ការសិក្សារយៈពេលយូរមួយចេញផ្សាយក្នុងខែមេសានេះ នៅក្នុងព្រឹត្តិបត្រ European Journal of Preventive Cardiology បានលើកឡើងថា កាហ្វេមិនត្រឹមតែជួយដល់សុខភាពទេនៅអាចជួយឲ្យរស់នៅបានយូរទៀត បើយើងឆុងកាហ្វេជាមួយនឹងតម្រងចម្រោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកសាស្ត្រាចារ្យ Dag Thelle នៅផ្នែកសុខភាពសាធារណៈ និងវេជ្ជសាស្ត្រសហគមន៍នៃសាកលវិទ្យាល័យ Gothenburg ប្រទេសស៊ុយអ៊ែតបាននិយាយថា កាហ្វេដែលមិនប្រើតម្រងចម្រោះមានសារធាតុដែលអាចបង្កើនកម្រិតកូលេស្តេរ៉ូលក្នុងឈាម។ ការប្រើប្រាស់តម្រងចម្រោះ ដើម្បីចម្រោះសារធាតុនេះចេញបន្ថយហានិភ័យការគាំងបេះដូង និងការស្លាប់មុនអាយុ។ លោកសាស្រ្តាចារ្យបញ្ជាក់ថា ការសិក្សានេះផ្តល់ភស្តុតាងគ្រប់គ្រាន់នៃទំនាក់ទំនងរវាងរបៀបឆុងកាហ្វេ ទៅនឹងជំងឺបេះដូង និងអាយុវែង។
អ្នកជំនាញផ្នែកចំណីអាហារ លោកស្រីLisa Drayer បានបន្ថែមទៀតថា កាហ្វេដែលមិនមានចម្រោះដូចជាការឆុងកាហ្វេដោយយកកាហ្វេដាក់ក្នុងឆ្នាំងជាមួយទឹក និងដាំឲ្យពុះ ឬប្រើប្រដាប់ឆុងកាហ្វេ (cafetière ដែលជាកែវឆុងកាហ្វេត្រូវចាក់ទឹកក្ដៅទៅលើកាហ្វេមានសំណាញ់រុញទឹកកាហ្វេទៅបាតកែវ) មានផ្ទុកសារធាតុ cafestol និង kahweol ច្រើន ដែលនេះជាសារធាតុគីមីរកឃើញនៅក្នុងដំណក់ប្រេងអណ្ដែតក្នុងកាហ្វេ និងក្នុងកករ។ ការសិក្សាជាច្រើនបានបង្ហាញថា សារធាតុទាំងនេះអាចបង្កើនកម្រិត triglyceride និងកម្រិតខ្លាញ់អាក្រក់ LDL។ ដូចនេះគួរប្រើតម្រងចម្រោះពេលឆុងកាហ្វេដែលអាចជួយទប់សារធាតុគីមីទាំងនេះ។
ការផឹកកាហ្វេដែលប្រើតម្រងចម្រោះល្អសម្រាប់សុខភាព
ការសិក្សាថ្មីនេះមានអ្នកចូលរួមជាងកន្លះលាននាក់ដែលមានទាំងស្ត្រី និងបុរសមានសុខភាពល្អ និងអាយុចន្លោះពី២០ទៅ៧៩ឆ្នាំឡើងដោយប្រើពេល២០ឆ្នាំ។ លទ្ធផលបានឲ្យដឹងថាការផឹកកាហ្វេឆុងដោយមិនចម្រោះអាចបង្កើនហានិភ័យនៃការស្លាប់ទៅលើបុរសអាយុ៦០ឆ្នាំឡើងទៅដោយសារជំងឺបេះដូង។
ដោយឡែកការសិក្សារកឃើញការផឹកកាហ្វេចម្រោះដែលប្រើតម្រងចម្រោះពេលឆុងមានផលល្អចំពោះសុខភាពជាងការមិនផឹកកាហ្វេទាល់តែសោះ។ កាហ្វេចម្រោះរួចអាចបន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូងរហូតដល់១៥%សម្រាប់បុរស និង២០%សម្រាប់ស្ត្រីបើប្រៀបធៀបនឹងអ្នកមិនផឹកកាហ្វេសោះ។ តាមពិតទៅ ការសិក្សានេះរកឃើញថាអ្នកផឹកកាហ្វេចម្រោះពី១ទៅ៤កែវក្នុងមួយថ្ងៃមានអត្រាស្លាប់តិចជាងគេ។
