មិត្តភាពមិនអាចកាត់ផ្តាច់បាននោះទេ ទោះពេលដែលយើងមានសង្សារ ឬប្តីប្រពន្ធរៀងៗខ្លួនក៏ដោយ ព្រោះយើងរស់នៅក្នុងសង្គមដែលត្រូវតែមានទំនាក់ទំនងនឹងគ្នាទៅវិញទៅមក។ ក្នុងករណីអ្នកសង្សារ ឬប្តីប្រពន្ធរួច ការពិតទៅអ្នកក៏អាចមានភាពរីករាយជាមួយចំណងមិត្តភាពរបស់អ្នកបានដែរ នោះគឺការជួបជុំ និងរាប់អានអ្នកដែលមានដៃគូស្នេហា ឬប្តីប្រពន្ធដូចគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះជារឿងល្អៗដែលអ្នកគួរតែរាប់អានជាមួយមិត្តភក្តិដែលមានសង្សារ ឬប្តីប្រពន្ធដូចជាអ្នកដែរ៖
១. អាចចំណាយពេលជាមួយដៃគូរៀងៗខ្លួន
ក្នុងការដើរលេងជាលក្ខណៈគូស្នេហ៍ដូចគ្នា ក្រៅពីអាចជួបជុំគ្នាដោយរីករាយ អ្នកថែមទាំងមានពេលវេលាស្និទ្ធស្នាល និងអាចចំណាយពេលរីករាយជាមួយដៃគូរបស់អ្នករៀងៗខ្លួនដោយមិនបាច់ខ្វល់ពីមិត្តភក្តិអ្នកពេកក៏បាន ព្រោះគេក៏មានដៃគូកំដរគេដូចគ្នាដែរ។
២. ធ្វើឱ្យចំណងស្នេហាកាន់តែរឹងមាំ
នៅពេលដើរលេងជាមួយនឹងមិត្តភក្តិដែលគេមានគូស្នេហ៍ ឬប្តីប្រពន្ធដូចជាអ្នកដែរ អ្នកនឹងអាចសង្កេតឃើញគូរបស់មិត្តភក្តិរបស់អ្នកមានទំនាក់ទំនងបែបណាមិនថាល្អ ឬអាក្រក់ជាមួយនឹងដៃគូរបស់គេ ដោយអ្នកអាចធ្វើការពិចារណា ថ្លឹងថ្លែង និងយកវាជាមេរៀនជួយឱ្យស្នេហារបស់អ្នកកាន់តែល្អប្រសើរ និងរឹងមាំជាងមុនបាន។
៣. មានភាពរីករាយខ្លាំង
ដើរលេង និងរាប់អានជាមួយមិត្តភក្តិដែលមានគូ អ្នកនឹងមានភាពរីករាយប្លែក ព្រោះម្នាក់ៗសុទ្ធតែមានមួយគូៗរៀងៗខ្លួន មិនបាច់ខ្លាចថាអ្នកដើរលេងឯកា គ្មានភាពស្និទ្ធស្នាលជាមួយនឹងមិត្តភក្តិ ព្រោះការដើរលេងជាគូបែបនេះអ្នកអាចពង្រឹងមិត្តភាពរបស់អ្នកជាមួយមិត្តភក្តិ ថែមទាំងអាចណែនាំដៃគូរបស់អ្នកឱ្យស្គាល់ជាមួយនឹងដៃគូរបស់មិត្តភក្តិអ្នក។ ពោលអ្នកអាចមានពេលជាមួយមិត្តភក្តិអ្នកផង ដោយមិនខ្លាចដៃគូរបស់អ្នកនៅម្នាក់ឯង ហើយអ្នកក៏អាចមានភាពរីរាយរួមគ្នាជាលក្ខណៈមានដៃគូរៀងៗខ្លួនផងដែរ។
៤. ក្តីស្រលាញ់កើនឡើងរវាងគ្នានឹងគ្នា
ពេលខ្លះអ្នកចំណាយពេលវេលាជាមួយមិត្តភក្តិច្រើនអាចនាំឱ្យគូស្នេហ៍ ឬប្តីប្រពន្ធរបស់អ្នកប្រចណ្ឌ និងខឹងសម្បារ។ តែនៅពេលដែលអ្នកនាំគូស្នេហ៍ ឬប្តីប្រពន្ធអ្នកឱ្យស្គាល់មិត្តភក្តិអ្នកដែលមានគូដូចគ្នា នឹងធ្វើឱ្យដៃគូរបស់អ្នកសប្បាយចិត្ត ទុកចិត្ត និងពេញចិត្តដែលអ្នកឱ្យតម្លៃគេដោយនាំឱ្យមិត្តភក្តិបានស្គាល់ និងចូលរួមដើរលេងជាមួយគ្នា។ ដូច្នេះហើយគូស្នេហ៍របស់អ្នកនឹងកាន់តែស្រលាញ់គ្នាជាងមុន ថែមទាំងមិនប្រចណ្ឌអ្នកទៀតផង៕