ដឹងរឿង៦យ៉ាងដែលកូនប្រុស ចង់បានពីម្តាយរបស់ខ្លួនបំផុត អាចជួយធ្វើឱ្យកូនមានចរិតល្អ និងអនាគតល្អពេលធំឡើង

//s9.kh1.co/49/49f8ec2aa0cbe10a33133be653948cfcd23baabf.jpg
យល់ដឹង

 ១៣-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

កូនប្រុសគ្រប់រូបស្រលាញ់ម្តាយណាស់​ ហើយចង់បានរឿង៦យ៉ាងពីម្តាយរបស់ខ្លួន

កូនប្រុសគ្រប់រូប មិនថាតាំងពីកើតមក ពេលជាកូនក្មេង រហូតដល់ធំពេញវ័យនោះទេ តែងតែមានភាពជិតស្និទ្ធជាមួយម្តាយរបស់ខ្លួន និងស្រលាញ់ម្តាយរបស់ខ្លួនខ្លាំងបំផុត អាចនិយាយបានថានៅក្នុងមួយជីវិតមនុស្សប្រុស ស្រីដែលខ្លួនស្រលាញ់ខ្លាំងបំផុត និងយល់ថាស្រស់ស្អាតបំផុតគឺអ្នកជាម្តាយបង្កើតរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយប្រសិនជាចង់ចិញ្ចឹមបីបាច់​អប់រំទូន្មានកូនប្រុសឱ្យក្លាយជាក្មេងល្អ និងជាមនុស្សល្អនៅពេលធំឡើង ម្តាយគ្រប់រូបត្រូវដឹងពីការចង់បានរបស់កូនប្រុសពីខ្លួន ដោយការចង់បានទាំងនេះធ្វើឱ្យម្តាយអាចធ្វើការអប់រំកូនបានល្អ ពោរពេញដោយក្តីមេត្តា ក្តីស្រលាញ់ និងមេត្តាធម៌ ដែលអាចជះឥទ្ធិពលដល់អត្តចរិត និងអនាគតរបស់ពួកគេ។

ដូច្នេះថ្ងៃនេះមកដឹងពីរឿង៦យ៉ាង ដែលកូនប្រុសគ្រប់រូបចង់បានពីម្តាយរបស់ខ្លួនដូចខាងក្រោម ៖

១. ក្តីស្រលាញ់

ផ្តល់ក្តីស្រលាញ់ឱ្យកូនប្រុសរបស់អ្នកឱ្យបានច្រើនតាមដែលអាចធ្វើបាន តាំងពីកូននៅតូចៗ ហើយប្រាប់កូនរបស់អ្នកថាអ្នកស្រលាញ់គេខ្លាំងប៉ុនណា។ ការបង្ហាញក្តីស្រលាញ់តាមរយៈពាក្យសម្តី និងកាយវិការដោយចិត្តស្មោះដល់កូនប្រុសរបស់អ្នក កូនរបស់អ្នកនឹងទទួលបានភាពកក់ក្តៅនៃក្តីស្រលាញ់ដ៏ធំធេងនេះ ពិសេសក៏ធ្វើឱ្យគេចេះមានក្តីស្រលាញ់ និងក្តីមេត្តាដល់មនុស្សជុំវិញខ្លួនឯងដែរ។

២. ការបង្រៀន

ទោះកូនរបស់អ្នកមានឆ្លាតវៃខ្លាំងប៉ុនណា ​តែកូនប្រុសរបស់អ្នកនៅតែចង់បានការបង្រៀន ការណែនាំ ពីម្តាយរបស់គេផ្ទាល់។ ដូច្នេះអ្នកអាចបង្រៀនគ្រប់យ៉ាងដល់កូនប្រុសរបស់អ្នក រាប់តាំងពីសកម្មភាពប្រចាំថ្ងៃ រៀនចេះទទួលខុសត្រូវលើខ្លួនឯង និងមានភាពឯករាជ្យលើខ្លួនឯង។

កូនចង់បានក្តីស្រលាញ់់ពីម្តាយ
កូនចង់បានក្តីស្រលាញ់់ពីម្តាយ

៣. ជួយឱ្យរីកចម្រើន

កូនប្រុស តែងតែចង់បានការណែនាំ និងប្រៀនប្រដៅពីម្តាយរបស់ខ្លួនឱ្យយល់ដឹងពីរឿងគ្រប់យ៉ាង រួមទាំងការទុកចិត្តឱ្យកូនៗសាកល្បងអ្វីថ្មីៗ ក្រោមការមើលខុសត្រូវពីអ្នក។ ការធ្វើបែបនេះនឹងជួយឱ្យកូនចេះដឹងពីចំណេះដឹងថ្មីៗ និងអភិវឌ្ឍន៍ខ្លួនឯងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

