គិតវិជ្ជមាន! តោះ​​មករៀនលើកទឹកចិត្តខ្លួនឯងតាមវិធីទាំង​៥​នេះ​

//s5.kh1.co/5d/5d744ce19c0cbe842908431ad4818d92f5494625.jpg
យល់ដឹង

 ២៥-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការមានទំនុកចិត្តលើខ្លួនឯងគឺជារឿងសំខាន់ដែលមនុស្សម្នាក់ៗគួរមាន!

ការមានទំនុកចិត្តលើខ្លួនឯងគឺជារឿងសំខាន់ដែលមនុស្សម្នាក់ៗគួរមាន។ មិនថាអ្នកកើតមកមានរូបសម្បត្តិបែបណា មានស្ថានភាពគ្រួសារបែបណា ឬក៏មានជីវិតមិនសមប្រកបយ៉ាងណាក៏ដោយ អ្នកមិនត្រូវភ្លេចនោះទេថាការជឿជាក់លើខ្លួនឯង គឺកូនសោសំខាន់ដែលជួយឲ្យអ្នកអាចធ្វើដំណើរនៅលើផ្លូវជីវិតបានដោយមិនព្រមចុះចាញ់មិនថា អ្នកបានជួបរឿងអ្វីក៏ដោយចុះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រើសិនបើអ្នកកំពុងមានអារម្មណ៍ថា កំពុងតែមើលងាយខ្លួន ឬមិនចូលចិត្តខ្លួនឯងជាខ្លាំង សូមអ្នកបញ្ឈប់គំនិតនោះជាបន្ទាន់ ហើយសាកល្បងងាកមកធ្វើតាមចំណុចទាំង៥នេះទៅមើល ថាមិនត្រូវអ្នកប្រហែលជាអាចចាប់ផ្តើមមើលឃើញពីភាពសំខាន់របស់ខ្លួន ព្រមទាំងបង្កើនជំនឿចិត្តឲ្យខ្លួនរបស់អ្នកកាន់តែច្រើនក៏ថាបាន។

១. ឈប់យកខ្លួនរបស់អ្នកទៅប្រៀបធៀបជាមួយអ្នកដទៃ

រូបតំណាង
រូបតំណាង

មិនថាជារូបរាង ការសិក្សា ឬក៏គ្រួសារ អ្នកមិនគួរយកខ្លួនរបស់អ្នកទៅប្រៀបធៀបជាមួយមិត្តរបស់អ្នកនោះឡើយ។ ការប្រៀបធៀបមិនមែនជារឿងល្អនោះទេ ព្រោះមនុស្សដែលចូលចិត្តប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃច្រើនតែធ្វើឲ្យខ្លួនឯងមានអារម្មណ៍ថាច្រណែន ហើយប្រសិនបើអារម្មណ៍នោះកាន់តែខ្លាំង វានឹងកាន់តែធ្វើឲ្យអ្នកពិបាកនៅក្នងខ្លួន ហើយក៏កាន់តែស្អប់ខ្លួនឯង។

ការចាប់អារម្មណ៍លើភាពមានបានរបស់អ្នកដទៃ ទៅលើស្នាដៃដែលពួកគេធ្វើបាន ទៅលើជំនាញដែលពួកគេពូកែជាងអ្នក វានឹងធ្វើឲ្យជំនឿចិត្តដែលអ្នកមាននៅលើខ្លួនឯងកាន់តែតិចទៅៗ ហេតុនេះហើយប្រសិនបើអ្នកកំពុងតែធ្វើការប្រៀបធៀបខ្លួនរបស់អ្នកទៅនឹងនរណាម្នាក់ អ្នកត្រូវរម្លឹកខ្លួនឯងថាការធ្វើបែបនេះ វាគ្មានប្រយោជន៍នោះទេ មនុស្សគ្រប់គ្នាកំពុងរត់ប្រណាំងនៅលើផ្លូវជីវិតដែលមិនដូចគ្នា ហើយសូមចងចាំថាជីវិត គឺមិនមែនជាការប្រកួតប្រជែងឈ្នះចាញ់ឡើយ។

២. មើលថែសុខភាពរបស់អ្នកឲ្យបានល្អ

រូបតំណាង
រូបតំណាង

អ្នកមិនអាចមានអារម្មណ៍ល្អនោះទេ បើអ្នកធ្វើបាបខ្លួនឯងពេក ការដែលអ្នកគេងបានតិច ញ៉ាំអាហារមិនល្អ សម្រកទម្ងន់តាមវិធីមិនត្រឹមត្រូវ ​មិនធ្វើការហាត់ប្រាណ គឺសុទ្ធតែគំរាមកំហែងដល់សុខភាពរបស់អ្នកទាំងអស់។ ការមើលថែខ្លួនឯងគឺជារឿងសំខាន់ទីមួយដែលអ្នកគួរតែធ្វើ ព្រោះកាលណាអ្នកមានសុខភាពល្អ មានកម្លាំងកំហែងពេញខ្លួនអ្នក នឹងមានអារម្មណ៍ថាមានទំនុកចិត្តលើខ្លួនឯង ដោយមិនបាច់ខំប្រឹងនោះឡើយ។

៣. រៀនលើកទឹកចិត្តខ្លួនឯង

រូបតំណាង
រូបតំណាង

អ្នកអាចលើកទឹកចិត្តខ្លួនឯងតាមរបៀបជាច្រើនរួមមាន ការនិយាយលួងលោមខ្លួនឯងនៅពេលដែលអ្នកបានធ្វើនូវកំហុសអ្វីមួយ ឬក៏បានជួបនូវរឿងបរាជ័យណាមួយ។ ការបន្ទោសខ្លួនឯងមិនមែនជាវិធីល្អដែលជួយជំរុញទឹកចិត្តរបស់អ្នកនោះទេ តែវាកាន់តែធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ និងអាចស្អប់ខ្លួនឯងទៀតផង។ ជាជាងគិតថា "ម្តេចបានជាខ្ញុំល្ងង់បែបនេះ? "ប្តូរមកជាគិតថា" អ្នកណាក៏មានកំហុសដែរ មិនមែនត្រូវរហូតនោះទេ "វិញល្អជាង វាគួរតែអាចជួយឲ្យអ្នកមានអារម្មណ៍ល្អ ទោះជាពេលនោះអ្នកមិនបានធ្វើវាឲ្យល្អដូចជាអ្នករំពឹងទុកក៏ដោយចុះ។

កុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក ហើយក៏កុំហៅឈ្មោះរបស់អ្នកគ្រប់ពេលដែលមានកំហុសនោះដែរ ព្យាយាមនិយាយទៅកាន់ខ្លួនឯងឲ្យដូចជាពេលដែលអ្នកកំពុងនិយាយទៅកាន់មិត្តណាម្នាក់ ទុកពេលឲ្យខ្លួនឯងបានដកដង្ហើម សើចរីករាយដាក់ខ្លួនឯង ហើយរម្លឹកខ្លួនឯងថា សូម្បីតែទេវតាក៏ធ្វើខុសដែរ ទៅរាប់អីហ្នឹងមនុស្សដូចជាយើង?

៤. ប្រឈមមុខជាមួយការភ័យខ្លាចរបស់ខ្លួនឯង

រូបតំណាង
រូបតំណាង

ប្រហែលជាថ្ងៃនេះអ្នកចង់បបួលនរណាម្នាក់ចេញទៅក្រៅ ប៉ុន្តែព្រោះតែអ្នកគិតថាអ្នកនៅមិនទាន់មានភាពក្លាហានគ្រប់គ្រាន់ ទើបអ្នកបានផ្អាកគម្រោងនោះសិន ដោយរង់ចាំឲ្យខ្លួនឯងមានគ្រប់យ៉ាងសិន ទើបពិចារណាលើរឿងណាត់នោះម្ដងទៀត ប៉ុន្តែពេលខ្លះវិធីដែលធ្វើឲ្យអ្នកមានទំនុកចិត្តលើខ្លួនឯង គឺការដែលអ្នកទៅធ្វើរឿងនោះតែម្ដងដោយមិនរារែកច្រើនទៅវិញទេ។

ការរៀនជម្នះភាពភ័យខ្លាចរបស់ខ្លួនឯង​ គឺជាវិធីដែលអាចជួយបង្កើតទំនុកចិត្តដល់ខ្លួនឯង បានយ៉ាងប្រសើរ ហើយបើទោះជាអ្នកភ័យខ្លាចថាអ្នកអាចនឹងខ្មាសគេ ភ័យខ្លាចថាខ្លួននឹងធ្វើមិនបានល្អក៏ដោយ ក៏អ្នកគួរតែសាកមើលសិនដែរ។ ជាឧទាហរណ៍ ប្រសិនបើថ្ងៃស្អែកនេះអ្នកត្រូវទៅសម្ភាសន៍ការងារនៅក្រុមហ៊ុនដ៏ធំមួយ មិនថាអ្នកមានអារម្មណ៍ថាតានតឹងយ៉ាងណា ភ័យខ្លាចយ៉ាងណាក៏អ្នកមិនត្រូវបោះបង់ចោលនោះដែរ អ្នកអាចហ្វឹកហាត់ការសម្ភាសន៍សាកល្បងជាមួយគ្រួសាររបស់អ្នក ឬក៏ជា មួយមិត្តក៏បាន វាសុទ្ធតែជួយផ្តល់ទំនុកចិត្តដល់អ្នកបានទាំងអស់។

