អ្នកចាត់ការទូទៅសញ្ជាតិន័រវេសរបស់ក្លិបបិសាចក្រហម Manchester United បានរងនូវការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីការដឹកនាំក្រុមក្នុងលទ្ធផលមិនសមប្រកបទាល់តែសោះ ដោយពេលខ្លះលេងប៉ះក្រុមខ្លាំងបែរជាឈ្នះ ឯពេលប៉ះក្រុមកម្រិតទាប បែរជាចាញ់ទៅវិញមិនថាក្នុងក្របខ័ណ្ឌ Premier League និង Champions League ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមរបាយការណ៍ជាច្រើនបានលើកឡើងថា អតីតគ្រូបង្វឹកក្លិប Tottenham Hotspurs លោក Mauricio Pochettino អាចនឹងជាប់ទាក់ទងនឹងការមកជំនួសកន្លែង Solskjaer ប៉ុន្តែប្រធានក្លិបបិសាចក្រហមលោក Woodward បានបដិសេធការអះអាងទាំងនោះចោល។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយអមជាមួយនឹងស្ថានភាពហិរញ្ញវត្ថុប្រចាំត្រីមាសដំបូងរបស់ក្លិបបាននិយាយថា៖ «នៅលើទីលានខណៈពេលដែលនៅតែមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីទទួលបាននូវលទ្ធផលល្អជាប់ៗគ្នា យើងនៅតែប្តេជ្ញាទទួលយកនូវយុទ្ធសាស្ត្រនៃការដឹកនាំរបស់គ្រូបង្វឹក ហើយយើងក៏នៅតែបន្តអភិវឌ្ឍក្រុមជានិច្ច»។

«យើងខកខានលេងនៅមុខអ្នកគាំទ្ររបស់យើងយូរមកហើយ ហើយយើងក៏កំពុងខិតខំរួមគ្នាជាមួយគណៈគ្រប់គ្រង និងអាជ្ញាធរពាក់ព័ន្ធដើម្បីធានាថាអ្នកគាំទ្រអាចវិលត្រឡប់មកទស្សនាវិញដោយសុវត្ថិភាព» ៕