រឿងមួយចំនួនអំពីស្នេហា ដែលអ្នកគួរតែដឹង

//s5.kh1.co/5d/5d811d3b69cf9e74a1fabbf7b9048a24ceebc279.jpg
យល់ដឹង

 ០២-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រសិនបើនៅពេលនេះអ្នកកំពុងគិតថាខ្លួនត្រូវការស្នេហា និងកំពុងត្រៀមខ្លួនទទួលយកស្នេហា នោះអ្នកគួរតែដឹងថា ស្នេហាគឺជាអ្វីជាមុនសិន

ប្រសិនបើនៅពេលនេះអ្នកកំពុងគិតថាខ្លួនត្រូវការស្នេហា និងកំពុងត្រៀមខ្លួនទទួលយកស្នេហានោះអ្នកគួរតែដឹងថា ស្នេហាគឺជាអ្វីជាមុនសិន អ្នកមិនអាចព្រោះតែចង់ដូចជាអ្នកដទៃ កាន់តែមិនអាចព្រោះតែចង់ឲ្យអ្នកដទៃសរសើរទើបប្រឡូកក្នុងរឿងស្នេហានោះទេ។ ពេលនេះយើងនឹងមកស្វែងយល់រឿងខ្លះៗដែលទាក់ទងនឹងស្នេហា វាអាចមិនបានគ្រប់ជ្រុងជ្រោយ ព្រោះប្រធានបទស្នេហាវាធំទូលាយពេកហើយ តែយ៉ាងហោចណាស់ក៏ប្រសើរជាងការដែលយើងមិនធ្លាប់ដឹងអ្វីសោះអំពីវា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.​ ស្នេហាមិនដូចជាការធ្វើជំនួញ

ប្រសិនបើអ្នកស្រឡាញ់នរណាម្នាក់ ព្រោះតែមើលឃើញពីផលចំណេញរបស់គេ ឬក៏ដើរចេញពីនរណាម្នាក់ក៏ព្រោះតែម្នាក់នោះលែងផ្តល់ផលចំណេញដល់អ្នក នោះមិនមែនជាស្នេហាតែជាការធ្វើជំនួញ។ វាជាការប្រសើរប្រសិនបើអ្នកប្រើប្រាស់ស្នេហាមកធ្វើឲ្យខ្លួនឯងមានក្តីសុខ មានការរីចម្រើន មានសេចក្តីស្រឡាញ់ ប៉ុន្តែនៅក្នុងរឿងស្នេហាអ្នក មិនអាចមានតែស្នាមញញឹមគ្រប់ពេលនោះទេ ការស្រឡាញ់នរណាម្នាក់ក៏មិនងាយដូចដែលអ្នកធ្លាប់ស្រមៃនោះដែរ វាមានលាយឡំគ្រប់រសជាតិទាំងអស់ អ្នកមិនអាចព្រោះតែចង់បញ្ឈប់ក៏ឈប់នោះទេ កាលណាអ្នកស្រឡាញ់នរណាម្នាក់ពិតប្រាកដហើយ អ្នកនឹងធ្វើគ្រប់យ៉ាងដើម្បីគេ ទោះជាអ្នកមិនទទួលបានផលចំណេញអ្វីក៏ដោយចុះ។

រូបតំណាង
រូបតំណាង

២. រៀនស្រឡាញ់ខ្លួនឯងជាមុនសិន

មិនគួរព្រោះតែអ្នកត្រូវការបំបាត់ភាពឯការរបស់ខ្លួន ឬត្រូវការនរណាម្នាក់មកបំពេញចន្លោះប្រហោងក្នុងចិត្តរបស់អ្នក ទើបអ្នកត្រូវការស្នេហានោះទេ។ អ្នកគួរស្រឡាញ់ខ្លួនឯងឲ្យបានច្រើន ទទួលយកខ្លួន ឯង ហើយធ្វើជាខ្លួនឯងជានិច្ច សូមចងចាំថាបើសិនជាអ្នកស្រឡាញ់អ្នកណាម្នាក់នោះ អ្នកនឹងមិនសុំឲ្យ​គេកែប្រែខ្លួនដើម្បីអ្នក ខណៈពេលដែល ប្រសិនបើគេពិតជាស្រឡាញ់អ្នកពិតនោះ គេក៏មិនសុំឲ្យអ្នក កែប្រែខ្លួនឯងដើម្បីគេដូចគ្នា ព្រោះការព្រមទទួលយកគ្នា ទៅវិញទៅមកនោះហើយ ដែលគេហៅថា ជាសេចក្តីស្រឡាញ់។

៣. ស្នេហាអាចកើតឡើងបានគ្រប់ពេល

តើពួកគេសមគ្នាដែរទេ? ហើយហេតុអ្វីបានស្រឡាញ់គ្នាបាន បើខុសគ្នាដូចមេឃ និងដីបែបនេះ? ខាងប្រុសចរិតមិនកើត ឆ្ងល់ដែរម្តេចបានជាម្នាក់ស្រីហ្នឹងព្រមស្រឡាញ់? សំណួរបែបនេះមិនថាអ្នកគេចទៅ ដល់ទីណាក៏អ្នកនៅតែបានឮវាជានិច្ច ព្រោះមនុស្សចូលចិត្តធ្វើការវែកញែកចំពោះការសម្រេចចិត្តរបស់​អ្នកថាវាត្រឹមត្រូវដែរឬទេ។

