ឥណ្ឌា៖ ទារកភ្លោះប្រុសស្រីមួយគូ ត្រូវបានឪពុកម្ដាយដាក់ឈ្មោះថា Covid និង Corona ព្រោះពួកគេទាំងពីរបានសម្រាលចំពេលដែលប្រទេសឥណ្ឌាកំពុងស្ថិតក្នុងភាពអាសន្ន ដោយសារតែជំងឺរាតត្បាតថ្មីកូវីដ-១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកស្រី Preeti Verma ដែលត្រូវជាម្ដាយរបស់ទារកខាងលើ មកពីរដ្ឋ Chhattisgarh ភាគកណ្ដាលប្រទេសឥណ្ឌាបានមានប្រសាសន៍ថា៖
កូនប្រុសរបស់ខ្ញុំឈ្មោះ Covid និងកូនស្រីឈ្មោះ Corona បានសម្រាលនៅក្នុងមន្ទីរពេទ្យមួយកាលពីថ្ងៃសុក្រ ទី ២៦ ខែមីនា សប្ដាហ៍មុន កំឡុងពេលដែលប្រទេសឥណ្ឌាទាំងមូលកំពុងដាក់បម្រាមមិនឲ្យប្រជាជនចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺថ្មី។
អ្នកស្រីបន្ដថា៖
មុនពេលសម្រាល ពួកយើងបានជួបនូវការលំបាកជាច្រើន ដូច្នេះហើយប្ដីខ្ញុំ និងខ្ញុំចង់រក្សាការចងចាំពីរឿងរ៉ាវដែលកំពុងកើតឡើងកំឡុងពេលនៃថ្ងៃកំណើតរបស់ពួកគេ ទើបពួកយើងសម្រេចដាក់ឈ្មោះបែបនេះ ប៉ុន្ដែនឹងប្ដូរចេញវិញនៅពេលពួកគេធំជាងនេះ។
យ៉ាងណាមិញ ស្ត្រីវ័យ ២៧ ឆ្នាំរូបនេះបានបន្ថែមថា វីរុសនេះពិតជាមានគ្រោះថ្នាក់ និងកំពុងគំរាមកំហែងដល់អាយុជីវិតមនុស្សរាប់លាននាក់ជុំវិញពិភពលោក ប៉ុន្ដែបញ្ហានេះបានធ្វើឲ្យប្រជាជនផ្ដោតសំខាន់លើការរក្សាអនាម័យ ហើយក៏បង្កើននូវទម្លាប់ល្អៗផងដែរ៕

