យល់ដឹង៖ ក្នុងរយៈពេលដ៏ខ្លី កម្ពុជាបានទទួលរង នៅការធ្លាក់ភ្លៀង ក្នុងកម្រិតពីមធ្យមទៅច្រើន និងឥទ្ធិពលនៃព្យុះ ជាហេតុបង្កឲ្យទៅជា គ្រោះទឹកជំនន់ ដែលបានធ្វើឲ្យលិចលង់ ផ្ទះសម្បែងប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន វត្តអារាម រួមទាំងដំណាំ សត្វចិញ្ចឹម ផ្សេងៗក៏ត្រូវបាន បំផ្លិតបំផ្លាញស្ទើរតែ ទាំងស្រុងផងដែរ។

បញ្ហាទឹកជំនន់នេះ មិនមែនកើតមានឡើងតែ នៅតាមបណ្តាខេត្ត ដែលនៅជាប់នឹងដងទន្លេ ស្ទឹង ជួរភ្នំដងរែកនិង ជួរភ្នំក្រវាញតែប៉ុណ្ណោះទេ។ តែនៅក្នុងរាជធានីភ្នំពេញ ក៏ទទួលរងនៅការវាយលុក ពីគ្រោះទឹកជំនន់ យ៉ាងធ្ងរធ្ងរផងដែរ។ ដែលរហូតមកទល់ពេលនេះ ផ្លូវមួយចំនួនត្រូវបានបិទ និងទទួលរង នៅការខូចខាតយ៉ាងខ្លាំង បង្កើតជាក្រឡុកនិងជង្ហក់ធំៗ ដែលបញ្ហានេះ បានក្លាយទៅជាទុក្ខកង្វល់ និងការព្រួយបារម្ភរបស់ ប្រជាពលរដ្ឋភាគច្រើន ព្រោះវាអាចបង្កជាគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរ លើដងផ្លូវទាំងឡាយបាន។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក៏មានករណីស្ត្រី២រូប បានបាត់បង់ជីវិត ព្រោះតែម្នាក់បានជិះម៉ូតូធ្លាក់រណ្តៅធ្វើលូ រហូតដល់ត្រូវបាតបង់ជីវិត នៅក្នុងរាជធានីភ្នំពេញ និងមួយករណីទៀត យុវតីមួយរូបបានដើរធ្លាក់ប្រលាយ នៅក្នុងខេត្តពោធិ៍សាត់ រហូតធ្វើឲ្យ បាត់បង់ជីវិតដូចគ្នាដែរ។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋខ្មែរទាំងអស់ បង្កើននៅការប្រុងប្រយ័ត្នបន្ថែមទៀត។ ប្រសិនបើផ្លូវមានកម្រិតទឹកលិចខ្លាំង បើសិនជាអាចជៀសបាន សូមកុំធ្វើដំណើរឲ្យសោះ ត្រូវព្យាយាមរកផ្លូវវាងផ្សេងដែល មិនមានស្ថានភាពលិចខ្លាំង អាចឲ្យយើង មើលឃើញផ្លូវបាន និងប្រសិនបើមិនអាចជៀសបាន ត្រូវជិះសន្សឹមៗ ឬចុះបណ្តើរ ដើម្បីធានាសុវត្ថិភាពយើង។ ព្រោះថានៅពេលដែល យើងជិះធ្លាក់ជង្ហក់ធំៗ វានឹងធ្វើឲ្យយើងផ្កាប់មុខចូលទៅក្នុងទឹក ប្រសិនបើអ្នកដែលអាច ចេះហែលទឹកប្រហែល អាចស្រវាងើប ត្រឡប់មកវិញបានលឿនតែ សម្រាប់អ្នកដែលមិនចេះហែលទឹក អាចនឹងពិបាកងើបឡើងវិញ ជាហេតុធ្វើឲ្យឈ្លក់ទឹក រហូតដល់បាត់បង់ជីវិតបាន។ តែយ៉ាងណាក៏ដោយ ប្រសិនបើអ្នកស្ថិត ក្នុងកាលៈទេសៈបែបនេះ អ្នកក៏ត្រូវពង្រឹងសា្មរតី ស្រវាទប់ម៉ូតូ ឬបើអាចត្រូវព្យាយាមធាក់ម៉ូតូ ច្រានខ្លួនឡើងលើ ដើម្បីអាចឲ្យអ្នកងើបចេញ ពីក្នុងទឹកនោះបាន។

* ចំណែកវិធីយករួចខ្លួននៅពេលដែលរថយន្តធ្លាក់ចូលក្នុងជង្ហក់ធំៗមានដូចជា៖

១. រឿងសំខាន់ទីមួយគឺ ត្រូវខំតាំងស្មារតី អោយបានល្អកុំឆ្លេឆ្លា ហើយព្យាយាមខំធ្វើសកម្មភាព អោយបានលឿនបំផុត ។
២. មិនបាច់ចំណាយពេល បើកទ្វារឡានទេ ព្រោះសម្ពាធទឹក រុញផ្ទប់ទ្វារធ្វើអោយ យើងបើកមិនរួចទេ។ តែអ្នកត្រូវប្រញាប់ ដោះខ្សែក្រវាត់ ហើយព្យាយាមចុចបើកកញ្ចក់ឡាន អោយបានរហ័សបំផុត។ បើករណី មិនអាចបើកកញ្ចក់បានទេ ត្រូវរកវិធីបំបែកកញ្ចក់ ដោយប្រើកែងដៃ វត្ថុរឹងមាំ មានមុខស្រួច ដែលអ្នកអាចស្រវាបាន នៅជិតខ្លួន។ល។
***ចំណាំ៖ អ្នកមិនគួរព្យាយាម បំបែកកញ្ចក់មុខ រឺ កញ្ចក់ក្រោយ នាំតែខាតពេលនោះទេ ព្រោះវារឹង មិនងាយបែកទេ។
៣. វិធីសាស្រ្តចុងក្រោយគឺ រង់ចាំអោយទឹកចូល ពេញក្នុងឡាន ធ្វើអោយ សម្ពាធខាងក្នុង និង ក្រៅស្មើគ្នា នោះយើងអាច បើកទ្វារបានហើយ តែ ត្រូវខំរក្សាដង្ហើម ។
៤. គួរមានឧបករណ៍ បំបែកកញ្ចក់សាគួរ ក្នុងឡានដើម្បីសុវត្ថិភាព។
៥. អាចវាយ កញ្ចក់សុវត្តិភាព នៅខាងលើ៕
ប្រភព៖ Talking About Car...