យល់ដឹង៖ តើអ្វីទៅដែលហៅថាជា«ជំងឺបាក់ទឹកចិត្ត»ឬ «Depression» ? «ជំងឺបាក់ទឹកចិត្ត» គឺជាការធ្លាប់ចុះនៃអារម្មណ៍ ដែលនាំឲ្យមានការក្រៀមក្រំ បាត់បង់ភាពសប្បាយរីករាយ និងបាត់បង់ការចាប់អារម្មណ៍ លើវត្ថុផ្សេងៗដែលនៅជុំវិញខ្លួន ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជារៀងរាល់ឆ្នាំ មានមនុស្សជាមធ្យម៨សែននាក់ ដែលបានធ្វើអត្តឃាត។ បើយោងតាមការសិក្សាស្រាវជ្រាវ នៅក្នុងឆ្នាំ២០១៧ គេបានរកឃើញថា មានមនុស្សប្រមាណជា៦.៨ភាគរយ នៃចំនួនប្រជាជនសរុបទៅហើយ ដែលមានជំងឺបាក់ទឹកចិត្ត។ ក្នុងចំណោមនោះ គឺមានមនុស្សស្រី៤.១ភាគរយ និងមនុស្សប្រុស២.៧ភាគរយ។

ជំងឺបាក់ទឹកចិត្ត គឺជាជំងឺមួយដ៏កាចសាហាវ ដែលវាអាចបំផ្លាញមនុស្សបានដោយមិនដឹងខ្លួន វាអាចកើតឡើងទៅលើ មនុស្សគ្រប់ស្រទាប់វណ្ណៈទាំងអស់ នៅក្នុងសង្គមមិនថាចាស់ ក្មេង ប្រុសស្រី មានក្រ ឬជាតិសាសន៍ណាមួយឡើយ។ ហើយជំងឺបាក់ទឹកចិត្តនេះ វាក៏មានឥទ្ធិពល ដល់ខាងផ្នែកអារម្មណ៍ ការគិតពិចារណា និងជីវិតរស់នៅប្រចំាំថ្ងៃ របស់អ្នកជំងឺផងដែរ។

ហើយមូលហេតុ ដែលបណ្ដាលឲ្យកើតមាន ជំងឺធ្លាក់ទឹកចិត្តនេះគឺ បណ្ដាលមកពីការបាត់បង់អ្វីម្យ៉ាងដូចជា ការបាត់បង់មនុស្សជាទីស្រលាញ់ ជួបវិបត្តិសេដ្ឋកិច្ច បញ្ហាក្នុងគ្រួសារ ការងារ ឬក៏ការទទួលរង នូវការរំលោភបំពានទាំងផ្លូវកាយ ផ្លូវចិត្ត សម្ពាធផ្លូវចិត្តនិង ភាពអាម៉ាស់ដោយ ប្រការណាមួយជាដើម។ល។

យោងតាមការសិក្សា បានឲ្យដឹងថា អាការៈនៃជំងឺបាក់ទឹកចិត្ត តាមរយៈការបែងចែក ចំណាត់ថ្នាក់ របស់អង្គការសុខភាពពិភពលោក រោគសញ្ញានៃជំងឺបាក់ទឹកចិត្ត មានចំនួន១០គឺ៖
១៖ មានការពិបាកចិត្តជាប្រចាំ
២៖ បាត់បង់ចំណង់ចំណូលចិត្តធ្វើអ្វីទាំងអស់
៣៖ គេងមិនលក់
៤៖ មានអារម្មណ៍អន្ទះអន្ទែង
៥៖ ពិបាកប្រមូលអារម្មណ៍ ឬ ពិបាកសម្រេចចិត្ត
៦៖ បាប់បងទំនុកចិត្តលើខ្លួនឯង
៧៖ ញុំាអាហារតិច ឬ ច្រើនខុសធម្មតា
៨៖ ស្អប់ខ្លួនឯង
៩៖ ឆាប់ហត់ ឬ ឆាប់អស់កម្លាំង
១០៖ ចង់សម្លាប់ខ្លួន

