ភ្នំពេញ៖ ក្រុមសឹង្ហក្រហមភ្នំពេញក្រោន បានបន្តកំណត់ត្រាមិនដែលចាញ់របស់ខ្លួន បន្ទាប់ពីផ្ដួលក្រុមខ្លាំងមកពីខេត្តសៀមរាប អង្គរថាយហ្គឺរ ១-០ ក្នុងជំនួបប្រចាំក្របខណ្ឌ Metfone Cambodian Leauge សប្ដាហ៍ទី៥ កាលពីថ្ងៃអាទិត្យម្សិលមិញ នៅកីឡដ្ឋាន Smart RSN។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងការប្រកួតដ៏ជក់ចិត្តនេះ គិតត្រឹមតង់ទី១ មិនមានគ្រាប់បាល់កើតឡើងនោះទេ ដោយក្រុមទាំងពីរបានត្រឹមបង្កើតឱកាស សម្រុកគ្នាទៅមក។ លុះឈានចូលដល់តង់ទី២ នៅនាទីទី៥៦ ទើបមានគ្រាប់បាល់កើតឡើង រកបានដោយម្ចាស់អាវលេខ១០របស់ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោនកីឡាករ Paulo Victor ដែលផ្ដើមចេញពីការបញ្ជូនបាលយ៉ាងអស្ចារ្យពីសំណាក់ខ្សែបម្រើ អ៊ន ចាន់ប៉ូលីន។

គួរបញ្ជាក់ផងដែរថា តាមរយៈលទ្ធផល ១-០ ខាងលើ ក្រុមភ្នំពេញក្រោន ដែលដឹកនាំដោយលោក ស៊ុំ វណ្ណា នៅតែរក្សាតំណែងកំពូលតារាង ក្នុងក្របខណ្ឌ MCL ក្រោយ៥ប្រកួតកន្លងទៅ ពួកគេឈ្នះ៤ដង និងស្មើ១ដង រកបាន១៣ពិន្ទុ។ ចំណែកឯក្រុមអង្គរថាយហ្គឺរ ក្រោយចាញ់ប្រកួតនេះ បានធ្លាក់ទៅឈរចំណាត់ថ្នាក់លេខ៤ មាន៨ពិន្ទុក្នុងដៃ។

យ៉ាងណាមិញ កាលពីថ្ងៃអាទិត្យម្សិលមិញ ក៏មានការប្រកួតចំនួន៣គូផ្សេងទៀតផងដែរ ក្នុងនោះ៖
- សូលទីឡូអង្គរ ៤-២ នគរបាលជាតិ
- គិរីវង់សុខសែនជ័យ ១-១ ណាហ្គាវើលដ៏
- វិសាខា ០-១ កងយោធពលខេមរភូមិន្ទ

សូមទស្សនាវីដេអូ សង្ខេបនៃការប្រកួត ខាងក្រោម៖