ស្នាមញញឹមរបស់លោកអ្នកពិតជាមានសារៈសំខាន់ មិនជាក្មេងចាស់ឬយ៉ាងនោះទេ សុទ្ធតែតម្រូវឱ្យមានសុខភាពមាត់ធ្មេញល្អជានិច្ច ។ មានកត្តាជាច្រើនដែលបណ្តាលឱ្យយើងមានបញ្ហាមាត់ធ្មេញ ប៉ុន្តែបញ្ហាដែលតូចតាច និងទម្លាប់សាមញ្ញរបស់យើងមួយចំនួនពិតជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមាត់ធ្មេញ និងមានបញ្ហាដល់ធ្មេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទម្លាប់សាមញ្ញខាង ៣ ខាងក្រោមនឹងបណ្តាលឱ្យលោកអ្នកមានបញ្ហា៖
១. ទម្លាប់ខាំចុងប៊ិចឬខ្មៅដៃ
មានមនុស្សជាច្រើនមានទម្លាប់មួយនេះ គិតអ្វីមិនចេញក៏ខាំ ពេលប្រឡងនឹកចម្លើយមិនឃើញក៏ខាំប៊ិច ទំនេរក៏ខាំ ទម្លាប់នេះភាគច្រើនកើតមានចំពោះសិស្ស និស្សិត ឬបុគ្គលិកធ្វើការក្នុងការិយាល័យជាដើម។ ទម្លាប់មួយនេះនឹងបណ្តាលឱ្យធ្មេញរបស់លោកអ្នកមានសភាពរង្គើ បាក់ រឺ ប្រះធ្មេញ ដែលជាហេតុនាំឱ្យពិបាកក្នុងការទំពាអាហារ និង គ្មានទំនុបចិត្តនៅពេលលោកអ្នកបញ្ចេញស្នាមញញឹមទៅកាន់អ្នកដទៃ។ ដើម្បីទប់ស្តាត់ទម្លាប់នេះ អ្នកគួរតែជំនួសវិញនូវការទំពាស្ករកៅស៊ូ ពេលដែលអ្នកមានអារម្មណ៍ថាស្មុគស្មាញ ខណៈដែលធ្វើឱ្យអ្នកនៅមិនសុខ។
២. ទម្លាប់ខាំក្រចកដៃ
តាមរយៈការស្រាវជាវ ការខាំក្រចកជាញឹកញយកើតឡើងពីការមានអារម្មណ៍ធុញថប់ពេក ប៉ុន្តែអ្នកត្រូវដឹងថា ទម្លាប់នេះពិតជាគ្រោះថ្នាក់ខ្លាំង ដោយសារតែក្រចកមានសភាពរឹង និងងាយមុត ដូច្នេះវាអាចបណ្តាលឱ្យយើងមុត មាត់ បបូរមាត់ អញ្ចាញធ្មេញ បាក់ក្រចក ហើយអ្វីដែលកាន់តែគ្រោះថ្នាក់នោះគឺអ្នកអាចនឹងប្រះធ្មេញដោយសារទម្លាប់មួយនេះ។ ដើម្បីបង្ការបញ្ហានេះអ្នកអាចកាត់ក្រចកឱ្យអស់ ឬ ទំពារស្ករកៅស៊ូដែលគ្មានជាតិស្ករ។
៣. ប្រើប្រាស់ធ្មេញខុសរបៀប
ដោយសារភាពខ្ជិល មានមនុស្សមួយចំនួន ប្រើធ្មេញទៅខាំផ្តាច់ខ្សែ ខាំហែកកញ្ចប់នំប្លាស្ទិច ខាំគំរបដប ខាំផ្តាច់ផ្លាកខោអាវថ្មី សូមជំរាបថា ធ្មេញរបស់យើងត្រូវបានបង្កើតឡើងដើម្បីទំពារអាហារ មិនមែនប្រើសម្រាប់សកម្មភាពដែលនាំមកនូវផលប៉ះពាល់ដល់ធ្មេញដូច្នេះនោះទេ។ សកម្មភាពទាំងនេះអាចមានគ្រោះរហូតអាចបណ្តាលឱ្យយើងបាក់ធ្មេញ។ វិធីដែលល្អបំផុតដើម្បីទប់ស្កាត់បញ្ហានេះគឺប្រើប្រាស់ឧបករណ៍ជំនួយដូច ជាកន្រ្តៃ កាំបិត ប្រដាប់គាស់ រឺ អាចប្រើដៃក៏បាន៕