ដូចយើងដឹងស្រាប់ហើយ ក្រូចជាផ្លែឈើម្យ៉ាងពេញនិយម រស់ជាតិឆ្ងាញ់ សម្បូរវីតាមីន សុទ្ធសឹងល្អចំពោះសុខភាព គ្រាន់តែគ្នាយើងមួយចំនួន មិនដឹងច្បាស់ថាផ្លែក្រូច ពិសេសទឹកក្រូចស្រស់ មានគុណប្រយោជន៍សំខាន់ៗអ្វីឲ្យខ្លះប៉ុណ្ណោះ។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងលើកឡើងពីគុណប្រយោជន៍សំខាន់បំផុតទាំង ៥ មានក្នុងទឹកក្រូចស្រស់ គ្នាយើងគួរតែញ៉ាំដើម្បីសុខភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១– សម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ជាច្រើន
ទឹកក្រូចស្រស់ ត្រូវគេរកឃើញថា ផ្ទុកទៅដោយសារធាតុចិញ្ចឹមចាំបាច់ជាច្រើន រាប់បញ្ចូលទាំងវីតាមី C អាស៊ីដហ្វូឡេត និងជាតិប៉ូតាស្យូម។
ក្នុងទឹកក្រូចស្រស់ ២៤០មីលិ្លលីត្រ គឺមានផ្ទុកសារធាតុបំប៉នចម្រុះជាច្រើនដូចជា៖
– កាឡូរី ១១០
– ប្រូតេអ៊ីន ២ក្រាម
– កាបូអ៊ីដ្រាត ២៦ក្រាម
– វីតាមីន C ៦៧% នៃតម្រូវការរាងកាយប្រចាំថ្ងៃ
– អាស៊ីដហ្វូឡេត ១៥% នៃតម្រូវការរាងកាយប្រចាំថ្ងៃ
– ប៉ូតាស្យូម ១០% នៃតម្រូវការរាងកាយប្រចាំថ្ងៃ
– ម៉ាញ៉េស្យូម ៦% នៃតម្រូវការរាងកាយប្រចាំថ្ងៃ
ជាមួយនឹងវីតាមីន C ដ៏ច្រើន ទឹកក្រូចស្រស់ ក៏ត្រូវចាត់ទុកថាជាភេសជ្ជៈនៃប្រភពថាមពលប្រឆាំងអុកស៊ីដកម្មទ្វេដង និងជួយដល់មុខងារប្រព័ន្ធភាពស៊ាំធ្វើការបានល្អ។ លើសពីនេះ វីតាមីន C អាចជួយពង្រឹងការលូតលាស់ឆ្អឹង ជួយឲ្យរបួសឆាប់ជា និងអញ្ចាញធ្មេញមានសុខភាពល្អ។
ក្រៅពីនេះទៀត ជាតិហ្វូឡេត ដែលសម្បូរនៅក្នុងទឹកក្រូចស្រស់អាចជួយសំយោគ DNA ក្នុងរាងកាយបានល្អ ជួយឲ្យទារកលូតលាស់ និងអភិវឌ្ឍទាំងមុខងាររាងកាយ និងបញ្ញាបានកាន់តែឆាប់រហ័ស។
ទោះជាមិនមានការអះអាងពីភាពឥតខ្ចោះនៃជាតិរ៉ែប៉ូតាស្យូមដែលមានក្នុងទឹកក្រូចស្រស់ក៏ពិតមែន ប៉ុន្តែសារធាតុនេះ ត្រូវអ្នកវិទ្យាសាស្ត្រជឿថា អាចជួយគ្រប់គ្រងសម្ពាធឈាម ការបន្ថយហានិភ័យបាក់ឆ្អឹង ការពារជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលទៀតផង។
២– សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម
សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងទឹកក្រូចស្រស់ ជួយសុខភាពល្អ អាចការពារបញ្ហាការបំផ្លាញដំណើរការអុកស៊ីហ្សែន (Oxidative damage) ក៏ដូចជាបញ្ចេញសកម្មភាពសម្លាប់ពពួករ៉ាឌីកាល់សេរីក្នុងរាងកាយ។
អ្នកស្រាវជ្រាវរកឃើញថា សារធាតុអុកស៊ីតកម្ម អាចជួយពង្រឹងគ្រប់ស្ថានភាពសុខភាព ហើយក៏ប្រហែលជាអាចជួយការពារស្ថានភាពសុខភាពរ៉ាំរ៉ៃ ដូចជាជំងឺបេះដូង មហារីក និងទឹកនោមផ្អែមទៀតផង។
៣– អាចជួយការពារបញ្ហាក្រួសក្នុងតម្រងនោម
ក្រួសក្នុងតម្រង់នោម សំដៅដល់សារធាតុរ៉ៃដែលកកើតជាដុំតូចៗនៅក្នុងតម្រងនោមរបស់យើង ដែលជារឿយៗ វានឹងបង្កឲ្យមានការឈឺចាប់ខ្លាំងពេលនោម ឆ្អល់ពោះ ករណីធ្ងន់ធ្ងរបង្កឲ្យនោមចេញឈាមទៀតផង។
ក្រៅពីនេះ គុណសម្បត្តិរបស់ទឹកក្រូចស្រស់ ជួយបង្កើនជាតិ pH ឬទឹកនោម នាំឲ្យកើនឡើងសារធាតុអាល់កាឡាំង ដែលការសិក្សារកឃើញថា មានសារធាតុអាល់កាឡាំងច្រើនក្នុងទឹកនោម ជួយបង្កមិនឲ្យកើតក្រួសក្នុងតម្រងនោមបាន។
៤– ពង្រឹងសុខភាពបេះដូង
ជំងឺបេះដូង ជាបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលសម្លាប់មនុស្សជុំវិញពិភពលោក ច្រើនជាង ១៧លាននាក់ ជារៀងរាល់ឆ្នាំ។ ការសិក្សារកឃើញថា គ្នាយើងផឹកទឹកក្រូចស្រស់រយៈពេលវែង ជួយឲ្យកម្រិតជាតិខ្លាញ់អាក្រក់ LDL ក្នុងឈាមធ្លាក់ចុះ ដែលខ្លាញ់ប្រភេទនេះ ជាមូលហេតុចម្បងនាំឲ្យយើងកើតជំងឺបេះដូង ដោយជំនួសមកវិញ ទឹកក្រូចស្រស់បានបង្កើនកម្រិតជាតិល្អ HDL ក្នុងឈាមកាន់តែច្រើន។
ការសិក្សាដាច់ដោយឡែកផ្សេងទៀត បញ្ជាក់ថាផឹកទឹកក្រូចស្រស់ អាចជួយកាត់បន្ថយហានិភ័យកើនឡើងសម្ពាធឈាមចំពោះមនុស្សពេញវ័យផងដែរ។
៥– កាត់បន្ថយការរលាក
បញ្ហារលាកស្រួចស្រាវ គឺជាផ្នែកសាមញ្ញមួយ កើតឡើងដោយការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ នៅពេលវាបញ្ចេញសកម្មភាពការពាររាងកាយយើងពីជំងឺ និងការឆ្លងមេរោគ បាក់តារីពីខាងក្រៅ។
ទោះជាយ៉ាងណា នៅពេលកម្រិតនៃការរលាកមានរយៈពេលយូរ វានឹងវិវត្តទៅជាជំងឺរ៉ាំរ៉ៃ ខណៈការសិក្សាជាច្រើនសុទ្ធតែអះអាង ទឹកក្រូចស្រស់ មានសមត្ថភាពអាចកាត់បន្ថយកត្តានាំឲ្យយើងកើតមានបញ្ហារលាកបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet