កុំឱ្យប្រវត្តិច្រំដែល! នេះជា ៨ចំណុចយល់ដឹង សម្រាប់អ្នកដែលធ្លាប់មានប្រវត្តិបែកបាក់គ្រួសារ ហើយគិតចង់រៀបការម្តងទៀត

//s9.kh1.co/e8/e8a00e09bf3e29020309ccca9d59d5381f10462a.jpg
យល់ដឹង

 ១១-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

គិតចង់សាងគ្រួសារម្តងទៀតមកយល់ដឹងពី៨ចំណុចសំខាន់ទាំងនេះ

ការបែកបាក់គ្រួសារ និងមានរឿងលែងលះគ្នា វាមិនមែនជារឿងដែលគ្រប់គ្នាប្រាថ្នាចង់បាននោះទេ តែប្រសិនជាមានបញ្ហា មិនអាចផ្សះផ្សារគ្នាបានយើងក៏មិនអាចទ្រាំរស់នៅជីវិតដែលគ្មានសុភមង្គលនេះដែរ។ តែការលែងលះមិនប្រាកដថាអ្នកត្រូវមើលទៅពិភពលោកក្នុងផ្លូវមិនល្អ ​ឬបិទបេះដូងខ្លួនឯងនោះទេ បើជួបមនុស្សល្អ ស្មោះត្រង់ ស្រលាញ់អ្នកពិតដោយមិនគិតអតីតកាលនោះទេ អ្នកអាចគិតគូអនាគតសាងគ្រួសារថ្មីបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាដើម្បីកុំឱ្យការរៀបការថ្មីជួបនឹងបញ្ហាដដែលៗនាំប្រេះឆា មកយល់ដឹង៨ចំណុចនៅពេលដែលអ្នកសម្រេចចិត្តរៀបការម្តងទៀតដូចខាងក្រោម ៖

១.​ បើកចិត្ត និងកុំខ្វល់អ្នកដទៃ

ពេលអ្នកមានគម្រោងនឹងរៀបការម្តងទៀត ច្បាស់ណាស់ប្រាកដជាមានពួកមាត់ចាបមាត់ព្រាប ក្តៅក្រហាយ និងសួរដេញដោលនឹងរឿងផ្ទាល់ខ្លួនរបស់អ្នក ដូចជាផែនការជីវិត លុយដែលអ្នកសល់ ទ្រព្យសម្បត្តិដែលអ្នកមាន និងពេលវេលាដែលអ្នកត្រូវបែងចែកយ៉ាងម៉េចជាមួយនឹងក្រុមគ្រួសាររបស់អ្នក ​ពិសេសគឺរឿងទាក់ទងនឹងចរិត ចំណូល និងស្ថានភាពដៃគូថ្មីរបស់អ្នក។ ដូច្នេះមិនបាច់ខ្វល់ទេ សុភមង្គលជារបស់អ្នក បើយល់ថាជ្រើសបានមនុស្សល្អហើយ នេះជាសេចក្តីសុខអ្នក ជាសុភមង្គលអ្នក កុំយកគំនិតអ្នកដទៃមកគិតធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងស្នេហារបស់អ្នកអី។

២. ពិភាក្សាពីការលំបាក និងបញ្ហាដែលត្រូវប្រឈមជាមួយគ្នាដោយបើកចំហរ

ពិភាក្សាគ្នា និងជជែកគ្នាឱ្យហើយពីផែនការជីវិត និងការរស់នៅប្រចាំថ្ងៃរាប់ចាប់ពីរឿងតូចតាចទៅ ដូចជាចំណូលចិត្តអាហារ កាលវិភាគប្រចាំថ្ងៃ និងរហូតដល់រឿងធំៗដូចជារឿងហិរញ្ញវត្ថុទូទៅ បញ្ហាទាក់ទងគ្រួសារសាច់ញាតិទាំងសងខាង ការចំណាយលុយកាក់លើការចិញ្ចឹមកូនៗ (អាចជាកូនគេ ឬកូនរបស់យើង)​ និងការប្រៀនប្រដៅ​ ឬការបង្កើតវិន័យដល់កូនៗ ។

ចូរបង្ហាញភាពស្មោះត្រង់ និងកុំលាក់លៀមនឹងគ្នាឱ្យសោះ ពីរឿងអតីតកាលរបស់ខ្លួន ពិសេសគឺត្រូវតែចេះបែកចែកហិរញ្ញាវត្ថុឱ្យបានត្រឹមត្រូវប្រសិនជាអ្នកមានអតីតប្តីប្រពន្ធ​និងកូនៗដែលត្រូវទទួលខុសត្រូវ តែក៏មិនអាចធ្វើឱ្យមានបញ្ហាលំបាកដល់គ្រួសារថ្មីដែលអ្នកបង្កើតដែរ។

https://s9.kh1.co/__image/w=564,h=845,q=100/d3/d3da06b5af468200e1582d8d742a2d4b7e7f3b02.jpg