ហើយសម្រាប់ អ្នកដែលមានលេចឡើង នៅអាការៈដូចខាងលើជាប់ជាប្រចាំ ចាប់ពី២ សប្តាហ៍ឡើងទៅ នោះអាចចាត់ទុកថា អ្នកកំពុងវិវត្តន៍ខ្លួន ទៅជាអ្នកជំងឺបាក់ទឹកចិត្ត។ ក្នុងនោះជំងឺបាក់ទឹកចិត្ត ត្រូវបានគេបែងចែក ជាបីកម្រិតខុសគ្នាគឺ៖ ស្រាល មធ្យម និង ធ្ងន់ ។ ក្នុងករណីប្រសិនបើអ្នក ចាប់ផ្តើមមានអាការៈ៤ ក្នុងចំណោមចំណុចទាំង១០ ខាងលើដកការសម្លាប់ខ្លួនចេញ នោះគេចាត់ទុកថាជា អ្នកជំងឺកម្រិតស្រាល ចាប់ពី៥ទៅ៦ នៃចំណុចខាងលើដកការសម្លាប់ខ្លួនចេញ ជាអាការៈមធ្យម និង ចាប់ពី ៧ចំនុចឡើងទៅ គឺអាចចាត់ទុកជាអាការៈធ្ងន់ធ្ងរ បូករួមនឹង ការព្យាយាមប៉ង សម្លាប់ខ្លួនផងដែរ។

ក្នុងនោះដែរ លោកស៊ីវ ចន្ត្រា ជានិសិត្សដែលបានបញ្ចប់ ថ្នាក់អនុបញ្ឌិត ផ្នែកវិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យBeijing Jiaotong លោកក៏ជាអ្នក ជម្ងឺបាក់ទឹកចិត្ត ហើយធ្លាប់បាន ប៉ងសម្លាប់ខ្លួន អស់ជាច្រើនលើកច្រើនសារបាន មកចូលរួមចែករំលែកបទពិសោធន៍ យ៉ាងដូច្នេះថា លោកបានធ្លាក់ខ្លួនក្លាយទៅជា អ្នកជំងឺបាក់ទឹកចិត្ត ក្នុងកម្រិតមួយដ៏ធ្ងន់ធ្ងរ។ ពោលកន្លងមក លោកធ្លាប់បានព្យាយាម សម្លាប់ខ្លួនរហូតដល់ទៅ៤ដង មកហើយតែមិនបានសម្រេច។

ដែលចុងក្រោយនេះ លោកក៏ធ្លាប់បានឡើងទៅលើភ្នំបូកគោ ដើម្បីប៉ុនប៉ងសម្លាប់ខ្លួនតែជាសំណាង មិនបានសម្រេច។ បន្ទាប់ពីលោកស៊ីវ ចន្ត្រា ត្រូវបានសង្គ្រោះជីវិតហើយ ក្រោយមកលោកក៏ទទួលបាន នៅការព្យាបាលពីគ្រូពេទ្យពូកែមួយរូប ដោយការព្យួរសឺរូម និងលេបថ្នាំជាដើម។ វាជារឿងមួយដ៏អស្ចារ្យ ព្រោះគ្រាន់តែព្យួរសឺរូម និង លេបថ្នាំបានមួយថ្ងៃចន្ត្រា ក៏ហាក់មានអារម្មណ៍ថា ជាសះស្បើយបាន ៧០ ភាគរយទៅហើយ។ បន្ទាប់មកលោកក៏បាន សម្រេចចិត្តទៅស្នាក់នៅ កន្លែងស្ងប់ស្ងាត់ល្អមួយ ដើម្បីរៀនពីបច្ចេកទេសតាំងសមាធិ សម្រួលដល់អារម្មណ៍ និងផ្លូវចិត្តរបស់លោក ។

ក្នុងពេលនោះហើយ ដែលបានធ្វើឲ្យលោកស៊ីវ ចន្ត្រា បានយល់ច្បាស់ពី ឬសគល់នៃជំងឺបាក់ទឹកចិត្ត។ លោកបានលើកឡើងថា៖
ជម្ងឺនេះកើតឡើង នៅពេលដែលចិត្តរបស់យើងប្រតិកម្មទៅនិងបញ្ហា។ ចិត្តរបស់មនុស្សភាគច្រើនមានលក្ខណៈរពិលរប៉ូចពោរពេញដោយភាពលោភៈទោសៈនិងមោហៈ។ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ យើងតែងតែជួបបញ្ហាពេលខ្លះរឿងដែលយើងចង់បាន មិនកើតឡើងទេហើយរឿងដែលយើងមិនចង់បាន បែរជាកើតឡើងទៅវិញនៅពេលដែលចិត្តយើង គ្មានសណ្តាប់ធ្នាប់យើងនឹងយករឿងទាំងនោះ មកគិតដដែរៗរហូតដល់ស្មុគស្មាញ ពេញខួរក្បាលក៏បណ្តាលឲ្យកើត ជំងឺបាក់ទឹកចិត្ត។ដើម្បីព្យាបាលជំងឺនេះ គឺយើងត្រូវលាងសម្អាតចិត្តកខ្វក់នោះចេញដោយធ្វើការវះកាត់ដល់ទីជម្រៅ នៃចិត្តតាមរយៈការតាំងសមាធិដើម្បីជំនួសមកវិញនៅសេចក្តីមេត្តាករុណាមុទិតា និងឧបេក្ខា នៅពេលនោះហើយជំងឺផ្លូវចិត្តនឹងរលឺងដាច់ឬសគល់។ ឥឡូវនេះខ្ញុំបានជា សះស្បើយ៩០ភាគរយហើយ។