៥. សាកល្បងប្រឆាំងជាមួយខួរក្បាល

រូបតំណាង
រូបតំណាង

ពេលខ្លះខួរក្បាលបានបញ្ជាអ្នកមិនឲ្យនិយាយ ឬក៏មិនឲ្យអ្នកធ្វើនូវរឿងអ្វីមួយ វាបានប្រាប់អ្នកថាអ្នកមិនសមនឹងធ្វើរឿងនោះឡើយ ឬមិនអ៊ីចឹងទេក៏ប្រាប់អ្នកថាធ្វើទៅមិនជោគជ័យដដែល តើធ្វើដើម្បីអ្វី? ប៉ុន្តែអ្នកគួរតែដឹងដឹងថា វិធីដែលល្អបំផុតដើម្បីបំបាត់គំនិតអវិជ្ជមានទាំងនោះ នោះគឺការផ្ចាញ់ផ្ចាលនឹងវា។

អ្នកអាចសាកល្បងធ្វើនូវរឿងមួយចំនួនដែលខួរក្បាលបានប្រាប់អ្នកថាអ្នកធ្វើមិនបាន ហើយប្រាប់ខ្លួន ឯងថានោះគឺជាបទពិសោធន៍ ហើយតើការធ្វើបែបនោះនឹងធ្វើឲ្យអ្នកក្លាយជាបែបណា។ ឆ្លងកាត់ការសាកល្បងទាំងនោះ អ្នកប្រហែលជាអាចរៀនបានថា ការធ្វើអ្វីមួយដោយការមិនស្រួលចិត្ត ការបង្កឲ្យមានកំហុសខ្លះៗគឺមិនបានអាក្រក់ទាំងអស់នោះទេ ហើយសូមចងចាំថាគ្រប់ពេល ដែលអ្នកបានឆ្លងកាត់នូវរឿងពិបាក វាស្មើនឹងការដែលអ្នកក៏បានបន្ថែមទំនុកចិត្តដល់ខ្លួនឯងបន្ថែមទៀតផងដែរ។

មនុស្សគ្រប់គ្នាគឺសុទ្ធតែបានជួបប្រទះនូវបញ្ហាគ្មានទំនុកចិត្តលើខ្លួនឯងនេះ យ៉ាងហោចណាស់ក៏ពីរបី ដងដែរនៅក្នុងជីវិតរស់នៅ ប៉ុន្តែអ្នកមិនគួរឲ្យបញ្ហានោះមកប៉ះពាល់ដល់ការងារ ការទំនាក់ទំនង ការសិក្សារៀនសូត្រនោះឡើយ។ ប្រសិនបើអ្នកកំពុងជួបបញ្ហានោះ ហើយគិតថាអ្នកមិនអាចគ្រប់គ្រង វាបាន អ្នកអាចទៅរកអ្នកជំនាញណាម្នាក់ឲ្យជួយ អ្នកបានព្រោះវានឹងអាចក្លាយទៅជាបញ្ហាផ្លូវចិត្ត ប្រសិនបើអ្នកបន្តធ្វើបាបខ្លួនឯងបែបនេះ។

ខណៈពេលជាមួយគ្នានេះដែរ ការមានទំនុកចិត្តលើខ្លួនឯងជ្រុលពេកវាក៏ជាបញ្ហាមួយដែរ ព្រោះបើកាលណាអ្នកមានទំនុកចិត្តលើខ្លួនឯងពេក អ្នកនឹងលែងចង់ធ្វើអ្វីទៀតហើយ ដោយហេតុថាអ្នកគិតថាអ្នកចេះគ្រប់យ៉ាងទើបធ្វើឲ្យអ្នកមិនចង់រៀន មិនចង់ត្រៀមខ្លួ​នទុកជាមុន ហើយក៏មិនខ្វល់ពីអ្វីទាំងអស់ ។ សរុបមកការមានទំនុកចិត្តលើខ្លួនឯងក្នុងកម្រិតដ៏សមស្របមួយ គឺជារឿងសំខាន់បំផុត៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T