ប្រសិនជាយើងមានអារម្មណ៍អស់កម្លាំងល្ហិតល្ហៃ នេះអាចជារោគសញ្ញានៃការខ្វះគ្រាប់ឈាមក្រហមដែលកើតឡើងពេលកោសិកាឈាមក្រហមចុះទាប។ ក្នុងករណីសង្ស័យថាគ្រាប់ឈាមក្រហមថយចុះ យើងត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះថាការថយចុះនេះអាចបណ្ដាលមកពីយើងមានបញ្ហាសុខភាព។ នៅពេលកោសិកាឈាមក្រហមថយចុះក្រៅពីទៅពិភាក្សាជាមួយគ្រូពេទ្យ យើងអាចបង្កើនគ្រាប់ឈាមក្រហមបានតាមរយៈរបបអាហារទាំងនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ជាតិដែក
ការញ៉ាំអាហារមានជាតិដែកអាចបង្កើនការផលិតកោសិកាឈាមក្រហមរបស់រាងកាយ។ អាហារសំបូរជាតិដែករួមមាន៖
- សាច់សត្វ និងសាច់ត្រី
- គ្រឿងក្នុងសត្វដូចជាក្រលៀន និងថ្លើម
- ផលិតផលសណ្ដែកសៀងមានតៅហ៊ូ
- បន្លែពណ៌បៃតងដូចជាស្ពៃពួយឡេង និងkale
- ផ្លែឈើក្រៀមមានផ្លែព្រូន និងទំពាំងបាយជូរក្រៀម
- ផ្កាខាត់ណាខៀវ
- ពពួកសណ្ដែកពណ៌បៃតង
- ស៊ុត។
២. អាស៊ីតហ្វូលិក
អាស៊ីតហ្វូលិកគឺជាវីតាមីន B មួយប្រភេទដែលយើងគួរបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃ។ អាហារសំបូរដោយអាស៊ីតហ្វូលិក (វីតាមីន B9)មាន៖
- សាច់គោ
- ស្ពៃពួយឡេង
- បាយ
- សណ្ដែកដី
- សណ្ដែកក្រហម
- ផ្លែបឺរ
- សាលាដ។
៣. ការជួយរាងកាយស្រូបយកជាតិដែក
ការជួយរាងកាយក្នុងស្រូបយកជាតិដែកគឺអាចជួយដល់ការផលិតកោសិកាឈាមក្រហម។ អាហារសំបូរដោយវីតាមីន C ដូចជាពពួកផ្លែក្រូច ស្ត្របឺរី និងបន្លែពណ៌បៃតងអាចជួយបង្កើនបរិមាណជាតិដែកដែលរាងកាយស្រូបយក។ ក្រៅពីវីតាមីន C វីតាមីន A និងBeta-carotene ក៏ជួយរាងកាយឲ្យស្រូបយកជាតិដែកដែរ។ អាហារដែលសំបូរដោយវីតាមីន Aមាន សាច់ត្រី ថ្លើម ល្ពៅ និងដំឡូងជ្វា។ ចំណែកឯអាហារដែលមាន beta-carotene រួមមានបន្លែដែលមានពណ៌លឿង ក្រហម និងពណ៌ទឹកក្រូចដូចជា ការ៉ុត ដំឡូងជ្វា ល្ពៅ និងផ្លែស្វាយជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet