ថៃ៖ រូបភាពប៉ុន្មានសន្លឹក បាននឹងកំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម បន្ទាប់ពីនារីម្នាក់បានថតរូប Selife ដេកនៅលើដំបូលឡាន ក្រោយជួបនឹងគ្រោះថ្នាក់ចរាចរណ៍មួយ ជាហេតុធ្វើឲ្យគ្រប់គ្នាហាក់សម្ដែងការហួសចិត្តជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នារីរងគ្រោះខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា នាង Jintamas Nacum ។
យ៉ាងណាមិញ បន្ទាប់ពីរូបភាពដែល Jintamas បានដេក Selfie នៅលើដំបូលឡាន ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ រហូតល្បីសុះសាយពេញលើបណ្តាញសង្គមនោះ នៅទីបំផុតនាង Jintamas ក៏បានឆ្លើយតបទៅនឹងមូលហេតុនៃដំណើររឿងមួយនេះផងដែរ។
តាមការឲ្យដឹងពី Jintamas បាននិយាយថា រូបភាពនៅក្នុងថ្ងៃកើតហេតុនោះ គឺបានកើតឡើងតាំងតែពីឆ្នាំមុនមកម៉្លេះ។ ពោលគឺ កាលពីកំឡុងខែសីហា ឆ្នាំ២០១៨ ដែលគ្រោះថ្នាក់ចរាចរណ៍នេះ ស្ថិតនៅក្នុងខេត្ត Nakhon Pathom ប្រទេសថៃ ប៉ុន្តែទើបតែត្រូវបានមិត្តភក្តិនាងជាច្រើន បាននាំគ្នាស៊ែ (Share) ឡើងវិញ និងខ្លះទៀតយកទៅបង្ហោះជាថ្មី ដោយសារតែពួកគេដឹងថា នាងត្រៀមចូលសវនាការនៅថ្ងៃទី៥ កញ្ញា ខាងមុខនេះ ជុំវិញនឹងករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ។ នាងក៏មានការភ្ញាក់ផ្អើលផងដែរ នៅពេលដែលឃើញរូបភាពទាំងអស់នេះ។

Jintamas បាននិយាយទៀតថា នៅក្នុងថ្ងៃកើតហេតុនោះ នាងហើយនឹងមិត្តប្រុសរបស់នាង បានឌុបគ្នាជិះម៉ូតូធំទៅផ្ទះ ដោយចេញពីស្រុក Nakhon Chai Si ទៅស្រុក Salaya ខេត្ត Nakhon Pathom ។ នៅពេលនោះក៏ស្រាប់តែមានរថយន្តខ្មៅមួយគ្រឿង (Toyota Hilux) បានជិះបត់មកកាត់មុខម៉ូតូនាង ដោយពុំមានឲ្យសញ្ញាអ្វីជាមុនទាល់តែសោះ (ខុសច្បាប់) ដែលជាហេតុធ្វើឲ្យមិត្តប្រុសរបស់នាង ចាប់ហ្រ្វាំងឈប់ម៉ូតូមិនទាន់ក៏ជ្រុលបុកគ្នាតែម្តង (បុកចំចំហៀងឡាន)។

Jintamas បានបន្តថា នៅពេលនោះ នាងក៏បានប៉ើងទៅទើរនៅលើដំបូលរថយន្តនោះ ខណៈឯមិត្តប្រុសរបស់នាងវិញ បានបុកក្បាលទៅនឹងកញ្ចក់រថយន្តបែកខ្ទេចខ្ទី។ ជាសំណាងល្អ ដែលពុំបានរងរបួសក្បាលធ្ងន់ធ្ងរ ដោយសារតែបានមួកការពារជួយ។ ប៉ុន្តែមិនថាយ៉ាងណា មិត្តប្រុសរបស់នាងក៏បានរងរបួសដោយមុតនឹងអំបែងកញ្ចក់ឡានត្រូវផ្នែក ក និងដេរអស់១០ថ្នេរផងដែរ។
Jintamas បានពន្យល់ប្រាប់ថា នាងមិនមានចេតនា ឬបំណងក្នុងការថត Selfie បែបនេះ ដើម្បីបង្ហោះបង្អួតមនុស្សគ្រប់គ្នានៅលើបណ្តាញសង្គមឲ្យបានឃើញនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ អ្វីដែលនាងធ្វើនេះ ក៏ដោយសារតែម្ចាស់រថយន្តនោះ ពុំមានធានារ៉ាប់រងក្នុងការជួយដោះស្រាយ ដូច្នេះហើយទើបបានជានាងថត Selfie ដើម្បីទុកជាភស្តុតាងតែប៉ុណ្ណោះ។

Jintamas បានឲ្យដឹងទៀតថា ជាង១ឆ្នាំមកនេះ ម្ចាស់រថយន្តនោះ ពុំបានទាក់ទងមកនាងដើម្បីសុំទោស ឬផ្តល់សំណងសម្រាប់ការចំណាយទៅលើថ្លៃពេទ្យ និងការខូចខាតនោះឡើយ។ ផ្ទុយទៅវិញ នាងហើយនឹងមិត្តប្រុសបានចំណាយលុយខ្លួនឯងអស់ជាច្រើន ដើម្បីជួសជុលម៉ូតូធំនោះវិញ និងការចំណាយផ្សេងទៀតៗ។
«ពួកយើងបានចំណាយអស់ខ្ទង់ ៦០០,០០០បាត (ឬប្រហែលជិត ២ម៉ឺនដុល្លារអាមេរិក) ក្នុងការជួសជុលម៉ូតូ។ នេះមិនទាន់បូកបញ្ចូលថ្លៃចំណាយទៅលើមន្ទីរពេទ្យផង។ ហើយខ្ញុំក៏មិនដែលទទួលបានពាក្យ “សុំទោស” សូម្បីតែមួយម៉ាត់ពីម្ចាស់ឡាននោះឡើយ»
គួរឲ្យដឹងផងដែរថា មិនថាយ៉ាងណា តាមប្រភពបានឲ្យដឹងថា នៅខែក្រោយនេះ ភាគីទាំងសងខាងនឹងត្រូវបង្ហាញវត្តមាននៅតុលាការជាលើកដំបូង ជុំវិញនឹងរឿងក្តីនេះផងដែរ៕
តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?