៣. ប្រើពេលនៅជាមួយគ្នាតែ២នាក់​យ៉ាងហោច ៥ម៉ោងក្នុងមួយសប្តាហ៍

ការបង្កើតគ្រួសារថ្មីបន្ទាប់ពីបែកបាក់ ជឿថាម្នាក់ៗអាយុមិនតិចឡើយ ហើយក៏ជាវ័យដែលត្រូវប្រឹងប្រែងធ្វើការរកស៊ីខ្លាំង ឬអាចនឹងមានទំនួលខុសត្រូវលើការចិញ្ចឹមបីបាច់កូនៗ រហូតមិនសូវមានពេលវេលានៅជាមួយគ្នាឡើយ។ ដូច្នេះប្រសិនជាចង់ឱ្យការបង្កើតគ្រួសារថ្មីរបស់អ្នករឹងមាំ​ ហើយទំនាក់ទំនងស្នេហានៅតែផ្អែមល្ហែមស្អិតរហូត អ្នកត្រូវតែរកពេលវេលានៅជាមួយគ្នាឱ្យបានច្រើនតែ២នាក់ យ៉ាងហោចនា់ ៥ម៉ោងក្នុងមួយសប្តាហ៍​ ដោយអាចចំណាយពេលវេលាដើរកម្សាន្ត ញ៉ាំអាហារឆ្ងាញ់ៗនៅខាងក្រៅ​ ឬបង្កើតពេលវេលាផ្អែមល្ហែមស្និទ្ធស្នាលនៅក្នុងបន្ទប់គេង ដោយគ្មានក្មេងៗរំខានក៏បាន។

៤. កុំបៀមកំហឹង និងការអាក់អន់ស្រពន់ចិត្ត

ជឿថាឈ្មោះជាប្តីប្រពន្ធនឹងគ្នាប្រៀបបីដូចជាចាននៅក្នុងរាវ គង់តែមានរឿងមិនសប្បាយចិត្ត​ ខឹងគ្នា ឈ្លោះប្រកែគ្នា​ និងការអន់ចិត្តគ្នាជារឿងចៀសមិនផុតឡើយ។ ​យ៉ាងណាមិញ ប្រសិនជាចង់ឱ្យជីវិតប្តីប្រពន្ធមានសុភមង្គល ពេលមានរឿងមិនសប្បាយចិត្ត ខឹង និងអន់ចិត្តនឹងគ្នា អ្នកត្រូវតែបើកចិត្តនិយាយគ្នា បង្ហាញពីអារម្មណ៍ពិត និងរួមគ្នារកដំណោះស្រាយដោយសន្តិវិធី មិនត្រូវរក្សាកំហឹងទុក និងធ្វើឱ្យអារម្មណ៍ខឹងអន់ចិត្តលាក់ទុកក្នុងចិត្តនាំឱ្យកើតជាអារម្មណ៍មួយដែលមិនជ្រះស្រឡះឡើយ។ តែយ៉ាងណាចំពោះរឿងកំហឹង និងបញ្ហាអន់ចិត្តគ្នានេះអ្នកត្រូវតែរក្សាឯកជន និងដោះស្រាយតែ២នាក់បានហើយ មិនត្រូវឱ្យកូនៗដឹងដែលនាំគំរូមិនល្អ ឬឱ្យក្រុមគ្រួសារទាំងសងខាង មិត្តភក្តិ និងមនុស្សជុំវិញដឹង និងលូកដៃក្នុងរឿងអ្នកទាំង២នោះទេ។

https://s9.kh1.co/__image/w=650,h=488,q=100/e2/e2d21f922406d20105ca04fde7dd26358121484a.webp

៥. បំពេញតួនាទីជាម្តាយចុង ឬឪពុកចុងឱ្យបានល្អ

នៅពេលដែលអ្នកសម្រេចចិត្តសាងគ្រួសារជាមួយគ្នា អ្នកប្រាកដជាទទួលយកអតីតកាលគ្នាដោយមិនប្រកាន់នោះទេ ​ដូច្នេះការមើលថែ និងចិញ្ចឹមបីបាច់កូនរបស់ដៃគូរបស់អ្នកជារឿងចៀសមិនផុត ហើយក៏ជារឿងដែលអ្នកត្រូវទទួលយកផងដែរ។

