ចិនៈ សមាគមបាល់ទាត់ចិន (CFA) បានកំពុងសិក្សាលទ្ធភាពពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដើម្បីត្រៀមផ្តល់ឱកាសឲ្យកីឡាករខ្សែប្រយុទ្ធមានវ័យទើប ២៦ ឆ្នាំ Jean Evrard Kouassi ចូលក្រុមជម្រើសជាតិពួកគេក្នុងពេលខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករខាងលើបច្ចុប្បន្នភាពកំពុងប្រកបអាជីពជាមួយក្លិប Wuhan Zall សមាជិកនៃក្របខណ្ឌលីគកំពូលចិន (Chinese Super League) ។ រូបគេបានឈានជើងមកដល់ប្រទេសចិនតាំងពីខែកុម្ភៈ ឆ្នាំ ២០១៥ មកម្ល៉េះ ដោយផ្ទេរចេញពីក្លិប Hajduk Split នៅប្រទេសក្រូអាត មកកាន់ក្លិប Shanghai SIPG ។ ក្រោយចំណាយពេលនៅក្លិប Shanghai SIPG ២ ឆ្នាំ ក៏បានផ្ទេរមករួមរស់ជាមួយ Wuhan Zall ៤ រដូវកាលចុងក្រោយទល់សព្វថ្ងៃនេះ។
បើយោងទៅតាមរយៈពេលនៃការស្នាក់នៅក្នុងប្រទេសចិនជាប់គ្នាជាង ៥ ឆ្នាំមកហើយ ជាមួយនឹងការខកខានលេងឲ្យក្រុមជម្រើសជាតិដើម (កូឌីវ័រ) តាំងពីឆ្នាំ ២០១១ មកម្ល៉េះនោះ ដូច្នេះជាឱកាសមួយសម្រាប់ប្រទេសចិន ដើម្បីស្នើសុំគោលការណ៍ពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បញ្ចូលឈ្មោះលេងឲ្យក្រុមជម្រើសជាតិចិនបាន។

ជាការពិតទៅ! នេះពុំមានជាករណីចម្លែក ឬថ្មីនោះទេ ពីព្រោះកន្លងមកប្រទេសចិនបានប្រើប្រាស់វិធីសាស្ត្របែបនេះ ផ្តល់សញ្ជាតិជោគជ័យដល់កីឡាករសញ្ជាតិដទៃចំនួន ១១ នាក់មក បើគិតតែត្រឹមចន្លោះពីឆ្នាំ ២០១៩ មក។ ក្នុងចំណោមនោះមានខ្លះក៏ត្រូវបានកោះហៅចូលជួយក្រុមជម្រើសជាតិចិន ហើយពួកគេក៏ចំណេញក្នុងការលេងឲ្យក្លិបនៅប្រទេសចិន ដោយពុំត្រូវបានគេគិតជាកូតាកីឡាករបរទេសទេ៕