អបអរសាទរ! ការធ្វើតេស្តធំចុងក្រោយនៃយានសម្រាប់ដឹកអវកាសយានិករបស់ SpaceX គឺទទួលបានជោគជ័យ

//s5.kh1.co/4c/4ce92963371d66dcb4364138d337c41399fc4429.jpg
បច្ចេកវិទ្យា

 ២០-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីការបាញ់បង្ហោះសាកល្បងទទួលបានផ្លែផ្កាគួរជាទីពេញចិត្ត បេសកកម្មរបស់អវកាសយានិកនឹងត្រូវធ្វើឡើង នៅប៉ុន្មានខែបន្ទាប់។

អាមេរិក៖ បន្ទាប់ពីការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែ យានអវកាសសម្រាប់ដឹកមនុស្ស Crew Dragon របស់ក្រុមហ៊ុនអាកាសចរ SpaceX បានឈានដល់ដំណាក់កាលធ្វើតេស្តដ៏សំខាន់ចុងក្រោយរបស់ខ្លួន  នៅក្នុងកម្មវិធីសាកល្បងអស់រយៈពេលជាច្រើនឆ្នាំ។ ភាពជោគជ័យបានត្រួសត្រាយផ្លូវសម្រាប់អវកាសយានិក ដើម្បីចាប់ផ្ដើមប្រើប្រាស់វា សម្រាប់ធ្វើដំណើរទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ។ រ៉ុក្កែត Falcon 9 របស់ SpaceX បានផ្ទុកយានអវកាស Crew Dragon នៅពីលើវា ហើយគ្រាប់រ៉ុក្កែតនេះត្រូវបាញ់ចេញដោយគ្មានមនុស្សនៅលើយាន ពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លរីដា នៅម៉ោង១០និង៣០នាទីយប់ថ្ងៃអាទិត្យ (ម៉ោងនៅកម្ពុជា)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 រ៉ុក្កែត Falcon 9 សម្រាប់ដឹកយាន Crew Dragon នៅពេលបាញ់បង្ហោះ
 រ៉ុក្កែត Falcon 9 សម្រាប់ដឹកយាន Crew Dragon នៅពេលបាញ់បង្ហោះ

ប្រហែលជា៨៤វិនាទី បន្ទាប់ពីហោះឡើង យាន Crew Dragon បានផ្ដាច់ខ្លួនចេញពីរ៉ុក្កែតដែលដឹកវា ហើយនេះអាចបញ្ជាក់បានថាវាអាចនាំអ្នកដំណើរទៅកន្លែងមានសុវត្ថិភាព បើសិនជាមានបញ្ហាអ្វីមួយកើតឡើង ក្នុងអំឡុងពេលបាញ់បង្ហោះ។ ការបាញ់បង្ហោះនេះបានចាប់ផ្ដើមឡើងនៅថ្ងៃអាទិត្យ បន្ទាប់ពីមានអាកាសធាតុមិនល្អកាលពីថ្ងៃសៅរ៍ ដែលបង្ខំឲ្យមានការពន្យារពេល២៤ម៉ោង។ ចំណែកលោក Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរ SpaceX បានឲ្យដឹងថា បេសកកម្មដំបូងរបស់អវកាសយានិកអាចនឹងចាប់ផ្ដើមឡើងឆាប់នៅខែមេសា។

 រ៉ុក្កែត Falcon 9 នៅពេលបាញ់បង្ហោះ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ
 រ៉ុក្កែត Falcon 9 នៅពេលបាញ់បង្ហោះ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ

ក្នុងអំឡុងពេលនៃការសាកល្បងហោះហើរកាលពីថ្ងៃអាទិត្យ រ៉ុក្កែត Falcon 9 របស់ SpaceX បានពន្លត់ម៉ាស៊ីនរបស់ខ្លួន បន្ទាប់ឡើងពីដីបានជាង១៦គីឡូម៉ែត្រ ក្នុងល្បឿនយ៉ាងលឿន។ ក្នុងពេលជាមួយគ្នានេះ គម្របក្បាលរ៉ុក្កែតដែលមានផ្ទុកយាន Crew Dragon បានផ្ដាច់ខ្លួនចេញពីតួរ៉ុក្កែត ហើយម៉ាស៊ីនរបស់យានបានបញ្ឆេះឡើងក្នុងរយៈពេលដប់វិនាទី ដើម្បីរុញយានឡើងនិងឆ្ងាយពីរ៉ុក្កែត។ យាន Crew Dragon បានប្រើកម្លាំងរុញច្រានលើយាន ដើម្បីតម្រង់ទិសដៅយាន នៅពេលវាត្រឡប់មកផែនដីវិញ។ ឆ័ត្រយោងពីរឈុតបានបន្ថយល្បឿនរបស់យាន មុនពេលវាធ្លាក់ចូលមហាសមុទ្រអាត្លង់ទិក៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T