ដូច្នេះសម្រាប់វិធី ការពារផ្លូវចិត្តខ្លួនឯង ដើម្បីកុំឲ្យធ្លាក់ទៅជា ជំងឺបាក់ទឹកចិត្តនេះ អ្វីដែលសំខាន់បំផុតនោះគឺ រក្សាលំនឹងចិត្តខ្លួនឯង ឲ្យបានរឹងមាំល្អ រឿងដែលមិនចាំបាច់កុំយកមកទុក ក្នុងចិត្តច្រើនពេក ហើយរៀនទទួលស្គាល់ការពិត។ ឧទាហរណ៍ថា ប្រសិនបើយើងកំពុងតែ ជួបនៅបញ្ហាណាមួយ ហើយយើងព្យាយាមអស់លទ្ធភាពទៅហើយ នៅតែមិនអាច ដោះស្រាយបានទៀត។
ដូច្នេះយើងគួរតែរៀន ទទួលស្គាល់ការពិតថា បញ្ហានោះយើងពិតជា ដោះស្រាយមិនបានមែន កុំមានៈ ហើយក៏កុំយកវាមកគិតដដែលៗ នាំឲ្យកើតជាទុក្ខចងរឹតចិត្តយើង។ តែយើងគួរតែរៀនរំងាប់ចិត្ត រៀនទប់លំនឹងចិត្តយើងឲ្យបានល្អ កុំប្រតិកម្មនឹងរឿង ទាំងអស់នោះខ្លាំងពេក រំសាយអារម្មណ៍ ធ្វើខ្លួនឲ្យសប្បាយៗ ព្រោះរឿងដែលបានកើតឡើង គឺវាបានកន្លងហួសទៅហើយ យើងក៏មិនអាចកែប្រែអ្វីវិញបានដែរ។

ជាចុងក្រោយ ក្នុងនាមលោក ស៊ីវ ចន្ត្រា ដែលជាអ្នកដែលធ្លាប់ជួបប្រទះ និងជាអ្នកដែលធ្លាប់មានជំងឺបាក់ទឹកចិត្ត មួយរូបផងដែរនោះក៏ សូមផ្តាំផ្ញើទៅកាន់ អ្នកដែលកំពុងតែប្រឈមមុខនឹង ជំងឺបាក់ទឹកចិត្តទាំងអស់គ្នាថា ត្រូវព្យាយាមរឹងប៉ឹង រក្សាលំនឹងចិត្តយើងឲ្យបានរឹងមាំ ហើយកុំព្យាយាមប្រមូលផ្តុំ នៅបន្ទុកដែលនាំឲ្យ អារម្មណ៍យើងមិនល្អ យកមកដាក់ក្នុងចិត្តយើងច្រើនពេក ត្រូវរៀនចេះស្រាយវា បើគិតថារឿងនោះធ្វើឲ្យយើងពិបាកចិត្ត ហើយមិនអាចដោះស្រាយបានទេនោះ ត្រូវតែដកវាចេញពីក្នុងចិត្តរបស់យើង។ ជារួមនៅពេលដែលយើង អាចរៀនដកយកបញ្ហាទាំងនោះចេញ រៀនចេះពង្រឹងលំនឹងចិត្តខ្លួនឯង ឲ្យរឹងមាំហើយនោះ យើងក៏នឹងអាចរួចផុតពីជំងឺបាក់ទឹកចិត្តដូចជារូបខ្ញុំអញ្ចឹង ក្នុងពេលនោះហើយដែលអ្នក អាចមើលឃើញពិភពលោកយើង ស្រស់ស្រាយម្តងទៀត ដែលវាមិនអួលអាប់ ដូចទៅនឹងអ្វីដែលអ្នក កំពុងតែបានឃើញនេះទេ ៕