ត្បិតម្តាយឪពុកចុង មិនដូចម្តាយបង្កើត តែនៅពេលដែលអ្នកអាចទទួលយកភាគីម្ខាងទៀតហើយ ចំណុចសំខាន់ដែលនាំោ្យជីវិតគ្រួសារថ្មីរបស់អ្នកមានក្តីសុខ គឺត្រូវតែស្រលាញ់កូនរបស់ប្តី ឬប្រពន្ធអ្នកដូចជាកូនបង្កើត យ៉ាងណាក៏ក្មេងមិនដឹងរឿងមនុស្សចាស់ៗទេ ក្មេងគ្មានកំហុសឡើយ អ្នកមិនត្រូវខឹងស្អប់ ឬមិនចុះសម្រុងនឹងកូនៗឡើយ ព្រោះវានាំឱ្យប៉ះពាល់ដល់ជីវិតប្តីប្រពន្ធថ្មីរបស់អ្នក ​ហើយជឿថាប្រសិនជាអ្នកអាចទទួលយក និងធ្វើចិត្តឱ្យទូលាយរឿងកូននេះបាន គ្រួសារថ្មីរបស់អ្នកនឹងមានតែសុភមង្គលជាមិនខាន។

https://s9.kh1.co/__image/w=564,h=845,q=100/a1/a1a76966343953a98a8211edba18846fe99dba03.jpg

៦. កុំនិយាយរឿងលែងលះ

ជឿថាទម្រាំតែដាច់ចិត្តទទួលយកគ្រួសារថ្មីក្រោយលែងលះជាមួយអ្នកមុន អ្នកប្រាកដជាឆ្លងកាត់ការពិចារណាយ៉ាងល្អិនល្អន់ហើយ ដូច្នេះហានិភ័យនៃការលែងលះមិនសូវជាមាននោះទេ។ តែយ៉ាងណាប្រសិនជាក្នុងដំណាក់កាលអ្នកមានបញ្ហា ឬជម្លោះជាមួយប្តីប្រពន្ធអ្នក ​អ្នកត្រូវតែមានចិត្តអំណត់​ ជាពិសេសកុំនិយាយពាក្យលែងគ្នាឱ្យសោះ តែត្រួវស្វែងរកដំណោះស្រាយរួមគ្នានោះគ្រួសារអ្នកនឹងមានក្តីសុខ។

៧. ទទួលយក និងរំពឹងទុក

ជីវិតគ្រួសារថ្មី វាមិនខុសពីការសាងគ្រួសារមុនដែលអ្នកឆ្លងកាត់នោះទេ ​អ្នកត្រូវរៀនធ្វើចិត្តអំណត់ និងតស៊ូចំពោះរឿងគ្រប់យ៉ាងដែលកើតឡើង ជាពិសេត្រូវតែព្យាយាមស្វែងយល់ និងយល់ចិត្តស្វាមី​ ឬភរិយាថ្មីរបស់អ្នក ​ពិសេសគឺកូនៗរបស់ពួកគេដោយស្រលាញ់កូនដូចជាកូនៗរបស់អ្នក។

https://s9.kh1.co/__image/w=236,h=354,q=100/65/6590f4b5ce22b95a810b6cc7d4896e8ac7305947.jpg

៨. រៀនអភ័យទោស

មិនថារឿងមិត្តភាព ឬស្នេហា ​ការសុំទោស ការដឹងកំហុស និងការអភ័យទោស គឺជារឿងដែលធ្វើឱ្យទំនាក់ទំនងរបស់អ្នកកាន់តែប្រសើរឡើង និងមានភាពយូរអង្វែង។​យ៉ាងណាមិញនៅក្នុងជីវិតប្តីប្រពន្ធ ការអត់ឱនឱ្យគ្នាគឺរឹតតែត្រូវតែប្រកាន់ភ្ជាប់ឱ្យបានច្រើន។ ដូច្នេះបើដឹងថាខ្លួនខុសត្រូវតែចេះសុំទោសគ្នា ​ហើយបើដឹងថាភាគីម្ខាងទៀតដឹងកំហុសអ្នកក៏ត្រូវតែបើកចិត្តអភ័យទោសអត់ឱនឱ្យគ្នាទើបជីវិតស្នេហាកាន់តែគង់វង្ស៕

https://s9.kh1.co/__image/w=564,h=704,q=100/0e/0ed7fc236fc0bad5b88e2734fdefefee5e0e1c09.jpg
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T