ស្វាយរៀង៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានដាក់សម្ពោធអគារបណ្ណាល័យថ្មីមួយខ្នង នៅសាលាបឋមសិក្សាសំរោង ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃសុក្រ ទី 7 ខែកុម្ភៈ ឆ្នាំ2020 ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្ដុះវប្បធម៌អាននៅកម្ពុជា។ បណ្ណាល័យនេះកសាងឡើងដោយប្រើប្រាស់ថវិការបស់ប្រាសាក់ និងមូលនិធិ CVC។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា ជាតំណាងឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង លោក ពិន ដារ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង និងលោក អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។ កម្មវិធីនេះក៏មានការចូលរួមផងដែរពីព្រះសង្ឃ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរយនាក់នៅក្នុងសហគមន៍។
ថ្លែងក្នុងពិធីនោះលោក ថន ថាវុទ្ធា បានឡើងថ្លែងមតិស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមពិធីនៅថ្ងៃនេះ និងបានថ្លែងអំណរគុណចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលបានផ្ដល់មូលនិធិសាងសង់អគារបណ្ណាល័យ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្ដុះវប្បធម៌អាននៅក្នុងទឹកដីស្រុកចន្ទ្រា ខេត្តស្វាយរៀង។ នេះគឺជាកាយវិការដ៏សប្បុរសដ៏គួរឱ្យកើតសរសើរក្រៃលែងរបស់ប្រាសាក់នៅក្នុងកិច្ចការសង្គម ដែលបានផ្ដល់នូវសមិទ្ធផលដែលមិនអាចកាត់ថ្លៃបាននេះ។
ចំណែកលោក អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា ការសាងសង់អគារបណ្ណាល័យនេះ គឺជាការងារដែលប្រាសាក់ធ្វើឡើងដើម្បីផ្តល់ជាប្រយោជន៍ជូនដល់សង្គម ដោយចូលរួមបណ្ដុះវប្បធម៌អាន និងលើកកម្ពស់សមត្ថភាពរបស់សិស្សានុសិស្សដែលជាកូនជាចៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍នានា ដែលប្រាសាក់បានធ្វើប្រតិបត្តិការ ដើម្បីជាការតបស្នងចំពោះការគាំទ្រនិងប្រើប្រាស់ផលិតផល និងសេវាប្រាសាក់។
ជាក់ស្ដែងនៅក្នុងខេត្តស្វាយរៀង ប្រាសាក់ បានផ្ដល់ជាអគារបណ្ណាល័យចំនួន 2 ក្នុងនោះបណ្ណាល័យមួយខ្នង ស្ថិតក្នុងសាលាបឋមសិក្សានិងអនុវិទ្យាល័យម្រាម ស្ថិតក្នុងភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក ត្រូវបានសាងសង់រួច ប៉ុន្តែមិនទាន់បំពាក់សម្ភារៈនៅឡើយ។ ចំណែកឯបណ្ណាល័យមួយទៀត គឺបណ្ណាល័យនៅសាលាបឋមសិក្សាសំរោង ដែលកំពុងសម្ពោធនាឱកាសនេះ។ លោកបន្តថា នៅក្នុងគម្រោងបណ្ណាល័យសាលាសំរោងនេះ ប្រាសាក់ និងមូលនិធិ CVC បានផ្ដល់ជាថវិកាក្នុងការកសាងជាអគារបណ្ណាល័យ ការបំពាក់សៀវភៅ សម្ភារៈ បរិក្ខារ ការបណ្ដុះបណ្ដាលបណ្ណារក្ស និងការគាំទ្រគម្រោងរយៈពេល 3 ឆ្នាំ។
ជាសំណូមពរលោកសង្ឃឹមថាថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមានប្រជាពលរដ្ឋជាអតិថិជន អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធនឹងបន្តការគាំទ្រប្រាសាក់តទៅទៀតក្នុងថ្ងៃអនាគត ដើម្បីប្រាសាក់មានលទ្ធភាពកាន់តែច្រើនក្នុងការជួយដល់សង្គមជាតិ។
ថ្លែងក្នុងឱកាសនេះលោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា និងជាតំណាងក្រសួងអប់រំ យុវជន និងកីឡា បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែលបានផ្ដល់មូលនិធិ និងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងគម្រោងបណ្ណាល័យ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចយកវិស័យអប់រំជាអាទិភាព។
ប្រាសាក់ គឺជាដៃគូដ៏ល្អក្នុងការលើកកម្ពស់វិស័យអប់រំ។ លោកបានសំណូមពរឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ និងមាតាបិតាសិស្ស ជួយថែរក្សា និងប្រើប្រាស់បណ្ណាល័យនេះឱ្យអស់ពីលទ្ធភាព ដោយជំរុញឱ្យមានការអានឱ្យបានច្រើនផុសផុល ដើម្បីបង្កើនបំណិនជីវិត ចំណេះដឹង និងសមត្ថភាពឱ្យបានទូលំទូលាយ។ លោកបញ្ជាក់ថា ការអានសៀវភៅធ្វើឱ្យយើងមានចំណេះដឹងដើម្បីកសាងជីវភាពបានធូរធារ ចេះថែរក្សាសុខភាព និងគិតគូរបានវែងឆ្ងាយ។ អាស្រ័យហេតុនេះមាតាបិតាសិស្សត្រូវបញ្ជូនកូនទៅរៀនឱ្យបានគ្រប់គ្នា និងឱ្យបានរៀនវែងឆ្ងាយកុំបោះបង់ចោលការសិក្សា និងការអានសៀវភៅ ហើយទាំងអស់គ្នាត្រូវជួយថែរក្សាបណ្ណាល័យនេះឱ្យបានគង់វង្សយូរអង្វែងរាប់ជំនាន់ទៅមុខទៀត។
សូមបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ2019 នេះ គម្រោងបណ្ណាល័យប្រាសាក់ដាក់ឱ្យប្រើប្រាស់ និងកំពុងសាងសង់ចំនួន 41 អគារគ្របដណ្តប់លើភូមិចំនួន 455 ភូមិ ដែលមានចំនួនគ្រួសារសរុប 98,613 គ្រួសារ មានប្រជាជនសរុបចំនួន 404,559 នៅក្នុង 13 ខេត្តរួមមាន កំពង់ស្ពឺ កំពង់ចាម កណ្ដាល ព្រៃវែង កំពង់ធំ សៀមរាប តាកែវ ព្រះវិហារ បាត់ដំបង ស្វាយរៀង បន្ទាយមានជ័យ កែប និងពោធិ៍សាត់ និងមានសិស្សានុសិស្សដែលទទួលផលផ្ទាល់ពីគម្រោងបណ្ណាល័យនេះចំនួន 110,120 នាក់៕