ប៉ារីស៖ ក្រុមជើងខ្លាំងបារាំង Paris Saint-Germain បានបន្តភាពមិនដែលចាញ់របស់ខ្លួនក្នុងពូល A ក្រោយបំបាក់ក្រុមភ្ញៀវ Galatasaray យ៉ាងចាស់ដៃដោយលទ្ធផល៥ទល់នឹង០ ក្នុងព្រឹត្តិការណ៍ Champions League កាលពីយប់មិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងការប្រកួតនេះ ក្រុមម្ចាស់ផ្ទះ PSG មានឱកាសសម្រុកដាក់គំនាបច្រើនទៅលើក្រុមភ្ញៀវ ដោយស៊ុតបានរហូតដល់១៤ជើង ចំគោលដៅ១០ដង បំប៉ោងសំណាញ់ទីបាន៥គ្រាប់ ចំណែកឯក្រុមភ្ញៀវ ស៊ុតបាន៣ជើងប៉ុណ្ណោះ មិនចំគោលដៅសូម្បីម្ដង។
៥គ្រាប់របស់ក្រុមម្ចាស់ផ្ទះ ធ្វើបានដោយកីឡាករ៥រូបផ្សេងគ្នា គ្រាប់ទី១រកបានដោយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនកីឡាករ Mauro Icardi គ្រាប់ទី២ទម្លុះសំណាញ់ទីដោយកីឡាករ Pablo Sarabia គ្រាប់ទី៣ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីលកីឡាករ Neymar ចំណែកឯគ្រាប់ទី៤ បំប៉ោងសំណាញ់ទីតាមរយៈខ្សែប្រយុទ្ធវ័យក្មេងកីឡាករ Kylian Mbappe និងគ្រាប់ទី៥ ជាការស៊ុតបាល់ពិន័យ១១ម៉ែត្របានយ៉ាងល្អពីសំណាក់កីឡាករ Edinson Cavani។
ដូច្នេះក្រោយបញ្ចប់ការប្រកួត ក្រុមម្ចាស់ផ្ទះ PSG បានទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Galatasaray ក្នុងលទ្ធផល៥ទល់នឹង០។
តាមរយៈលទ្ធផលនេះ បានជួយឲ្យក្រុម PSG បន្តឈរកំពូលតារាងក្នុងពូល A ទទួលបានកៅអីឡើងទៅលេងវគ្គ១៦ក្រុមចុងក្រោយ ខណៈក្រុម Galatasaray ឈរចំណាត់ថ្នាក់លេខ៤ ធ្លាក់វគ្គជម្រុះក្នុងពូល៕
បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