ណាសាបញ្ចេញផែនទីមួយដែលបង្ហាញពីវត្តមានទឹកកកនៅខាងក្រោមផ្ទៃភពអង្គារ

//s5.kh1.co/a9/a9cd3b3ee3295ee51c466276961dba6c78741f5d.jpg
បច្ចេកវិទ្យា

 ១៣-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ ទឹកជាកត្តាមួយដ៏ចាំបាច់បំផុតនៅពេលយើងចង់ធ្វើការសិក្សារុករកកន្លែងផ្សេងទៀតក្រៅពីភពផែនដីសម្រាប់រស់នៅ។ ការរកឃើញវត្តមាននៃទឹកនៅលើភពផ្សេងជារឿងមួយដ៏ល្អព្រោះយើងអាចមានប្រភពទឹកសម្រាប់ការទទួលទានទ្រទ្រង់ជីវិត និងម្យ៉ាងទៀតសម្រាប់បង្កើតជាឥន្ធនៈប្រើប្រាស់ជាមួយគ្រាប់រ៉ុកកែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះអង្គការណាសាបានបញ្ចេញផែនទីមួយដែលបង្ហាញប្រាប់អំពីទីតាំងនៃទឹកកកនៅលើភពអង្គារ ហើយអ្នកស្រាវជ្រាវបង្កើតផែនទីនេះឡើងដោយសារពួកគេជឿថាសមាសធាតុគីមីនៅតំបន់នោះអាចកកបាន។ នៅតំបន់មួយចំនួននៃភពអង្គារ ទឹកកកស្ថិតនៅក្រោមផ្ទៃភពត្រឹម ២.១សង់ទីម៉ែត្រតែប៉ុណ្ណោះ ហើយវាអាចជាឱកាសមួយសម្រាប់អ្នកស្រាវជ្រាវមកកាន់តំបន់នេះនៅពេលអនាគតបាន។

ពណ៌ឥន្ទធនូនៅលើផែនទីបង្ហាញពីវត្តមានទឹកកកនៅលើភពអង្គារ
ពណ៌ឥន្ទធនូនៅលើផែនទីបង្ហាញពីវត្តមានទឹកកកនៅលើភពអង្គារ

លោក Sylvain Piqueux ដែលធ្វើការនៅមន្ទីរពិសោធន៍ Jet Propulsion របស់ណាសាបានមានប្រសាសន៍ថាយើងមិនចាំបាច់ត្រូវការឡានជីករកទឹកកកទេ តែអ្វីដែលយើងត្រូវការគឺប៉ែលមួយប៉ុណ្ណោះ។ ការរកឃើញវត្តមានទឹកកកពិតជាមានសារៈសំខាន់ ពីព្រោះវាអាចជួយដល់បេសកកម្មដឹកនាំមនុស្សទៅភពអង្គារ និងអាចជួយកំណត់ទីតាំងសម្រាប់គម្រោងនានាដូចជាមូលដ្ឋានភពអង្គារដែលបានគ្រោងទុករបស់កម្មវិធី SpaceX ជាដើម។ ពិតណាស់យើងមិនអាចដឹកទឹកពីផែនដីមកកាន់ភពអង្គារសម្រាប់ការប្រើប្រាស់បានឡើយ ហេតុនេះហើយការរកឃើញប្រភពទឹកនៅលើភពអង្គារពិតជាអាចជួយសម្រួលបានយ៉ាងច្រើនដល់ការរស់រានមានជីវិតនៅទីនោះ។

ទីក្រុងដែលជាគម្រោងរបស់ SpaceX ក្នុងការបញ្ជូនមនុស្សឲ្យទៅរស់នៅភពអង្គារ
ទីក្រុងដែលជាគម្រោងរបស់ SpaceX ក្នុងការបញ្ជូនមនុស្សឲ្យទៅរស់នៅភពអង្គារ

ទោះជាយ៉ាងណាក៏ដោយដោយសារភពនេះមានបរិយាកាសស្តើង ទើបប្រភពទឹកភាគច្រើននៅលើផ្ទៃរបស់វាអាចហួតយ៉ាងឆាប់រហ័ស។ ជាមួយនឹងផែនទីថ្មីនេះអ្នកស្រាវជ្រាវមានប្លង់គោលមួយសម្រាប់កំណត់កន្លែងដែលត្រូវចាប់ផ្តើមបេសកកម្ម ហើយចុងក្រោយគឺការបញ្ជូនអវកាសយានិកទៅភពព្រះអង្គារ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T