មានពេលខ្លះ ស្នេហាមិនបានផ្តល់ហេតុផលច្បាស់លាស់នោះទេដល់អ្នក អ្នកគ្រាន់តែដឹងថាអ្នកស្រឡាញ់មនុស្សម្នាក់នោះ ហើយពេលខ្លះទៀតទោះជាមនុស្សម្នាក់នោះត្រូវគេចាត់ទុកថាជាមនុស្សមិនល្អ ប៉ុន្តែអ្នកនៅតែបដិសេធមិនបានថាគេជាមនុស្សដែលអ្នកស្រឡាញ់។ ស្នេហាមិនបានរើសវណ្ណៈ រើសពេលវេលា រើសទីកន្លែង តែវាអាចកើតឡើងបានគ្រប់ពេល បែបដែលអ្នកក៏ស្មានមិនដល់ដូចគ្នា។

ហេតុនេះជាជាងការដែលស្តាប់អ្នកដទៃដែលធ្វើការវែកញែកទៅតាមចិត្តរបស់គេ គឺអ្នកទៅវិញទេដែលជាកត្តាសំខាន់ អ្នកគឺជាម្ចាស់ជីវិតរបស់ខ្លួន ហើយក៏ជាម្ចាស់បេះដូងរបស់ខ្លួន ដើរតាមបេះដូងរបស់អ្នកខណៈពេលដែលយកខួរក្បាលទៅជាមួយផង។

រូបតំណាង
រូបតំណាង

៤. ចុងបញ្ចប់នៃស្នេហាគឺមិនប្រាកដថារីករាយនោះទេ

រយៈពេលនៃការស្រឡាញ់គ្នាមិនមែនជាកត្តាសំខាន់នោះទេ ទោះជាធ្លាប់ស្រឡាញ់គ្នាយូរយ៉ាងណាក៏ដោយ ក៏អ្នកនៅតែអាចបែកគ្នាបានដែរ ស្របពេលនោះដែរអ្នកដែលស្គាល់គ្នាមិនបានមួយខែស្រួល បួលផង ក៏បានរៀបការនឹងគ្នា។ នៅពេលដែលអ្នកកំពុងស្រឡាញ់នរណាម្នាក់ អ្នកពិតជាគិតដល់អនាគតដែលអ្នកចង់ចំណាយជាមួយគេ ប៉ុន្តែទោះជាទេវតាក៏មិនអាចទាយដឹងនោះដែរថា ស្នេហារបស់អ្នកនឹងក្លាយជាយ៉ាងណានៅថ្ងៃស្អែក។ ចុងបញ្ចប់នៃស្នេហាមិនមែនសុទ្ធតែជារឿងរីករាយដូចក្នុងកុននោះទេ ហេតុនេះហើយអ្នកត្រូវត្រៀមខ្លួនជាស្រេចដើម្បីទទួលលទ្ធផលដែលនឹងត្រូវកើតដោយភាពក្លាហាន។

៥. ស្នេហាគឺជាការលះបង់

ដើម្បីមនុស្សដែលយើងស្រឡាញ់ អ្នកលះបង់ពេលវេលា លះបង់ទឹកភ្នែក លះបង់ក្តីស្រឡាញ់ ហើយពេលខ្លះទៀត អ្នកក៏ព្រមលះបង់មនុស្សដែលខ្លួនឯងស្រឡាញ់ផងដែរ។ នៅក្នុងពិភពស្នេហាមានរឿងជាច្រើនណាស់ដែលបកស្រាយមិនបាន ប៉ុន្តែប្រសិនបើអ្នកជាភាគីតែម្នាក់ដែលចង់រក្សាស្នេហានេះ អ៊ីចឹងវាដល់ពេលហើយដែលអ្នកត្រូវលែងដៃ។

ការចាកចេញមិនសុទ្ធតែធ្វើឡើងដោយសារភាពអាត្មានិយមនោះទេ តែវាអាចកើតឡើងនៅពេលដែលអ្នកបានយល់ថា ដៃគូរបស់អ្នកកំពុងតែឈឺចាប់ពេលដែលនៅក្បែរអ្នក ហើយការដែលបង្ខំនៅជាមួយគ្នាទាំងដែលអ្នក និងគេសុទ្ធតែឈឺចាប់​ គឺជាការធ្វើបាបដល់អ្នក និងមនុស្សដែលអ្នកស្រឡាញ់ បែបនេះអ្នកគួរតែបណ្តោយគ្រប់យ៉ាងឲ្យទៅចុះ បើការលែងដៃឲ្យគេទៅអាចធ្វើឲ្យគេមានក្តីសុខ អ៊ីចឹងអ្នកគួរតែលែងដៃគេទៅ។

សូមចងចាំថាការលះបង់ក៏ជាក្តីស្រឡាញ់ដូចគ្នា ថែមទាំងជាក្តីស្រឡាញ់ដែលមហិមាផងដែរ ព្រោះអ្នកបានធ្វើវាដើម្បីមនុស្សដែលអ្នកស្រឡាញ់ ទាំងដែលអ្នកត្រូវការគេបំផុត និងកំពុងឈឺចាប់មិនចាញ់នរណា នៅថ្ងៃណាមួយនៅពេលដែលអ្នកគិតដល់អ្វីដែលអ្នកបានធ្វើ អ្នកនឹងមានមោទនភាពចំពោះភាពក្លាហានរបស់ខ្លួន៕

រូបតំណាង<br>
រូបតំណាង
Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T