ជម្លោះនិងការបាត់បង់ឱកាសនៅកន្លែងការងារជាច្រើនត្រូវបានបង្កឡើងដោយពាក្យសម្តី ជាអ្វីមួយដែលអ្នកមិនអាចយកមកវិញបាននៅពេលដែលនិយាយហួសទៅហើយ។ ខាងក្រោមនេះ គឺជាពាក្យសម្តីមួយចំនួនដែលគេមិនគួរប្រើជាដាច់ខាតនៅក្នុងកន្លែងការងារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. «វាមិនមែនជាតួនាទីរបស់ខ្ញុំឡើយ»
នៅក្នុងក្រុមហ៊ុន ឬ ស្ថាប័នមួយ បុគ្គលិកពិតជាជៀសមិនផុតពីការពឹងពាក់គ្នា ទោះបីជាពួកគេមកពីផ្នែកខុសគ្នាក៏ដោយ។ បុគ្គលិកឆ្លាតវៀងវៃ និងពូកែរមែងចេះជួយទុក្ខធុរៈរបស់មិត្តរួមការងារ ក៏ប៉ុន្តែពុំមែនជួយរហូតដល់ទៅភ្លេចការងាររបស់ខ្លួនឯងនោះឡើយ។
ទោះជាយ៉ាងនេះក្តី អ្នកពុំគួរប្រើពាក្យសម្តីនេះឡើយ ព្រោះវាបង្ហាញពីភាពប្រកាន់ខ្លួន ឬវាយឬករបស់អ្នក។ ប្រសិនជាអ្នកកំពុងតែមមាញឹកជាមួយនឹងការងាររបស់អ្នក ឬពុំមានសមត្ថភាពធ្វើអ្វីដែលគេសុំឲ្យជួយ អ្នកគួរតែប្រាប់គេតាមត្រង់វិញ ទើបល្អជាង៕
២. «ពីដើមមក គេធ្វើតែអ៊ីចឹង!»
អ្នកអាចនឹងនិយាយពាក្យមួយឃ្លានេះ នៅពេលដែលមិត្តរួមការងារណាម្នាក់បានស្នើរនូវគំនិតថ្មីមួយដែលត្រូវនឹងចូលមកជ្រៀតជ្រែកនូវទម្លាប់ចាស់នៅកន្លែងការងារ។ វាបង្ហាញថាអ្នកជាមនុស្សដែលមានការប្រយ័ត្នប្រយែង ក៏ប៉ុន្តែក្នុងពេលជាមួយគ្នាដែរ វាក៏បង្ហាញផងដែរថា អ្នកគឺជាមនុស្សដែលពុំមានគំនិតច្នៃប្រឌិត។
នៅក្នុងការងារមួយ អ្នកពុំអាចរីកចម្រើនបានដោយគ្រាន់តែចេញចូលធ្វើការទាន់ម៉ោង ឬ គោរពតាមទម្លាប់ដដែលៗរហូតនោះទេ ពោលគឺត្រូវមានគំនិតច្នៃប្រឌិតក្នុងការបំពេញការងារ និងដោះស្រាយបញ្ហានានា។
ដូច្នេះហើយ ប្រសិនជាអ្នកមិនយល់នឹងគំនិតរបស់គេ អ្នកគួរតែលើកហេតុផលរបស់អ្នកមកពន្យល់គេជាជាងការនិយាយបែបនេះ។
៣. «សុំសួរដូចឆោត...»
នៅពេលដែលអ្នកនិយាយពាក្យបែបនេះទៅកាន់មិត្តរួមការងារណាម្នាក់ វាហាក់ដូចជាអ្នកកំពុងតែប្រាប់គេថា «ខ្ញុំឆ្លាតជាងអ្នកឯង» ទោះបីអ្នកចង់ឬមិនចង់ក៏ដោយ។ ប្រសិនជាអ្នកប្រើពាក្យនេះនៅពេលដែលអ្នកកំពុងតែឈ្លោះប្រកែកជាមួយគេវានឹងធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង ហើយបង្កជាភាពល្អក់កករនៅក្នុងទំនាក់ទំនងនៅទីកន្លែងការងារ។
ជំនួសឲ្យពាក្យសម្តីនេះ អ្នកអាចនិយាយថា៖ «ខ្ញុំយល់ពីគំនិតរបស់អ្នកក៏ប៉ុន្តែ...» ឬ «អ្នកនិយាយត្រូវខ្លះដែរ ក៏ប៉ុន្តែ...» ដើម្បីបង្ហាញពីការគោរពរបស់អ្នកចំពោះអ្នកដទៃ ក៏ដូចគំនិតយោបល់ដែលផ្ទុយពីអ្នក។
៤.«គ្មានបញ្ហា!»
នៅពេលដែលចៅហ្វាយនាយរបស់អ្នកដាក់ការងារអ្វីមួយមកឲ្យអ្នកធ្វើ ហើយអ្នកបានឆ្លើយតបទៅវិញថា «គ្មានបញ្ហា» ដោយសារតែអ្នកគិតថា អ្នកពិតជាអាចបំពេញការងានោះបាន តើអ្នកគិតថា គាត់នឹងមានអារម្មណ៍យ៉ាងណាដែរប្រសិនជា អ្នក «មានបញ្ហា» នៅក្នុងការងារនោះ? មុនពេលធ្វើអ្វីការងារមួយ មនុស្សឆ្លាតតែងតែគិតពីបញ្ហាដែលអាចនឹងកើតមានឡើង ហើយត្រៀមខ្លួនប្រឈមនឹងបញ្ហាទាំងនោះ។
ការដែលគ្រាន់តែនិយាយថា «គ្មានបញ្ហា» មិនត្រឹមតែមិនអាចបង្ការបញ្ហាបាននោះទេ ថែមទាំងអាចធ្វើឲ្យទទួលការសើចចំអក ហើយក្លាយជាមនុស្សដែលគេលែងទុកចិត្តថែមទៀតផង។
៥. «អយុត្តិធម៌ណាស់!»
ជាការពិតណាស់ មានរឿងជាច្រើននៅក្នុងលោកដែលអ្នកគិតថា គឺជារឿងអយុត្តធម៌ ក៏ប៉ុន្តែការនិយាយពាក្យនេះនឹងបង្ហាញពីភាពមិនដឹងក្តី និងឆាប់ចុះចាញ់របស់អ្នក។ ក្រៅពីនិយាយ តើអ្នកមិនអាចធ្វើផ្សេងទៀតបានទេឬ? អ្នកគួរតែព្យាយាមធ្វើអ្វីមួយជាការឆ្លើ់យតបនឹងទង្វើអយុត្តិធម៍ជាជាងការដើរស្រែកប្រាប់គេឯងថា៖ «អយុត្តិធម៌ណាស់ៗ»។