ខេត្តបន្ទាយមានជ័យ៖ អាងត្រពាំងថ្មក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍ ប្រកបដោយភាពទាក់ទាញប្រចាំខេត្តបន្ទាយមានជ័យ ដែលមានភ្ញៀវជាតិ និងអន្តរជាតិ ទៅលេងកម្សាន្ត ងូតទឹក និងគយគន់ជីវៈចំរុះផ្សេងៗជាហូរហែរទំាងថ្ងៃឈប់សម្រាក បុណ្យជាតិ ឬថ្ងៃធម្មតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាន អះអាងថា បច្ចុប្បន្ននេះអាជ្ញាធរបានអភិវឌ្ឍន៍អាងទឹកត្រពាំងថ្មដែលជាស្នាដៃបន្សល់ទុកពីសម័យ ប៉ុល ពត អោយប្រែក្លាយទៅជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអាចទៅលេងកម្សាន្តងូតទឹក និងជិះទូកមើលធនធានធម្មជាតិជាច្រើន ជាពិសេសសត្វកម្រដែលជិតផុតពូជ។
ថ្លែងក្នុងសន្និសទីសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា នាទីស្តីការគណៈរដ្ឋមន្រ្តី លោកអភិបាលខេត្តបានឲ្យដឹងថា ភ្ញៀវទេសចរជាច្រើន ដែលបានទៅលេងកម្សាន្តនៅរមណីយដ្ឋានអាំងត្រពាំងថ្មភាគច្រើន ជិះទូកកម្សាន្តមើលធនធានធម្មជាតិ និងសត្វដែលកម្រដូចជា សត្វក្រៀល ត្រដក់ធំ ត្រដក់តូច និងត្រយងចង្កំកស ជាដើម។
លោកបន្តថា រដ្ឋបាលខេត្តកំពុងជំរុញការអភិវឌ្ឍនិងផ្សព្វផ្សាយពីសក្តានុពលបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យទៅលេងកម្សាន្តនៅតំបន់នោះកាន់តែច្រើន។
សូមបញ្ជាក់ថា ក្នុងខេត្តបន្ទាយមានជ័យមានរមណីយដ្ឋានប្រវត្តិសាស្រ្ត២កន្លែង រមណីយដ្ឋានធម្មជាតិ៥កន្លែង និងរមណីយដ្ឋានកែឆ្នៃ៤កន្លែង ក្នុងនោះរមណីយដ្ឋានអាងទឹកត្រពាំងថ្ម ស្ថិតនៅទិសឦសាននៃខេត្តបន្ទាយមានជ័យ គ្របដណ្តប់ដោយភូមិចំនួន៣ គឺភូមិត្រពាំងថ្មខាងជើង ភូមិសំបូរ និងភូមិពង្រ ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ជាប់ខេត្តសៀមរាប និងឧត្តរមានជ័យ ៕