វិធីសាស្រ្តថ្មីតែសាមញ្ញ ជួយឱ្យហានិភ័យជំងឺទឹកនោមផ្អែមថយចុះ ដោយពុំបាច់ពឹងផ្អែកខ្លាំងលើការចាក់អាំងស៊ុយលីន ត្រូវអ្នកវិទ្យាសាស្រ្តរកឃើញ និងណែនាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមអ្នកវិទ្យាសាស្រ្តនៃប្រទេសអ៊ីស្រាអែល បានរកឃើញថា វិធីសាមញ្ញដែលអាចអនុវត្តបានក្នុងជីវភាពប្រចាំថ្ងៃនោះគឺ ការកម្រិតអាហារត្រឹមតែបីពេលសម្រាប់១ថ្ងៃ (មិនឱ្យលើសពីបីពេល) ដោយក្នុងនោះអាហារទាំងបីពេលនោះ គប្បីទទួលទានឱ្យទៀងទាត់ពេលវេលា។ អនុវត្តតាមវិធីនេះក្នុងរយៈពេលបីខែ អាចជួយបន្ថយការពឹងផ្អែកខ្លាំងលើការចាក់អាំងស៊ុយលីនសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទ២បាន ដោយមានប្រសិទ្ធភាព។
អ្នកវិទ្យាសាស្រ្តបានពន្យល់ថា ដោយសារវិធីសាស្រ្តកំណត់នេះ គឺជួយឱ្យអ្នកកើតជំងឺទឹកនោមផ្អែម ស្រកទម្ងន់ខ្លះ ព្រមទាំងបន្ថយចំណង់ញ៉ាំអាហារ ដែលជាគន្លឹះសំខាន់ក្នុងការគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម។ វិធីនេះ ត្រូវបានពិសោធរយៈពេល១២សប្តាហ៍លើ អ្នកជំងឺទឹកនោមផ្អែមស្ម័គ្រចិត្ត ដែលមានបញ្ហាលើសទម្ងន់២៨នាក់ ហើយវិធីនេះ ជួយឱ្យអ្នកទាំងនោះឲ្យស្រកទម្ងន់ជាមធ្យម៥គីឡូក្រាម និងថយចុះជាតិស្ករក្នុងឈាម (Hemoglobin A1C) ប្រមាណ១,២%។
ក្រោយរយៈពេល ១២សប្តាហ៍ អ្នកវិទ្យាសាស្រ្តក៏បានកត់សម្គាល់ឃើញពីប្រសិទ្ធភាព ឃើញថា អ្នកជំងឺទាំងនោះ ពុំពឹងផ្អែកលើការចាក់អាំងស៊ុយលីនបានច្រើន ដែលអ្នកវិទ្យាសាស្រ្តចាត់ទុកវិធីនេះ ជាការណែនាំថ្មីមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ សម្រាប់ការរកឃើញនេះ គឺជាការស្រាវជ្រាវរួមគ្នា រវាងក្រុមអ្នកវិទ្យាសាស្រ្តនៃ មជ្ឈមណ្ឌលវេជ្ជសាស្រ្ត Wolfson និងសាកលវិទ្យាល័យ Hebrew Jerusalem នៃប្រទេសអ៊ីស្រាអែល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet