មិត្តភាពជាទំនាក់ទំនងដែលមិនអាចខ្វះបាន។ អ្នកសប្បាយរីករាយបំផុត នៅពេលមានមនុស្សថ្មីៗ ឈានជើងចូលក្នុងជីវិតអ្នក។ អ្នកប្រាកដជាធ្លាប់សួរខ្លួនឯងថា ម្នាក់នោះជាមិត្តល្អ ឬទេ? ស្មោះត្រង់ហើយឬនៅ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពាក្យថា «មិត្តល្អ» មិនមែនសំដៅលើការរាប់អានគ្នាក្នុងរយៈពេលយូរអង្វែងនោះទេ។ ប៉ុន្តែអត្ថន័យនៃមិត្តល្អគឺជាមនុស្សដែលតែងតែនៅក្បែរអ្នក ជួយអ្នក លើកទឹកចិត្តនៅពេលដែលអ្នកជួបបញ្ហា ហើយមិនបោះបង់អ្នកបើទោះបីទើបតែស្គាល់គ្នាក្នុងរយៈពេលខ្លីក៏ដោយ។
មិត្តខ្លះចូលមកក្នុងជីវិតអ្នក ត្រឹមតែដើម្បីចង់បានផលប្រយោជន៍ និងភាពចាំបាច់តែប៉ុណ្ណោះ។ នៅពេលដែលយើងជាមនុស្សអស់ផលប្រយោជន៍សម្រាប់គេ គេនឹងចាកចេញដោយមិនអើពើ បើទោះបីឃើញយើងកំពុងមានទុក្ខ និងកំពុងត្រូវការជំនួយយ៉ាងខ្លាំងក៏ដោយ។

ចំណែកមិត្តខ្លះមិនមែនត្រឹមតែមានឈ្មោះថាមិត្តភក្តិទេ ប៉ុន្តែពួកគេគឺជាផ្នែកមួយនៃជីវិត ក្រៅពីគ្រួសាររបស់យើង។ មិត្តល្អម្នាក់របស់យើង គឺជាមនុស្សពីរនាក់ដែលមានបេះដូងតែមួយ។ មិត្តម្នាក់នោះជាមនុស្សដែលអ្នកទុកចិត្តបំផុត ក្នុងការចែករំលែកអាថ៌កំបាំងគ្រប់រឿងពី ខ្លួនឯងដោយគ្មានក្តីបារម្ភពីការលេចឮដល់ជនទីបី ឬធ្វើរឿងឲ្យកាន់តែយ៉ាប់ជាងមុនឡើយ៕