៤. កែតម្រូវដោយក្តីស្រលាញ់

ក្មេងណាមិនចេះខុសនោះ តែនៅពេលដែលកូនប្រុសរបស់អ្នកធ្វើខុស អ្នកត្រូវតែផ្តល់ការណែនាំ និងកែតម្រូវដោយពាក្យល្អៗបង្កប់ដោយភាពម៉ឺងម៉ាត់ និងក្តីមេត្តាធម៌ដល់កូន កុំឱ្យកូនមានការខ្លាចរអារអ្នកជាម្តាយឱ្យសោះ។ អ្នកអាចស្តីបន្ទោសខ្លះៗតែកុំប្រើសម្តីខ្លាំងៗពេក អ្នកអាចដាក់ពិន័យបានតែត្រូវធ្វើសមល្មមដែលអាចទទួលយកបាន ពេលនោះកូនរបស់អ្នកមិនត្រឹមជ្រួតជ្រួតពីចិត្តមេត្តារបស់អ្នកជាម្តាយ ថែមទាំងមិនហ៊ានសាងកំហុសជាថ្មីម្តងទៀតផងដែរ។

កូនប្រុសចង់ឱ្យម្តាយណែនាំ​ និងកែកម្រូវដោយក្តីស្រលាញ់
កូនប្រុសចង់ឱ្យម្តាយណែនាំ​ និងកែកម្រូវដោយក្តីស្រលាញ់

៥. មានដែនកំណត់

ការបង្រៀន និងណែនាំកូនប្រុសមិនត្រូវមានភាពធូររលុងពេក ឬតឹងរ៉ឹងពេកដែរ ព្រោះការអប់រំចិញ្ចឹមបីបាច់កូនដោយធូររលុងពេក នឹងធ្វើឱ្យកូនៗបានចិត្ត ហើយគិតថាអ្នកតាមទ្រតាមលួង និងតាមចិត្តគេគ្រប់យ៉ាង​ដូច្នេះគេនឹងមានចរិតក្អេងក្អាងមិនស្តាប់បង្គាប់ជាមិនខាន។ តែប្រសិនជាអ្នកតឹងរ៉ឹងពេក នឹងធ្វើឱ្យកូនប្រុសរបស់អ្នកខ្លាចរអារ បាត់បង់ទំនុកចិត្តលើខ្លួនឯង និងមានចរិតទន់ខ្សោយនាពេលអនាគត។ ដូច្នេះត្រូវកំណត់ការអប់រំចិញ្ចឹមបីបាច់កូនប្រុសរបស់អ្នក ក្នុងកម្រិតសមស្របដែលអាចទទួលយកបាន។

៦.  ទំនាក់ទំនងរាងកាយ

កូនប្រុសរបស់អ្នកគឺចង់បានបំផុតគឺក្តីស្រលាញ់ និងការគាំទ្រពីម្តាយរបស់គេ ហើយទំនាក់ទំនងរាងកាយគឺជាផ្នែកមួយសំខាន់ឱ្យកូនរបស់អ្នកជ្រួតជ្រៀតនឹងក្តីស្រលាញ់នេះ។ ចូរឱប និងថើបកូនរបស់អ្នកឱ្យបានញឹកញាប់ដើម្បីផ្តល់ក្តីស្រលាញ់ ចាប់ដៃកូនរបស់អ្នកនៅពេលដែលគេកំពុងតែត្រូវការគាំទ្រ សម្លឹងចំទៅភ្នែកកូនរបស់អ្នកដោយភាពកក់ក្តៅនៅពេលដែលកូនរបស់អ្នកមានអារម្មណ៍ថាភ័យខ្លាច ឬគ្មានសុវត្ថិភាព យកដៃទះស្មារកូនរបស់អ្នកថ្នមៗ ឬផ្តល់ស្មារឱ្យកូនផ្អែកនៅពេលដែលកូនមានអារម្មណ៍ថាកើតទុក្ខ​ គ្មានកម្លាំងចិត្ត និងចង់យំ៕

កូនប្រុសចង់បានទំនាក់ទំនងខាងផ្លូវកាយ
កូនប្រុសចង់បានទំនាក់ទំនងខាងផ្លូវកាយ
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T