ខ្សែការពារកណ្ដាល ជាតួនាទីមួយដ៏សំខាន់នៅក្នុងការប្រកួតកីឡាបាល់ទាត់ កីឡាករភាគច្រើនបានវិវឌ្ឍខ្លួនក្លាយជាប្រធានក្រុម ក្នុងតួនាទីជាខ្សែការពារកណ្ដាលនេះផងដែរ។ ដោយឡែក សូមក្រឡេកមកមើលកំពូលកីឡាករខ្សែការពារកណ្ដាលទាំង៥រូប ដែលលេងកាចបំផុត នៅក្នុងពិភពបាល់ទាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. Jaap Stam (អតីតខ្សែការពារក្រុមជម្រើសជាតិហូឡង់)
អតីតខ្សែការពាររបស់ក្លឹប FC Zwolle, SC Cambuur, Willem II, PSV, Man. United, Lazio, AC Milan និង Ajax រូបនេះ គឺជាខ្សែការពារកណ្ដាលដែលលេងកាចបំផុតមួយរូប កាលលេងឲ្យក្លឹប Man. United រហូតអ្នកគាំទ្រក្លឹបបីសាចក្រហមតាក់តែងជាចម្រៀងខ្លីមួយដែលមានខ្លឹមសារដើមទាំងស្រុងថា «Jaap is a big Dutchman; get passed him if you f*cking can!»។

Stam ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយ Man. United ប្រកួតឈ្នះក្នុងជំនួបប្រកួតជាប្រវត្តិសាស្ត្រនៅក្នុងក្របខណ្ឌ Champion League ដែល Man. United បានវាយបកយកឈ្នះ Bayern Munich ២ ទល់នឹង ១ ក្នុង រយៈពេល២នាទីមុនចប់ការប្រកួត ហើយឈ្នះបានពានរង្វាន់ធំៗទាំង៣ (Premiere League, FA Cup, និង UCL) នៅរដូវកាល ១៩៩៨/៩៩។ បច្ចុប្បន្នអតីតខ្សែការពាររូបនេះជាគ្រូបង្វឹករបស់ក្លឹប FC Cincinnati នៅក្នុងក្របខណ្ឌ Major League Soccer នៅសហរដ្ឋអាមេរិក។ ចំពោះស្ថិតិកាតសរុបនៅក្នុងអាជីពគឺ កាតលឿង ៧៤កាត និងកាតក្រហម ៣កាត។

២. Sergio Ramos ខ្សែការពារសញ្ជាតិអេស្ប៉ាញ
អតីតខ្សែការពារក្លឹប Sevilla រូបនេះត្រូវបានអ្នកគាំទ្រមួយចំនួនដាក់រហ័សនាមថា «បងធំ» នៅក្នុងពិភពបាល់ទាត់ ។ នៅក្នុងការបង្ហាញខ្លួនលើទីលានសរុបជាង ៥០០ប្រកួតកន្លងមក ទាំងនៅ Sevilla និង Real Madrid កីឡាករម្នាក់នេះ ទទួលបានកាតលឿង ២២៨កាត និងកាតក្រហម ៣៦កាត។

អ្នកគាំទ្រជាច្រើនសម្ដែងនូវការមិនពេញចិត្តចំពោះទង្វើដែល Ramos បានបង្កទៅលើកីឡាករខ្សែប្រយុទ្ធ Salah របស់ Liverpool ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត នៅឆ្នាំ២០១៨ ដោយរូបគេបានធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប ត្រូវដើរចេញពីការប្រកួតទាំងទឹកភ្នែក។ ដោយឡែក ចំពោះសមិទ្ធផលវិញ បងធំខ្សែការពាររូបនេះ បានរួមចំណែកឲ្យក្រុមអធិរាជស ឈ្នះពានរង្វាន់ធំៗជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស។

៣. Nemanja Vidic អតីតខ្សែការពារសញ្ជាតិស៊ែប៊ី
អតីតខ្សែការពាររបស់ក្លឹប Red Star Belgrade, Spartak Moscow, Manchester United និង Inter Milan រូបនេះបានចំណាយពេល៨រដូវកាលនៅ Old Trafford ដោយបានរួមចំណែកបង្ហាញខ្លួន ២១១ លើក ឲ្យក្លឹបបីសាច ក្រហម និងបានឈ្នះពានធំៗជាច្រើនដូចជា Premiere League ៥ដង, FA Cup ៣ដង , UCL ១ដង និង FIFA Club World Cup ១ដង។

គេបានរួមចំណែកបង្កើតកំណត់ត្រាសំខាន់មួយឲ្យក្លឹបបីសាចក្រហម គឺរក្សាសំណាញ់ទីមិនឲ្យគូរប្រកួតស៊ុតចូល (Clean Sheet) ចំនួន១៤ប្រកួតជាប់@គ្នា និងឈ្នះពានកីឡាករឆ្នើម Premiere League Player of the Year នៅរដូវកាល ២០០៨/០៩ ទៀតផង។ ចំពោះស្ថិតិកាតសរុបក្នុងក្លឹបអាជីពវិញគឺ កាតលឿង ៨៣កាត និងកាតក្រហម ១០កាត។

៤. Pepe ខ្សែការពារសញ្ចាតិព័រទុយហ្គាល់
Kepler Laveran de Lima Ferreira ឬ Pepe ជាខ្សែការពារកំពូលកាច កាលលេងនៅ La Liga របស់អេស្ប៉ាញ។ កីឡាកររូបនេះ រមែងបង្កនូវជម្លោះជារឿយៗ ដោយសារតែកាយវិការមិនសមរបស់គេ នៅលើទីលានប្រកួត។ ក្នុងរយៈពេល១០ឆ្នាំដែលកីឡាកររូបនេះលេងឲ្យក្លឹប Real Madrid កីឡាករូបនេះ ធ្លាប់ទទួលបានកាតលឿង ៦៥ដង និង កាតក្រហម ៥ដង។ ដោយឡែក អតីតខ្សែការពារកណ្ដាលរបស់ Marítimo, Real Madrid និង Beşiktaş រូបនេះ មានស្ថិតិកាតសរុបដល់ទៅ ១៦៩កាត (កាតក្រហម ១៣កាត)។ បច្ចុប្បន្ននេះ កីឡាករកំពុងតែលេងឲ្យក្លឹបចាស់របស់ខ្លួនគឺ FC Porto ។


៥. Walter Samuel ខ្សែការពារកណ្ដាលសញ្ជាតិអាហ្សង់ទីន
Walter Samuel ជាអតីតខ្សែការពារកណ្ដាលដែលធ្លាប់លេងឲ្យក្លឹបមួយចំនួនដូចជា Newell's Old Boys, Boca Juniors, Roma, Real Madrid, Inter Milan និង Basel ។ កីឡាករដែលមានរហ័សនាមថា Wolf (ចចក) រូបនេះ មានស្ថិតិសរុប ៥០៧ប្រកួតជាមួយក្លឹបអាជីព ហើយធ្លាប់ទទួលបានកាតសរុប ១៤៥កាត (កាតក្រហម ៥)។

ចំពោះសមិទ្ធផលវិញ Samuel គឺជារនាំងការពារដ៏រឹងមាំដែលរួមចំណែកជួយឲ្យក្លឹប Inter Milan ឈ្នះពានរង្វាន់ធំៗចំនួន៣ ក្នុងរដូវកាលតែ១ នៅឆ្នាំ២០១០ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Jose Mourinho ៕

សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ World Football