លោក Thelle បានបន្តទៀតថា ការរកឃើញដែលថាអ្នកផឹកកាហ្វេចម្រោះមានសុខភាពល្អជាងអ្នកមិនផឹកសោះមិនអាចពន្យល់បានដោយប្រើកត្តាអាយុ ភេទ ឬទម្លាប់រស់នៅប្រចាំថ្ងៃទេ។ លោកក៏បានបង្ហាញជំនឿចិត្តថាការសង្កេតនេះគឺត្រឹមត្រូវ។
ការណែនាំទៅលើការផឹកកាហ្វេ
យោងតាម American Heart Association ការផឹកកាហ្វេចម្រោះមានប្រយោជន៍ច្រើនដល់សុខភាពដូចជាការផ្ចង់អារម្មណ៍ សម្រួលអារម្មណ៍ និងជួយបង្កើនប្រសិទ្ធភាពលើការហាត់ប្រាណ។ ការសិក្សារបស់ប្រទេសអង់គ្លេសនៅឆ្នាំ២០១៧ក៏បានឲ្យដឹងពីផលប្រយោជន៍នៃការផឹកកាហ្វេខ្មៅពីបីទៅបួនពែងក្នុងមួយថ្ងៃដែរ។ ក្នុងនោះរួមមានកាត់បន្ថយហានិភ័យជំងឺបេះដូង ជំងឺមហារីក និងជំងឺថ្លើមជាដើម។ ប៉ុន្តែក៏មានមូលហេតុមួយចំនួនដែលយើងគួរកំណត់កម្រិតកាហ្វេ ឬចៀសវាងការផឹកកាហ្វេដែរ៖
- ការគេង៖ ប្រសិនជាយើងមានបញ្ហាក្នុងការគេង យកល្អគួរចៀសវាងការផឹកកាហ្វេ ឬភេសជ្ជៈផ្សេងដែលមានជាតិកាហ្វេអ៊ីននៅពេលល្ងាច ឬជិតពេលចូលគេង។
ស្ត្រីងាយប្រឈមនឹងការបាក់ឆ្អឹង៖ British Medical Journalបានរកឃើញថាការផឹកកាហ្វេច្រើនជាងបួនពែងក្នុងមួយថ្ងៃអាចនឹងមានហានិភ័យខ្ពស់នៃការបាក់ឆ្អឹងទៅលើស្ត្រី ប៉ុន្តែមិនសូវកើតឡើងលើបុរសទេ។
- ស្ត្រីមានផ្ទៃពោះ៖ ការផឹកកាហ្វេក្នុងបរិមាណច្រើនអាចបង្កើនហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែ ឬកូនស្លាប់ក្នុងផ្ទៃ ក៏ដូចជាទារកកើតមកមិនគ្រប់គីឡូ។
អ្នកស្រី Drayer បានណែនាំថាដើម្បីផឹកកាហ្វេហើយមានសុខភាពល្អ អាចអនុវត្តតាមគន្លឹះខាងក្រោម៖
- បន្ថែមទឹកដោះគោគ្មានខ្លាញ់ និងមិនដាក់ក្រីម៖ ក្រីមមានកាឡូរីរហូតដល់ ៥០កាឡូរី និងមានជាតិខ្លាញ់ឆ្អែត ៣ក្រាមក្នុងមួយស្លាបព្រាកាហ្វេ។ ការបន្ថែមទឹកដោះគោគ្មានខ្លាញ់គឺមានកាឡូរីតិច និងជួយដល់កាល់ស្យូមដែលបាត់បង់ទៀត (មួយស្លាបព្រាកាហ្វេមាន៦កាឡូរី និងកាល់ស្យូម ១៩ក្រាម)។
- មិនដាក់ស្ករក្នុងកាហ្វេ៖ ស្ករមួយស្លាបព្រាកាហ្វេមាន១៦កាឡូរី។ ប៉ុន្តែបើថែមស្ករពីរស្លាបព្រាកាហ្វេក្នុងមួយពែង ហើយយើងផឹកពីរទៅបីកែវក្នុងមួយថ្ងៃ កាឡូរីក៏កើនឡើងតាមហ្នឹងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet