ភ្នំពេញ៖ ក្រុមហ៊ុន Grab កម្ពុជាបានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុនបានបញ្ចុះតម្លៃគោលរាល់ការជិះតុកតុកនៅក្នុងទីក្រុងភ្នំពេញ ដោយមានគោលបំណងផ្ដល់ជូនសេវាដ៏ល្អបំផុតជាមួយនឹងតម្លៃសមរម្យសម្រាប់អ្នកដំណើររបស់ខ្លួន ក៏ដូចជាធានាថា ប្រាក់ចំណូលរបស់ដៃគូបើកបរនៅអាចរក្សាដដែល ឬមានការកើនឡើង។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែសីហា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹងយុទ្ធនាការថ្មីនេះ តម្លៃគោលជាអប្បបរមាសម្រាប់ការកក់តុកតុក តាមរយៈកម្មវិធីកក់ការធ្វើដំណើរតាមទូរស័ព្ទដៃរបស់ Grab នឹងត្រូវបានចុះតម្លៃពី ៣.០០០ រៀល មកនៅត្រឹម ២.៥០០ រៀល ហើយតម្លៃក្នុងគីឡូបន្ទាប់គឺនៅរក្សាដដែល ដែលក្នុងមួយគីឡូម៉ែត្រគឺ ១.០០០ រៀល។
Grab បញ្ជាក់ថា ក្នុងអំឡុងពេលនៃយុទ្ធនាការនេះ (ចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣១ ខែសីហា) ក្រុមហ៊ុននឹងបញ្ចុះកម្រៃជើងសារពី ១៥% មកនៅត្រឹមតែ ៥% ប៉ុណ្ណោះ។ Grab ក៏បានបន្ថែមទៀតថា ជាមួយនឹងការផ្តល់ជូនដ៏ពិសេសនេះ Grab មានបំណងក្នុងការផ្តល់ភាពងាយស្រួលមួយកម្រិតទៀត ទៅលើជម្រើសនៃសេវាដឹកជញ្ជូនដ៏ច្រើនសន្ធឹកសន្ធាប់ ដោយមិនមានប៉ះពាល់ដល់ដៃគូបើកបររបស់ខ្លួន។
ស្របពេលដែល Grab បានឈានចូលដល់ឆ្នាំទី២ នៃប្រតិបត្តិការរបស់ខ្លួន ចាប់តាំងពីដាក់ឲ្យដំណើរការនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០១៧ មក ក្រុមហ៊ុនតែងតែធ្វើការវាយតម្លៃ និងធ្វើការវិវត្តន៍លើគំរូតម្លៃរបស់ខ្លួនជានិច្ច ដើម្បីធានាថាក្រុមហ៊ុនពិតជាបានផ្តល់តម្លៃដ៏សមរម្យបំផុតនៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងមួយនេះ។
ក្រៅពីការផ្ដល់តម្លៃសមរម្យឈានមុខគេក្នុងទីផ្សារ Grab ក៏បានផ្តល់សេវាដល់អ្នកដំណើរ និងដៃគូបើកបរផងដែរ ជាមួយនឹងមុខងារថ្មីៗបំផុតនៅក្នុងកម្មវិធី ដោយផ្តោតទៅលើភាពងាយស្រួល សុវត្ថិភាពសម្រាប់អ្នកដំណើរ និងដៃគូបើកបរ។ ជាមួយនេះផងដែរ Grab ក៏បានផ្តល់ឲ្យដៃគូបើកបរនូវអត្ថប្រយោជន៍ជាច្រើនទៀត ដើម្បីជួយឲ្យពួកគាត់ប្រកបការងារកាន់តែមានប្រសិទ្ធភាព និងផលិតភាពការងារផងដែរ៕