ពពោះ ៩ខែ ១០ថ្ងៃ ខំបំប៉នគ្រប់មុខដើម្បីឲ្យកូនសុខភាពល្អ។ កូនកើតមកហើយ រឹតតែត្រូវថែ ជាពិសេសកូនកាន់តែធំ កាន់តែលូតលាស់ អ្វីដែលត្រូវប្រយ័ត្ន និងត្រូវដឹងបំផុតនោះគឺរបបអាហារ។ ការដឹងពីរបបអាហារដែលកូនត្រូវការដើម្បីលូតលាស់ ប្រឆាំងនឹងជំងឺផ្សេងៗ ជាជំនួយសំខាន់ជួយឲ្យកូនសុខភាពល្អ។ ប៉ាម៉ាក់គ្រប់រូបគួរដឹងពីការរៀបចំទុកដាក់សម្រាប់កូន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១- អាយុ៦ខែ
អាហារូបត្ថម្ភសំខាន់សម្រាប់ក្មេងក្រោមអាយុ ១ឆ្នាំ គ្មានអ្វីក្រៅពីទឹកដោះគោ និងទឹកដោះម្តាយទេ។ ពេលអូនៗឈានដល់អាយុ ៦ ខែ អូនៗត្រូវការរបបអាហារបន្ថែមខ្លះ ព្រោះសារធាតុចិញ្ចឹមរបស់ទឹកដោះគោ មិនគ្រប់គ្រាន់ទេ។
ម៉ាក់ៗអាចចាប់ផ្ដើមផ្ដល់ប្រភេទអាហាររឹងៗខ្លះៗ ដូចជា ពពួកបន្លែ សាច់ និងអាហារធញ្ញជាតិ ដើម្បីបង្គ្រប់សារធាតុផ្សេងៗ ដែលទឹកដោះគោមិនមាន (ជាតិដែក និងស័ង្កសី)។ បបរខាប់គ្រប់គ្រឿងជាជម្រើសអាហារបំប៉នបន្ថែមល្អបំផុត សម្រាប់ទារកដែលមានអាយុពី ៦ខែឡើង។
២- ក្រោយ១ខួប
ក្មេងដែលស្ថិតក្នុងវ័យទើបដើរតេសតាស់ ទើបចូលរៀនមត្តេយ្យ អាយុក្រោយ ១ខួប ដល់ក្រោម ៥ឆ្នាំ សុទ្ធតែស្ថិតក្នុងដំណាក់កាលលូតលាស់ខ្លាំងក្នុងរយៈពេលខ្លី។
កូនយើងអាចញ៉ាំច្រើននៅថ្ងៃនេះ ហើយអត់សោះនៅថ្ងៃបន្ទាប់ ហេតុនេះហើយ ម៉ាក់ៗគួរព្យាយាមផ្ដល់ឲ្យកូននូវរបបអាហារសម្បូរសារធាតុចិញ្ចឹមច្រើន។
សារធាតុចិញ្ចឹមដែលម៉ាក់ប៉ាគួរយកចិត្តទុកដាក់នោះ គឺកាល់ស្យូម។ វាមានតួនាទីសំខាន់ ក្នុងការលូតលាស់រាងកាយរបស់កូន ជាពិសេសឆ្អឹង និងធ្មេញ។ យើងគួរព្យាយាមឲ្យកូនទទួលសារធាតុនេះបានច្រើន ទោះបីជាគេមិនចូលចិត្តក៏ដោយ។
ចំពោះអូនតូចដែលមានប្រតិកម្មនឹងសារធាតុ ឡាក់តូស ក្នុងទឹកដោះគោ អាចឲ្យគេញុំាទឹកដោះគោ ដែលគ្មានជាតិឡាក់តូស ទឹកសណ្ដែក តៅហ៊ូ ត្រីសាឌីន (Sardines) ទឹកក្រូច ដែលមានជាតិកាល់ស្យូម គ្រាប់ធញ្ញជាតិ នំពុម្ព ស្រូវសាឡី ឬក៏ប្រភេទអាហារដែលមានជាតិកាល់ស្យូមផ្សេងៗជំនួស។ ពេទ្យអាចណែនាំឲ្យអូនៗប្រើសារធាតុបំប៉នបន្ថែមផងដែរ។
សារធាតុចិញ្ចឹមមួយទៀតដែលក្មេងខ្វះមិនបាន គឺជាតិកាកសរសៃ។ វាសម្បូរក្នុងបន្លែ ផ្លែឈើ នំបុ័ងធ្វើពីអង្ករសម្រូប និងគ្រាប់សណ្តែក។ វាមិនត្រឹមតែជួយការពារកូនពីជំងឺបេះដូងទេ ថែមទាំងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ធ្វើឲ្យអាកម្រនឹងមានបញ្ហាទល់លាមកផ្សេងៗ។ ម៉ាក់ៗគួរព្យាយាមឲ្យកូនញុំាអាហារសម្បូរកាកសរសៃឲ្យបានច្រើន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet