យល់ដឹង៖ ជានិច្ចជាកាល នៅពេលដែលស្ត្រី ចាប់ផ្តើមដឹងថា ខ្លួនមានផ្ទៃពោះ មិនថាទាំងប្តី ក្រុមគ្រួសារ និងសាមីខ្លួន ច្បាស់ជាចង់ដឹង អំពីភេទកូនដែល នៅក្នុងផ្ទៃឲ្យបានឆាប់ៗ តែបើតាមក្បួនវេជ្ជសាស្ត្រ ដើម្បីអាចដឹងពីភេទ កូនក្នុងផ្ទៃបាន ត្រូវរងចាំរហួតដល់ ការពរពោះនោះ បានរយៈពេល៤ខែ ទើបអាចពិនិត្យអេកូ រកភេទរបស់កូនបាន។
អ្នកខ្លះនៅពេលដែល គ្រប់ខែហើយ តែពេលទៅពិនិត្យអេកូមើល ភេទកូនជាច្រើនដងហើយ ក៏នៅតែមិនដឹង។ ម្យ៉ាងវិញទៀត ទឹកចិត្តឳពុកម្តាយ គ្រប់រូបសុទ្ធតែដូចៗគ្នា មិនអាចទ្រាំ រងចាំបានយូរនោះទេ ដូច្នេះហើយទើបបានជាឆ្លៀតរកវិធីសាស្ត្រផ្សេងៗដើម្បីពិនិត្យមើលភេទកូននៅក្នុងផ្ទៃតាមទម្លាប់ចាស់ៗបុរាណវិញ។
ហេតុដូច្នេះហើយ ខ្មែរឡូត នឹងនាំអារម្មណ៍ អ្នកម្តាយទាំងអស់គ្នា ទៅសាកល្បងតាមដាន ភេទកូនក្នុងផ្ទៃ តាមបែបវិធីសាស្ត្របុរាណមួយចំនួន ដែលអាចឲ្យឳពុកម្តាយថ្មីថ្មោង ធ្វើការកត់សម្គាល់ ដឹងពីភេទកូនដែលនៅក្នុងផ្ទៃ បានឆាប់រហ័សជាងមុនផងដែរ។
តោះចង់ដឹងថាមានវិធីសាស្ត្របែបណាខ្លះនោះសូមទៅតាមដានទាំងអស់គ្នា៖
១. ចង្វាក់បេះដូង

ប្រសិនបើចង្វាក់បេះដូង របស់ទារកលើសពី១៤០ចង្វាក់ ក្នុងមួយនាទី នោះគេអាចសម្គាល់បានថា ជាក្មេងស្រី។ ក៏ប៉ុន្តែ ប្រសិនបើទារកនោះ មានចង្វាក់បេះដូង ទាបជាងនេះ នោះគឺជាក្មេងស្រី។ ជាការពិត ទោះបីជារឿងនេះ ស្តាប់នៅមានលក្ខណៈ វិទ្យាសាស្ត្រក៏ដោយ ក៏មានការសិក្សាច្រើន ត្រូវបានធ្វើឡើង ដើម្បីប្រៀបធៀប អត្រាចង្វាក់បេះដូង របស់ទារករវាងភេទ ក្នុងពេលមានផ្ទៃពោះ ដោយមិនមានការជាប់ទាក់ទង ឬភាពផ្ទុយគ្នា គួរឲ្យកត់សម្គាល់ឡើយ។
២. រូបរាងនៃផ្ទៃពោះ

តាមការកត់សម្គាល់ តាមបែបប្រពៃណី បានឲ្យដឹងថា ប្រសិនបើផ្ទៃពោះ របស់ម្តាយលេចចេញមក ដូចជារាងបាល់ហើយ រាងធ្លាក់ចុះក្រោម នោះគឺជាក្មេងប្រុស។ តែប្រសិនបើគភ៌ របស់ម្តាយរដិបរដុប ហើយមានរាងប៉ោង មូលក្លុំនោះ តាមការយល់ឃើញ របស់ចាស់ៗជឿជាក់ថា ជាកូនស្រី។
៣. ចាញ់កូនខ្លាំងនៅពេលព្រឹក

បើយោងតាមការសិក្សា នៅក្នុងប្រទេសស៊ុយអែត បានបង្ហាញថា អាការៈចាញ់កូននៅពេលព្រឹកធ្ងន់ធ្ងរ ក្នុងត្រីមាសទី១ នោះគឺជាកូនស្រី។ ការរកឃើញនេះ ត្រូវបានគាំទ្រដោយ ការសិក្សាជាច្រើន ផ្សេងទៀត។ ទន្ទឹមនឹងនេះ ការសិក្សានៅមួយ នៃរដ្ឋអូហៃអូបានរកឃើញថា មានប្រតិកម្មឆ្លើយតប នឹងការរលាកកាន់តែខ្លាំង នៅក្នុងកោសិកាភាពសុំារបស់ស្ត្រី ដែលកំពុងតែពរពោះកូនស្រី មានន័យថា ពួកគេអាចងាយនឹងមានជំងឺជាង ស្ត្រីដែលពរពោះកូនប្រុស។
៤. ក្រហាយទ្រូង

ចំពោះស្ត្រីដែលក្រហាយទ្រូង អំឡុងពេលមានផ្ទៃពោះ អាចបង្ហាញថាទារក ជាកូនស្រីដែលមានសក់ច្រើន។ ជាទូទៅអាការៈនៃ ការប្រហាយទ្រូងនេះ កើតឡើងនៅពេលស្បួនរីកលូតលាស់ ហើយធ្វើការរុញច្រាន ក្រពះបណ្តាលឲ្យអាស៊ីតក្រពះ ធ្វើដំណើរទៅបំពង់អាហារ។ ក៏ប៉ុន្តែមធ្យោបាយនេះ មិនអាចធ្វើការសន្និដ្ឋាន បានច្បាស់នោះទេ។
៥. ទម្លាប់នៃការគេង

តាមការសម្គាល់ ស្ត្រីដែលមានគភ៌ ចូលចិត្តគេងបែរ ទៅខាងស្តាំនោះ កូនដែលនៅក្នុងផ្ទៃជាកូនស្រី ហើយប្រសិនបើ នាងចូលចិត្តគេង បែរខាងឆ្វេងជាប្រុស។ ក៏ប៉ុន្តែក្នុងករណីនេះ បើតាមការលើកឡើង របស់វេជ្ជ.ជំនាញ មួយចំនួនបានឲ្យដឹងថា ចំពោះស្ត្រីមានផ្ទៃពោះ ការដែលគេងបែរទៅខាងឆ្វេងដៃ ត្រូវបានគេចាត់ទុកថា ល្អជាងខាងស្តាំ ព្រោះវាបង្កើនចរាចរឈាម និងលំហូរសារធាតុចិញ្ចឹម ដល់ទារកបានល្អជាង។
៦. រសជាតិអាហារពេលចាញ់កូន

ការដែលស្ត្រី មានគភ៌ចូលចិត្តញុំា អាហារដែលប្រៃ ហឹរ ជូរ បង្ហាញថា កូនក្នុងផ្ទៃ ជាកូនប្រុស ចំណែកឯការញុំាបង្អែម និងផលិតផលទឹកដោះគោ បង្ហាញថាជាកួនស្រី។ ក៏ប៉ុន្តែជារួម ក្នុងអំឡុងពេលដែល កំពុងតែពរពោះ អ្នកម្តាយគ្រប់រូបមិនគួរ បរិភោគអាហារណា ដែលមានរស់ជាតិដិតខ្លាំង ហឹរ ប្រៃ ខ្លាំងពេកនោះទេ ព្រោះវាអាចប៉ះពាល់ ដល់សុខភាពទារកក្នុងផ្ទៃខ្លាំង។
៧. ការប្រែប្រួលនៃរូបរាងម្តាយ

អ្នកខ្លះលើកឡើងថា ប្រសិនបើក្នុងអំឡុងពេល ពរពោះស្បែករបស់ម្តាយ ក្លាយជាភ្លឺរលោងហើយទន់ នោះកូនដែល នៅក្នុងផ្ទៃជាកូនស្រី តែប្រសិនបើ ស្បែកប្រែជាស្រអាប់ ហើយស្ងួតនោះ ជាកូនប្រុស៕