាង Manchester United ផងដែរ។ អ្នកទទួលបន្ទុកស៊ុតគឺខ្សែបម្រើ Bruno Fernandes ដែលគេដាក់មួយជើងឆ្វេងទម្លុះសំណាញ់ទីបានសម្រេច។ នៅនាទីទី៩០ ខ្សែប្រយុទ្ធ Anthony Martial រកបាន១គ្រាប់ទៀត ដោយមានការបញ្ជូនពីខ្សែបម្រើ Bruno Fernandes ខណៈខាងក្រុម Southampton ដូចជាលែងមានទឹកចិត្តប្រកួតទៀតហើយ។ នៅនាទីទី៩០+៣ដែលជាម៉ោងបន្ថែម Man UTD ឆ្លៀតស៊ុតបិទគូទមួយគ្រាប់ចុងក្រោយដោយខ្សែបម្រើ Daniel James ជួយឲ្យ Man UTD លត់ក្រុមភ្ញៀវ ៩ ទល់នឹង ០។

ចំពោះស្ថិតិនៃការប្រកួតគឺ Man UTD គ្រប់គ្រងបាល់បាន៧៦%ខណៈ Southampton បានតែ២៤% និងស៊ុតចំគោលដៅ១ដងគាត់ ឯ Man UTD ស៊ុតបានដល់ទៅ១៤ដង។

ជ័យជម្នះដ៏គគ្រឹកគគ្រេងរបស់ Man UTD នេះធ្វើឲ្យក្រុមបិសាចក្រហមមាន៤៤ពិន្ទុស្មើក្រុមកំពូលតារាង Manchester City ៕
សូមទស្សនាវីដេអូការប្រកួតខាងក្រោមនេះ៖
ប្រភព៖ bbc