អង់គ្លេស៖ យោងតាមសេចក្ដីថ្លែងការណ៍របស់ក្លិប Tottenham Hotspurs បានអោយដឹងថាក្លិបបានតែងតាំងលោក Jose Mourinho ជាគ្រូបង្វឹកថ្មីជំនួសលោក Mauricio Pochettino ជាមួយនឹងកុងត្រារហូតដល់បញ្ចប់រដូវកាល ២០២២/២៣។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Jose ជាគ្រូបង្វឹកដ៏ជោគជ័យ១រូបក្នុងវិស័យបាល់ទាត់ លោកមានបទពិសោធន៍ច្រើនក្នុងការដឹកនាំ ដោយលោកធ្លាប់ដឹកនាំក្លិបល្បីៗជាច្រើននៅអឺរ៉ុបរួមមានក្លិប FC Porto, Inter Milan, Chelsea, Real Madrid និង Manchester United។

មិនត្រឹមតែប៉ុណ្ណោះលោក Jose ក៏ធ្លាប់ជោគជ័យខ្លាំងក្នុងលីគកំពូលប្រទេសអង់គ្លេស ដោយធ្លាប់ដឹកនាំក្រុម Chelsea ឈ្នះពាន Premier League ចំនួន៣ដង ដូច្នេះលោកពិតជាស័ក្ដសមក្នុងការមកដឹកនាំក្រុម Tottenham។

យ៉ាងណាមិញលោកក៏ធ្លាប់ដឹកនាំក្រុមឈ្នះពានរង្វាន់អឺរ៉ុបធំៗផងដែរ ដោយធ្លាប់ជួយក្រុម Porto និងក្រុម AC Milan ឈ្នះពាន Champions League និងដឹកនាំក្រុមបិសាចក្រហម Manchester United ឈ្នះពាន Europa League។

លោក Jose បាននិយាយពីការមកដឹកនាំក្រុម Tottenham ថា៖
"ខ្ញុំពិតជារំភើបណាស់ដែលបានចូលរួមជាមួយក្លឹបដែលមានកេរ្តិ៍ឈ្មោះ និងអ្នកគាំទ្រដ៏អស្ចារ្យ។ ទាំងក្រុមឈុតធំ និងយុវជនថ្នាលសុទ្ធតែមានគុណភាពដែលនេះពិតជាធ្វើអោយខ្ញុំរំភើបណាស់។ បានធ្វើការជាមួយកីឡាករទាំងអស់នេះ ជាការទាក់ទាញចំណាប់អារម្មណ៍អោយមកទីនេះ។"
ចំណែកឯប្រធានក្លិប Tottenham លោក Daniel Levy បាននិយាយថា៖
"ពួកយើងទទួលបានគ្រូបង្វឹកដ៏ជោគជ៏យបំផុតក្នុងវិស័យបាល់ទាត់។ Jose គាត់មានបទពិសោធសំបូរបែប ហើយថែមទាំងមានតិចនិកខ្ពស់ក្នុងការជំរុញនិងលើកទឹកចិត្ត។ គាត់បានឈ្នះពានរង្វាន់នៅគ្រប់ក្លឹបដែលគាត់បានបង្វឹក៕"
ប្រភព៖ tottenhamhotspur