តាមរបាយការណ៍ពីកាសែត The Mirror បាយរាយការណ៍ថា អ្នកគ្រប់គ្រងក្លិប Liverpool មានការបារម្ភខ្លាច Diogo Jota ប្រឈមនឹងការអវត្តមានរយៈពេលយូរ ដោយសារបញ្ហារបួសជង្គង់ ក្រោយពីការថតពិនិត្យពីក្រុមវេជ្ជបណ្ឌិតជំនាញ។
ប្រភពដដែលបានលើកឡើងថាខ្សែប្រយុទ្ធ Jota បានបង្ហាញទម្រង់លេងបានយ៉ាងល្អ ក្រោយពីផ្ទេរក្នុងកញ្ចប់ទឹកប្រាក់ ៤១ លានផោនពីក្រុមចចកខ្មៅ Wolves ។ តែជាអកុសល ខណៈពេលប្រកួតសប្តាហ៍ចុងក្រោយពានរង្វាន់ Champions League ទល់នឹងក្រុម Midtjylland ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះបានរងរបួសជង្គង់ និងអាចត្រូវសម្រាកព្យាបាលរហូតដល់២ខែឯណោះ។

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ រូបនេះបានស៊ុតបាល់បញ្ចូលទី ៩ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៧ លើកឱ្យហង្សក្រហម Liverpool ហើយអាចជាអ្នកប្រជែងតួនាទីសំខាន់របស់ខ្សែប្រយុទ្ធរៀមច្បង Roberto Firmino ដែលជាជម្រើសតំបូងរបស់លោក Jurgen Klopp ផងដែរ៕
ប្រភព៖ The Mirror